website_news:2016191201

មុននេះបន្តិច ! ចោទសិប្បកម្ម«ជាងផល្លា»ថា កេងប្រវ័ញ្ច និងបោកប្រាស់កម្លាំងពលកម្ម

(https://kohsantepheapdaily.com.kh) ដោយ ៖ យន់ ស៊ីថា ថ្ងៃអាទិត្យ (18-12-2016 17:05)

រាជធានីភ្នំពេញ ៖ កម្មករកាត់ដេរសិប្បកម្ម«ជាងផល្លា»បាននាំគ្នាទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ដោយចោទប្រកាន់ម្ចាស់សិប្បកម្មថា កំពុងកេងប្រវ័ញ្ច និងបោកប្រាស់កម្លាំងពលកម្មរបស់ពួកគេ ដោយប្រើកម្មករមិនព្រមបើកប្រាក់ខែឲ្យ ។

ក្រុមកម្មករទាំងនោះនិយាយថា សិប្បកម្មកាត់ដេរ «ជាងផល្លា» មានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោម ចៅ ខណ្ឌណោធិ៍សែនជ័យ ដែលមានលក្ខណៈជាគ្រួសារ ហើយមានកម្មករបម្រើការងារនៅក្នុងនោះតែ៩នាក់ប៉ុណ្ណោះ គឺទទួលស៊ីឈ្នួលដេរឲ្យរោងចក្រនានា មិនតែប៉ុណ្ណោះកន្លះខែត្រូវបើកប្រាក់ឈ្នួលឲ្យកម្មករម្ដង ក្នុង១ខែបើក២ដង ដែលក្នុងម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពីជាង២០០ដុល្លារទៅ៣០០ដុល្លារ ។

ក្រុមកម្មករបានបន្តថា ប៉ុន្មានខែកន្លងមកថៅកែបានបើកប្រាក់ឲ្យទៀងទាត់ មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ ប៉ុន្តែនៅក្នុងខែធ្នូនេះ ស្រាប់តែមានការរកាំរកូសរហូតដល់ថ្ងៃទី១៨ទៅហើយមិនទាន់បើកប្រាក់ខែឲ្យទៀត ធ្វើឲ្យពួកគេមានការជ្រួលច្របល់គ្រប់ៗគ្នា ហើយដោយសារតែថៅកែនោះមិនព្រមទទួលខុសត្រូវ ទើបពួកគេនាំគ្នាជួលម៉ូតូរ៉ឺម៉កកង់បីជិះធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅដើម្បីស្វែងរកការអន្តរាគមន៍តែម្ដង ។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅកាន់សិប្បកម្មនោះ ហើយត្រូវបានថៅកែសិប្បកម្ម ប្រាប់ថា ពិតជាមានការការយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលជូនកម្មករមែន គឺដោយសារតែពួកគេដេរខោអាវខុស ហើយខាងលើគេមិនទាន់ទម្លាក់លុយឲ្យ ទើបមិនទាន់មានលុយបើកឲ្យក្រុមកម្មករ ហើយបានសំណូមពរឲ្យកម្មកររង់ចាំ៣-៤ថ្ងៃទៀតសិន កុំអាលជ្រួលច្របល់ ៕

website_news/2016191201.txt · Last modified: 2017/03/16 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki