website_news:2016190904

ប៉ូលិសថៃចាប់ពលរដ្ឋខ្មែរ៦នាក់ចូលកាប់ឈើក្នុងតំបន់ហាមឃាត់

(http://www.cen.com.kh) ថ្ងៃទី 18 កញ្ញា 2016, ម៉ោង 04:23:PM) | ដោយ: ឧត្តម

ភ្នំពេញ: ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ ស៊ីឈ្នួលចូលទៅក្នុងតំបន់ហាមឃាត់កាប់ឈើ គ្រញូង នៅក្នុងទឹកដីថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន នៅស្រុកមឿង ខេត្តស្រះកែវកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ នៅពេលឃាត់ខ្លួនប៉ូលិសថៃបានដកហូតឈើ គ្រញូងចំនួន៣៣ដុំ។ប្រជាពលរដ្ឋខ្មែរទាំង ៦នាក់ ត្រូវបានក្រុមតម្រួតថៃ ប្រគល់ទៅអោយជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាបន្ទាប់ពីបានទទួលព័ត៍មានពីសំណាក់ទាហានជួរមុខតាមបន្ទាត់ ព្រំដែនពីការដឹកឈើ គ្រញូង របស់រថយន្ត ចំនួន៣គ្រឿង ដែលកំពុងបើក បរតាមបណ្តោយ ផ្លូវសុវណ្ណាខន ឆ្ពោះទៅកាន់ ខេត្តស្រះកែវ ។ ក្រោយពីទទួល បានព័ត៌មាននេះភ្លាម កម្លាំងបានបោះដៃ ទាក់ទង ទៅកាន់ស្ថានីយ៍តម្រួតខ្លងមី ប្រចាំស្រុកមឿង ខេត្តស្រះកែវ ដើម្បីដាក់បារ៉ាស់ស្កាត់ មិនអោយរថយន្ត នេះគេចបាន ព្រមទាំងបានផ្តល់សញ្ញា អោយរថយន្តទាំង ៣គ្រឿងនេះ ឈប់ដើម្បីធ្វើការត្រួតពិនិត្យ នៅត្រង់ចំណុចខាងមុខ មន្ទីរពេទ្យវឌ្ឍនាណាក់ខន ។

ផ្ទុយទៅវិញ គឺមានរថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តទាំង ៣គ្រឿងនោះ ម៉ាក Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៧៣៦៩ បានបើករត់ដោយបានបំពាន ទៅលើបារ៉ាស់ ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយកង់រថយន្តត្រូវបែកមិនអាចបើកបរទៅមុខទៀតបាន ទើបអ្នកបើកបរវ័យក្មេង និងទើបតែមានអាយុ ១៨ឆ្នាំ បានបើកទ្វារអោយកម្មករ ខ្មែរចំនួន៦នាក់ ដែលជិះនៅក្នុងរថយន្ត រត់គេចខ្លួនតែមិនអាចគេចផុតបានទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួន បានទាំងអស់លើកលែងតែ អ្នកបើកបររថយន្តចំនួន ពីរគ្រឿងដែលឈប់ សំចតត្រឹមត្រូវនោះ បានរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ ក្រុមតម្រួតបានយកត្រាក់ទ័រ មកអូសយករថយន្ត ដែលបែកកង់ទៅកាន់ស្ថានីយ៍ តម្រួតខេត្តស្រះកែវ ព្រមទាំងបានពិនិត្យឃើញថា រថយន្ត ទាំងនេះមានផ្ទុក ឈើគ្រញូង សរុបមានចំនួន ៣៣ កំណាត់ ដោយអ្នកបើកបរវ័យក្មេង រូបនោះបានសារភាពថា ការដឹកឈើគ្រញូងនេះគឺខ្លួនគ្រាន់តែជាអ្នក ស៊ីឈ្នួលបើករថយន្ត អោយថៅកែធំ ដែលជាឈ្មួញឈើតែប៉ុណ្ណោះ គឺបានទទួលកម្រៃក្នុងមួយជើង ១ម៉ឺនបាត ។ចំណែកកម្មករខ្មែរទាំង៦នាក់ ក៏ជាអ្នកស៊ីឈ្នួលចូលទៅក្នុង តំបន់ហាមឃាត់ដើម្បីកាប់ឈើ គ្រញូងនោះដែរ ដើម្បីទទួលបានប្រាក់ បន្តិចបន្ទួចគ្រាន់ចិញ្ចឹមជីវិត។ បច្ចុប្បន្នកម្មករខ្មែរទាំង ៦នាក់ ត្រូវបានក្រុមតម្រួតថៃ ប្រគល់ទៅអោយជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលកាប់ឈើក្នុងដីថៃ តែងតែរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានថៃបណ្តាលឲ្យស្លាប់និងរបួស និងចាប់ដាក់គុក៕s/t

website_news/2016190904.txt · Last modified: 2017/03/12 17:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki