website_news:2016191203

ពលករនៅតែបន្ដសម្រុកចេញទៅធ្វើការនៅប្រទេសថៃជាច្រើននាក់ក្នុងមួយថ្ងៃៗ

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 16/12/2016

ខេត្តបាត់ដំបង ៖ ពលករខ្មែរនៅតែបន្ដសម្រុកចេញទៅធ្វើការងារនៅប្រទេសថៃកាត់តាមច្រកទ្វាព្រំដែនតំបន់ភ្នំដីជាច្រើនាក់ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសនៅរដូវប្រមូលផលដំណាំចំការ ។

យោងតាមការស្រង់ព៌តមានពីការិយាល័យយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះបានអោយដឹងថា៖ នៅវេលាម៉ោង៤.៣០នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូកន្លងមកនេះមានពលករខ្មែរទាំងប្រុស ទាំងស្រីចំនួន៥៩២នាក់បានឆ្លងដែនចូលទៅក្នុងទឹកដីថៃជាខេត្តដែលជាប់ព្រំដែនគ្នានិងខេត្តបាត់ដំបង។ ការធ្វើចំណាកស្រុកចូលរបស់ពលករយ៉ាងច្រើនខាងលើនេះបានចេញដោយឆ្លងកាត់តាមច្រកតំបន់ព្រំដែនភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងក្នុងគោលបំណងទៅកាប់អំពៅដែលកសិករជនជាតិថៃដាំដុះលើផ្ទៃដីរាប់រយហិកតាហើយត្រូវការកម្លាំងរឹងមាំដើម្បីប្រមូលផលដំណាំចំការផ្សេងៗទាំងនេះ។

ទន្ទឹមគ្នានេះដែរនៅវេលាម៉ោង៤.៤០នាទីល្ងាចថ្ងៃដដែល អាជ្ញាធរនិងសមត្ថកិច្ចរបស់ថៃក៍បានចាប់ពលករខ្មែរចំនួន២១នាក់ផ្សេងទៀតបញ្ជូនមកស្រុកកំណើតវិញតាមច្រកព្រំដែនភ្នំដីនេះ ដែលពួកគេបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ទាំងប្រថុយប្រថានតាមការអូសទាញរបស់មេខ្យល់ រួចគេនាំយកទៅទំនាក់ចោលគ្មានការទទួលខុសត្រូវ។ ពលករខ្មែរទាំងអស់ខាងលើដែលថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញនេះជាប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននានាក្នុងស្រុកភ្នំព្រឹក សំពៅលូននិងស្រុកបវេលជាដើម។

មន្ដ្រីប្រចាំទីស្នាក់ការទំនាក់ទំនងការងារកម្ពុជា ថៃប្រចាំច្រកទ្វាព្រំដែនតំបន់ភ្នំដីធ្លាប់បានប្រាប់អោយដឹងដែរថា៖ ការចេញចូលធ្វើចំណាកស្រុករបស់ពលករខ្មែរនេះភាគច្រើនទៅធ្វើការងារកាប់អំពៅដែលពលករខ្លះចេញទៅធ្វើការព្រឹក វិលមកវិញល្ងាចនិងខ្លះទៀតបំពេញបែបបទមានសិទ្ធរស់នៅក្នុងទឹកដីថៃរហូតដល់មួយសប្ដាហ៍ម្ដងដូចជាពលករមកពីខេត្តខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ ខេត្តពោធិសាត់និងខេត្តបាត់ដំបងផងដែរ។

គួរបញ្ជាក់ថា៖ កាលពីដើមខែធ្នូកន្លងនេះក្នុងរយះពេល៣ជាប់ៗគ្នាមានពលករខ្មែរសរុបចំនួន១២០០នាក់មកពីបណ្ដាខេត្តនានានៃប្រទេសកម្ពុជា បានសម្រុកចេញជាបន្ដរបន្ទាប់ទៅធ្វើការងារនៅក្នុងទឹកដីថៃខេត្តស្រះកែវតាមតម្រូវការរបស់សមាគមន៍ម្ចាស់ចំការថៃ ដែលខ្លះពួកគេធ្លាប់បានណាត់ជួបគ្នានៅរៀងរាល់ឆ្នាំក្នុងរដូវប្រមូលផលអំពៅឬបេះផ្លែមៀនជាដើម៕

website_news/2016191203.txt · Last modified: 2017/03/16 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki