website_news:2016190902

ទូតខ្មែរនៅក្រៅប្រទេស បន្តជួយការពារ និងសង្គ្រោះ ពលរដ្ឋខ្មែរ

(http://www.dap-news.com/kh) ថ្ងៃសៅរ៍, ១៧ កញ្ញា ២០១៦ 09:34 ដោយ: ស៊ាន កុសល ID:049

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតកម្ពុជា បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង របស់ស្ថានតំណាងនៅក្រៅប្រទេស ដែលតែងតែយកចិត្តទុក្ខដាក់ ជួយដល់ពលរដ្ឋខ្មែរ ដែលមានបញ្ហា និងជួបការលំបាក ដែលរងគ្រោះដោយការជួញដូរ និងរងអំពើហិង្សាលើ នេះបើយោងតាមសេចក្តីជូន ព័ត៌មានរបស់លោក ជុំ សុន្ទរី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី១៧ កញ្ញានេះ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស បានបង្ហាញថា កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១០យប់ មានករណីមេការជា ជនជាតិចិនម្នាក់ បានប្រើអំពើហិង្សា និងបៀតបៀន មកលើពលការិនីខ្មែរ ម្នាក់ឈ្មោះ សួង ស្រីនិត អាយុ ២៨ឆ្នាំ មកពីខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ភូឆន់ ខេត្តខ្យងគីដូ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមការងារស្ថានទូត បានជួបផ្ទាល់ជាមួយជនរងគ្រោះ ស្ដាប់ការលើកឡើង និងសំណូមពររបស់ជនរងគ្រោះ បានផ្ដល់ថវិកា និងបានយកជនរងគ្រោះទៅពិនិត្យក្បាលនៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពធ្ងន់ធ្ងរ ។

លោកបន្តថា បន្ថែមពីលើនេះ ក្រុមការងារស្ថានទូតបានទាក់ទងប្ដឹង ទៅប៉ុស្ដិ៍ប៉ូលីសនៅតំបន់ភូឆន់ ដើម្បីឃាត់ខ្លួនជនដៃដល់ មកទទួលទោសតាមច្បាប់ ហើយនៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ស្ថានទូតបានចេញកំណត់ទូតមួយច្បាប់បន្ថែមទៀត ផ្ញើជូនស្ថាប័នប៉ូលីសតំបន់ភូឆន់ ដើម្បីដាក់បន្ទុកក្នុងការប្ដឹងទៅជន ដៃដល់ ។ ពេលនេះ ពលការិនី សួង ស្រីនិត បានធូរស្រាលច្រើនហើយ បន្ទាប់ពីបានសម្រាក និងប្រើថ្នាំតាមវេជ្ជបញ្ជា ។ ដោយសារអំឡុងពេលនេះ ស្ថិតក្នុងពេលពិធីបុណ្យភ្ជុំធំ របស់សាធារណរដ្ឋកូរ៉េ ស្ថាប័នរដ្ឋ ទាំងអស់ឈប់សម្រាក ជាហេតុបណ្ដាលឱ្យសំណុំរឿងនេះ មានការយឺតយ៉ាវខ្លះ ។ ក្រុមការងារ នឹងបន្ដទាក់ទងជាប់ជាមួយប៉ុស្ដិ៍ប៉ូលីស ដើម្បីតាមដានចំណាត់ការ របស់អាជ្ញាធរប៉ូលីស ។

ដោយឡែកនៅប្រទេស វៀតណាមវិញ លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១០:០០ព្រឹក ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានទទួលពត៌មានថា មានករណីស្ត្រីខ្មែររងគ្រោះដែលត្រូវគេជួញដូរ ចំនួន ០៣នាក់ កំពុងជាប់ឃុំក្នុងផ្ទះសំណាក់មួយ នៅវៀតណាម ។ តាមសំណើសុំរបស់ស្ថានទូត និងដោយមានកិច្ចសហការពី ក្រសួងការបរទេស នគរបាលវៀតណាម បានរកឃើញនារីទាំង០៣ នាក់នោះ និងមេខ្យល់ជនជាតិវៀតណាមម្នាក់ នៅក្នុងខេត្តម៉ុងកាយ ជាប់ទល់ដែនប្រទេសចិន មានចំងាយ ៣៥០ គ.ម ពីទីក្រុងហាណូយ ។ លោកបព្ជាក់បន្ថែមថា ស្ថានទូតបានស្នើសុំអោយនគបាលវៀតណាម ជួយថែរក្សានារីទាំង ៣នាក់នេះ ហើយស្ថានទូតបានចាត់មន្រ្តី ឲ្យធ្វើដំណើរទៅទទួលយកមកស្ថានទូត ដើម្បីរៀបចំបែបបទត្រឡប់ ទៅកម្ពុជាវិញ ៕

website_news/2016190902.txt · Last modified: 2017/03/12 16:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki