website_news:2016191202

ចាប់ជនល្មើស បង្ហោះវីដេអូអាក្រាតកាយក្មេងស្រី ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក

(http://www.cen.com.kh/local) (ថ្ងៃទី 16 ធ្នូ 2016, ម៉ោង 04:30:PM) | ដោយ: ដាវុធ

ភ្នំពេញ: សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបចាប់ខ្លួនជនប្រព្រឹត្តបទល្មើសម្នាក់ ដែលបានយករូបភាពដោះអាវ ដោះខោ (អាក្រាតកាយ) របស់នារីម្នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ (អនីតិជន) ទៅបង្ហោះលើគេហទំព័រ និងអាសយដ្ឋានហ្វេសប៊ុករបស់ខ្លួន ដើម្បីទាក់ទាញឲ្យអ្នកផ្សេងទៀត ចូលមើលនៅក្នុងគេហទំព័រ និងហ្វេសប៊ុករបស់ខ្លួន ដើម្បីផលប្រយោជន៍។ អគ្គស្នងការរងនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា ក្នុងករណីខាងលើនេះ ជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង តាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោស។ ទាក់ទងទៅនឹងបញ្ហានេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំងនគរបាលជាតិ សូមជម្រាបជូនសាធារណជន ក៏ដូចជាជនរួមជាតិទាំងអស់ជ្រាបថា ការធ្វើសកម្មភាពយករូបភាព ឬសម្ភារៈអាសអាភាស ពិសេសទាក់ទងអនីតិជនទៅបង្ហោះ ឬចែកចាយផ្សព្វផ្សាយនេះ គឺជាអំពើល្មើសច្បាប់ ដែលមានចែងក្នុងមាត្រ៤០ និងមាត្រា៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើផ្លូវភេទ ដែលត្រូវផ្តន្ទាទោសយ៉ាងម៉ត់ចត់ និងម៉ឺងម៉ាត់។

ឆ្លៀតក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអំពាវនាវដល់សាធារណជន ក៏ដូចជាជនរួមជាតិទាំងអស់ ឲ្យជ្រាបថា នេះជាអំពើល្មើសច្បាប់ ហើយដែលមិនគួរគប្បីនឹងអនុវត្ត ឬក៏ធ្វើការផ្សព្វផ្សាយ ឬក៏ប្រព្រឹត្តនូវបញ្ហានេះទេ។ ដោយសារថា ទី១.ច្បាប់បានកំណត់ដាក់ទោសទណ្ឌយ៉ាងច្បាស់លាស់ គឺពី២ឆ្នាំទៅ៥ឆ្នាំ ហើយអាចពី៥ឆ្នាំទៅ១០ឆ្នាំ និងអាចពី១០ឆ្នាំទៅ២០ឆ្នាំ តាមកម្រិតនៃអំពើល្មើសដែលទាក់ទងនឹងរូបភាព និងសម្ភារៈ ទាក់ទងនឹងអំពើអាក្រាតរបស់អនីតិជន ហើយទី២.គឺជាវប្បធម៌ ជាសីលធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលយើងរក្សាបានប្រពៃណីល្អ យើងតែងតែទទួលបានការប្រៀនប្រដៅ ពីចាស់ទុំ ដូនតា ឳពុកម្តាយ ទាក់ទងនឹងការរម្យទម សុភាពរាបសារ របស់កុលបុត្រ កុលធីតាខ្មែរ។

ដូច្នេះឆ្លៀតឱកាសនេះ កងកម្លាំងនគរបាលជាតិ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវហើយអំពាវនាវទៀតដ៏ទទូច សូមឲ្យយល់បានរឿងនេះ ហើយសូមកុំប្រព្រឹត្តអំពើដ៏ខុសច្បាប់នេះ ដែលជាអំពើលាមក ដែលប្រជាពលរដ្ឋ និងសង្គមខ្មែរយើងស្អប់ខ្ពើម ៕

website_news/2016191202.txt · Last modified: 2017/03/16 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki