website_news:2016191001

ក្រុមហ៊ុន ស្របច្បាប់៦៩ មានសិទ្ធិបញ្ចូន ពលករខ្មែរ ទៅធ្វើការ នៅបរទេស

(http://dap-news.com/kh) ថ្ងៃពុធ, ១៩ តុលា ២០១៦ 11:21 ដោយ: បាន សុខរិទ្ធិ ID:049

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនស្របច្បាប់ ចំនួន៦៩ មានសិទ្ធិបញ្ជូនពលករខ្មែរ ទៅធ្វើការងារ នៅបរទេសបាន ក្នុងនោះ ក្រុមហ៊ុន VC Manpower Co., Ltd ទើបបានទទួល សិទ្ធិកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ។

របាយការណ៍បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលមានសិទ្ធិបញ្ជូនពលករ ទៅធ្វើការងារនៅប្រទេសថៃចំនួន ៤៦ , ម៉ាឡេស៊ីចំនួន ៤៤, ជប៉ុនចំនួន ៥៩ និងប្រទេសមួយចំនួន នៅក្នុងតំបន់អារ៉ាប់ចំនួន ១៤ក្រុមហ៊ុន ដោយឡែកពលករ ដែលទៅធ្វើការនៅកូរ៉េខាងត្បូង មិនមានក្រុមហ៊ុន ឯកជនបញ្ជូនទៅឡើយ ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា ការដែលមិនមាន ក្រុមហ៊ុនឯកជនមាន សិទ្ធិបញ្ចូនពលករខ្មែរ ទៅធ្វើការនៅ សាធារណរដ្ឋកូរ៉េនោះ ដោយសារមានការឯកភាព រវាងរដ្ឋ និងរដ្ឋ ។ លោកបានបន្តថា “សម្រាប់សាធារណៈរដ្ឋកូរ៉េនេះ គឺរដ្ឋាភិបាលកូរ៉េគាត់កំណត់ថា ជាប្រព័ន្ធរដ្ឋ និងរដ្ឋ មានន័យថា ឯកជនមិនមានពាក់ព័ន្ធ នឹងការបញ្ជូននេះទេ អីចឹងហើយទើបមិនមានទីភ្នាក់ងារ ឯកជនណាមួយមានសិទ្ធិ បញ្ជូនទៅសាធារណរដ្ឋកូរ៉េទេ” ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបញ្ជាក់ថា អ្វីដែលធ្វើរាល់ថ្ងៃនេះ (ការបញ្ជូនពលករខ្មែរទៅកូរ៉េខាងត្បូង) គឺធ្វើឡើងរវាងក្រសួងការងារ កូរ៉េ និងក្រសួងការងារខ្មែរ ហើយក្រសួងការងារកូរ៉េ មានតំណាងមួយប្រចាំនៅកម្ពុជា ដើម្បីពិនិត្យ និងអនុវត្តយន្តការជ្រើសរើស ផ្សេងៗ ។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធីចុះហត្ថលេខាត្រីភាគី លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកម្មវិធី ការងារសមរម្យ សម្រាប់កម្ពុជា ឆ្នាំ២០១៦-២០១៨ នៅថ្ងៃ១៩ តុលា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេស មានប្រហែល ៨ ទៅ៩ពាន់នាក់ ក្នុងមួយខែ ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១៥ ប្រជាពលរដ្ឋទទួលការងារថ្មី បានចំនួន ៥១៨.៨៤៧នាក់ (ស្ត្រី ៣០០.៦០៣នាក់) ក្នុងនោះ ក្នុងប្រទេសចំនួន ៣២១.៨៨៩នាក់ (ស្ត្រី ២១៣.៦២៣នាក់) និងក្រៅប្រទេសចំនួន ១៩៦.៩៥៨នាក់ (ស្ត្រី ៨៦.៤៩៩នាក់) ដោយក្នុងនោះទៅប្រទេសថៃ ចំនួន ១១១.៣០៦នាក់ (៤២.៨២២នាក់), កូរ៉េខាងត្បូង ៤៤.៣៣០នាក់ (ស្ត្រី ៨.៣៨៤នាក់), ជប៉ុន ២.២៨៨នាក់ (ស្ត្រី ១.៣៩៦នាក់), ម៉ាឡេស៊ី ៣៨.៦៣៣នាក់ (ស្ត្រី ៣៣.៩៧៧នាក់), និងប្រទេសសិង្ហបុរី ៤០១នាក់ (ស្ត្រីទាំងអស់) ៕

website_news/2016191001.txt · Last modified: 2017/03/13 11:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki