website_news:2016190901

លោក ហ៊ុន ម៉ានី សួរសុខទុក្ខស្ត្រីរងគ្រោះ ដែលត្រូវមេការ រោងចក្រជនជាតិចិន ប្រើអំពើហិង្សា

(http://www.cen.com.kh) ថ្ងៃទី 17 កញ្ញា 2016, ម៉ោង 09:32:AM | ដោយ: ដាវុធ

ភ្នំពេញ: លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា បានអញ្ជើញជួបជាមួយ ប្អូនស្រី សួង ស្រីនិត ជាជនរងគ្រោះម្នាក់ ដែលត្រូវបានមេការរោងចក្រ ប្រើអំពើហិង្សា ក្នុងទីក្នុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ខណៈពេលលោក និងគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំ 2nd Annual Commemoration of WARP Summit ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ានី ពិតជាមានការស្លុតអារម្មណ៍ អាណិតប្អូនស្រី សួង ស្រីនិត នៅពេលដែលឃើញ សភាពជាក់ស្ដែង និងការរៀបរាប់ ទាំងក្ដុកក្ដួលរបស់នាង ដែលលោកបានសន្យាថា នៅពេលចប់កិច្ចប្រជុំ នៅសាធារណរដ្ឋកូរ៉េ ត្រឡប់ទៅកម្ពុជាវិញ ក្នុងនាមលោក ជាតំណាងរាស្ត្រ ហើយជនរងគ្រោះ រស់នៅខេត្តដែលលោក ជាតំណាងរាស្ត្រផងនោះ លោកនឹងរៀ់បចំបែបបទ ដើម្បីជម្រាបទៅស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង បន្ថែមបន្ទុកពីលើកំណត់ទូត របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានធ្វើទៅ ស្ថាប័នប៉ូលិសតំបន់ Pochun ខេត្ត Gyonggi-do នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ លោកបានឲ្យដឹងទៀតថា អំឡុងពេលនេះ នៅសាធារណរដ្ឋកូរ៉េ គឺកំពុងអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌធំ ឬហៅថា បុណ្យ Chusok ហើយស្ថានប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវបានឈប់សម្រាក ជាហេតុធ្វើឲ្យចំណាត់ការ នៃស្ថាប័នប៉ូលិស មានការយឺតយ៉ាវខ្លះ។

មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានបញ្ជាក់ថា ជាការឆ្លើយតបយ៉ាង អួលអាក់របស់ប្អូនស្រី សួង ស្រីនិត ប្អូនស្រី គ្មានអ្វីស្មើក្រៅពីសំពះ អរគុណ និងមានសង្ឃឹមជឿជាក់ ទៅលើចំណាត់ការ របស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងលោក ឡុង ឌីម៉ង់ និងក្រុមការងារ ដែលបានសស្រាក់សស្រាំ ក្នុងការការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ របស់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដី កូរ៉េនេះ ។ ក្នុងពេលនោះ ស្ត្រីរងគ្រោះ បានសំណូមពរឲ្យថ្នាក់ដឹកនាំ ស្វែងរកយុត្តិធម៌ជូនគាត់ ក៏ដូចជាពលរដ្ឋ ដែលរងគ្រោះដទៃទៀតផងដែរ ៕N/S

website_news/2016190901.txt · Last modified: 2017/03/12 16:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki