website_news:2016190906

កម្មវិធីថ្មីរបស់ទីភ្នាក់ងារ USAID មានគោលដៅជួយការពារជនរងគ្រោះពីការជួញដូរមនុស្ស

(http://khmer.voanews.com) 16 កញ្ញា 2016

សហរដ្ឋអាមេរិក បានប្តេជ្ញាផ្តល់ថវិកាបន្ថែម និងចាប់អនុវត្តផែនការថ្មីក្នុងការលុបបំបាត់ការជួញដូរមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

មន្រ្តីនៃសេតវិមាន បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍មួយថា៖ «ដើម្បីគាំទ្រឲ្យមានការផ្តោតយកចិត្តទុកដាក់បន្ថែមលើបញ្ហានៃការជួញដូរមនុស្ស និងការធ្វើអន្តោប្រវេសន៍មិនប្រក្រតីនានា លោកប្រធានាធិបតី អូបាម៉ា បានប្រកាសដាក់ផែនការសកម្មភាពរយៈពេល៥ឆ្នាំដែលមានលក្ខណៈកាន់តែទូលំទូលាយបន្ថែមទៀតឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)»។ ផែនការថ្មីនេះ នឹងចំណាយថវិកាចំនួន ១២លានដុល្លារអាមេរិកសម្រាប់ឆ្នាំដំបូងទៅលើការការពារនិងការជួយទំនុកបម្រុងជនរងគ្រោះ ដែលក្រុមអ្នកជំនាញ និងអ្នកធ្វើការផ្នែកនេះបាននិយាយថាបញ្ហានេះ ត្រូវបានគេមើលរំលងនៅពេលដែលអាជ្ញាធរផ្តោតតែទៅលើការកាត់ទោស។

លោក Matthew Smith សហស្ថាបនិកនៃអង្គការសិទ្ធិមនុស្សមួយឈ្មោះថា Fortify Rights បាននិយាយថា ប្រទេសថៃមានភាពខ្វះខាតផ្នែកគោលនយោបាយក្នុងការធានាការពារជនរងគ្រោះ។ លោកបានប្រាប់ VOA ថា៖ «ប្រទេសថៃនៅតែបន្តការឃុំឃាំងជនដែលរួចផុតពីគ្រោះថ្នាក់ ជនភៀសខ្លួន បុរស ស្រ្តី និងកុមារជាច្រើន។ ទាំងអស់នេះ សុទ្ធតែជាបញ្ហា ពីព្រោះនៅពេលដែលជនភៀសខ្លួនមិនទទួលបានការការពារ ហានិភ័យនៃការជួញដូរមនុស្សនឹងកើនឡើងបន្ថែម។ ម្យ៉ាងទៀតសង្គមស៊ីវិល ក៏ត្រូវបានគេដាក់ទណ្ឌកម្មទៀត នេះ គឺជាបញ្ហាដ៏ធំនៅក្នុងប្រទេសនេះ»។

លោក Smith បានបន្តថា គាត់ជឿជាក់ថាការបន្ថែមធនធាន និងហិរញ្ញវត្ថុក្នុងតំបន់ នឹងជួយគាំទ្រអង្គការនានាដែលអាចប្រើប្រាស់ឥទ្ធិពលរបស់គេលើគោលនយោបាយរបស់រដ្ឋាភិបាលនានាក្នុងតំបន់នេះ។ លោក បានបន្ថែមថា៖ «ក្នុងទំហំធនធានកាន់តែច្រើនដែលបានផ្តល់នេះ យើងជឿជាក់ថា វានឹងផ្តល់នូវផលវិជ្ជមានលើគោលនយោបាយនានាក្នុងប្រទេសថៃ។ ការណ៍នេះ ជាជំហានវិជ្ជមាននៃរដ្ឋបាលលោកអូបាម៉ា ដែលបានប្តេជ្ញាផ្តល់ធនធានបន្ថែមទៀតក្នុងការលុបបំបាត់ការជួញដូរមនុស្ស»៕

website_news/2016190906.txt · Last modified: 2017/03/12 17:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki