website_news:2016191006

បារាំង៖ ស្ត្រីម្នាក់ប្រកបរបររកស៊ីផ្លូវភេទជាង១ឆ្នាំដើម្បីរកប្រាក់បង់រំលោះរថយន្តឲ្យស្វាមី

(https://thmeythmey.com) និពន្ធដោយ : ធីតា October-17-2016, 7:39 am

ស្ត្រីម្នាក់ត្រូវបានតុលាការនៅសង្កាត់ Dax តំបន់ Landes ប្រទេសបារាំង ពីបទប្រកបរបររកស៊ីផ្លូវភេទជាង១ឆ្នាំនៅតាមសណ្ឋាគារ ដើម្បីរកលុយបង់រំលោះថ្លៃរថយន្តឲ្យស្វាមី។ តុលាការក៏បានកាត់ទោសស្វាមីផងដែរ ដោយអ្នកទាំងពីរបានព្រមព្រៀងគ្នាក្នុងការប្រកបរបរបែបនេះ។

សារព័ត៌មានអនឡាញ France Bleu បានផ្សាយឲ្យដឹងថា កាលពីចុងខែកញ្ញា កន្លងមក តុលាការនៅសង្កាត់ Dax ប្រទេសបារាំង បានបើកសវនាការលើសំណុំរឿងស្ត្រីម្នាក់ ដែលបានប្រកាសផ្តល់សេវាកម្មម៉ាស្សានៅលើគេហទំព័រ Vivastreet។ ការស៊ើបអង្កេតបានរកឃើញថា ស្ត្រីនេះ បានប្រកបរបរបម្រើសេវាកម្មផ្លូវភេទ ដោយទទួលបានភ្ញៀវយ៉ាងហោចណាស់២០នាក់ក្នុងមួយខែនៅសណ្ឋាគារចំនួន៥ក្នុងសង្កាត់ Dax។ ការបម្រើសេវាកម្មផ្លូវភេទ បានធ្វើឲ្យស្ត្រីដែលមានកូនពីររូបនេះ រកចំណូលបាន៤៨០០០អឺរ៉ូក្នុងមួយឆ្នាំ ហើយរៀងរាល់ខែ គាត់បានទុក១៦០០អឺរ៉ូដើម្បីបង់ធានាគារ។ នោះជាការបង់រំលោះរថយន្តម៉ាក Dodge ដែលស្វាមីបានទិញក្នុងតម្លៃ២៥០០០អឺរ៉ូ។

ចំណូលរបស់ស្ត្រីរូបនេះ បានធ្វើឲ្យមានការសង្ស័យ ពីព្រោះគេសង្កេតឃើញថា គាត់ និងស្វាមី សុទ្ធតែគ្មានការងារធ្វើច្បាស់លាស់ បើទោះបីជាគាត់បានចុះបញ្ជីអាជីវកម្មម៉ាស្សារបស់ខ្លួនតាំងពីខែឧសភា ឆ្នាំ២០១៥ ក៏ដោយ។

តុលាការបានកាត់ទោសដោយពិន័យស្ត្រីរូបនោះ ចំនួន២០០០អឺរ៉ូ ហើយស្វាមីដែលជំរុញឲ្យភរិយាប្រកបរបររកស៊ីផ្លូវភេទ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ខែពីបទពេស្យាកម្ម ប៉ុន្តែត្រូវព្យួរ ខណៈបុរសជាស្វាមីមិនមានវត្តមានក្នុងសវនាកាឡើយ៕

website_news/2016191006.txt · Last modified: 2017/03/13 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki