website_news:2016191005

កម្ពុជា-ម៉ាឡេស៊ី-ឥណ្ឌូនេស៊ីៈក្រសួងការបរទេសរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី

(http://www.rasmeinews.com) ដោយ ៖ ថ្ងៃទី 19 តុលា 2016 ម៉ោង 11:09:AM

(ភ្នំពេញ)៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍(IOM)នៅទីក្រុងហ្សាការតា កំពុងរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ៣នាក់ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីនៅខេត្តMedan ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៦ ក្នុងពេលឃាត់ទូកនេសាទបរទេសមួយគ្រឿងដែលបានចូលនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ី។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ពលករខ្មែរទាំង៣នាក់ ដែលមកពីខេត្តព្រៃវែង ទី១ មានឈ្មោះម.ស.ម ទី២ ឈ្មោះ ផ.ភ និងទី៣ ឈ្មោះ អ.ច បានជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ ប្រចាំកំពង់ផែ Belawan ក្នុងខេត្ត Medan។ ក្រោយ ពីមានការស៊ើបអង្កេតរួចមក អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ពួកគេជាជនរងគ្រោះដោយការរត់ ពន្ធមនុស្ស ហើយបានដោះលែង តាមសំណើរបស់ស្ថានទូតកម្ពុជា។ ពលករខ្មែររងគ្រោះទាំង៣នាក់ខាងលើ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH762 ។

ក្នុងពេលជាមួយគ្នា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏កំពុងរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ឈ្មោះ រ.ល.ម អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ដែលបានទៅប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ២០១៥និងធ្វើការស្របច្បាប់នៅរោងចក្រផលិតស្រោមដៃ។ ដោយធ្វើការលំបាកពេក ពលករបាន ស្នើសុំអោយស្ថានទូតជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់លិខិតឆ្លងដែនអោយពលករវិញ។ ពលករ រ.ល.មនឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH762 ៕

website_news/2016191005.txt · Last modified: 2017/03/13 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki