website_news:2016191204

ថៃចាប់ពលករខ្មែរបញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែដាក់យ៉ាងចង្អៀត

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 16/12/2016

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលថៃថាខុសច្បាប់ចាប់បញ្ជូនមកវិញតាមរយៈរថយន្តទ្រុងជារថយន្តដឹកអ្នកទោស និងដឹកចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែជាបញ្ហាចោទ ព្រោះថាការដឹកជញ្ជូនរបស់ភាគីថៃគឺគេញាត់ណែនដូចកន្តំឈររឹងស្តូកមិនគិតពីផលលំបាករបស់កុមារតូចៗនិងអ្នកមានផ្ទៃពោះនោះទេ ។

តាមការកត់សម្គាល់រយៈពេល៣ខែចុងក្រោយនេះហាក់មានការកើនឡើង តែបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥អាចនិងធ្លាក់ចុះទៅវិញ ។ តាមរបាយការណ៍របស់មន្ត្រីនៅទីតាំងទទួលពលករបញ្ជូនពីថៃ ចំណុចផ្សារមង្គលក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតបានឪ្យដឹងថាពលករបញ្ជូនពីថៃ ដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០១៦ហាក់មានការកើនឡើងជាងកាលពីដើមឆ្នាំ ។ ប្រភពដដែលបន្តថាកាលពីដើមឆ្នាំពលករបញ្ជូនពីថៃ ខែខ្លះមានតែជាង២០០០នាក់ឬជាង៣០០០នាក់ លុះប៉ុន្មានខែចុងក្រោយនេះ ហាក់មានការកើនឡើងដោយក្នុងខែកញ្ញាមានចំនួន៤៨៤៣នាក់ ។ ខែតុលាមានចំនួន៤៨៣៥នាក់និងខែវិច្ឆិកាមានចំនួន៤៩១៩នាក់ ។ ប្រភពដដែលបន្តថាពលករសរុបក្នុងឆ្នាំ២០១៦គិតត្រឹមខែវិច្ឆិកាមានចំនួន៤៥.៩២៤នាក់ក្នុងនោះមានស្ត្រី១៥.០១៩នាក់កុមារ៤.១៤៤នាក់ដឹកតាមរថយន្តទ្រុងចំនួន១.០៧១ជើង ។

ថ្វីត្បិតតែចំនួនពលករបញ្ជូនត្រឡប់ពីថៃប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០១៦ហាក់មានការកើនឡើង ប៉ុនែ្តក្រុមមន្ត្រីនៅទីតាំងទទួលពលករប្រាប់ថា បើប្រៀបធៀបទៅនិងចំនួនពលករសរុបក្នុងឆ្នាំ២០១៥ ចំនួនពលករសរុបក្នុងឆ្នាំ២០១៦អាចនិងធ្លាក់ចុះគួរឪ្យកត់សម្គាល់ដែរ ។

ប្រភពដដែលបញ្ជាក់ថាចំនួនពលករសរុបក្នុងឆ្នាំ២០១៥មាន៥៩.៥៦៩នាក់ក្នុងនោះស្ត្រី១៩.៤៤២នាក់កុមារ៤.៦០៧នាក់ដឹកតាមរថយន្តទ្រុងចំនួន១.៣៤៦ជើង ។តាមការឃើញជាក់ស្តែង អាជ្ញាធរថៃចាប់ពលករខ្មែរបញ្ជូនមកវិញកាន់តែច្រើនឡើងៗ និងកាន់តែមានចរិកអាក្រក់ទៅៗ ប្រៀបដូចអត់មានមនុស្សធម៌ អត់មានគោរពសិទ្ធិមនុស្សទាល់តែសោះ ។

ឃើញប៉ុណ្ណឹងហើយ ល្មមខ្មែរទាំងឡាយចេះរាងហើយ ។ នៅក្នុងស្រុកមិនខ្វះទេការងារធ្វើមិនគួរនាំគ្នាទៅធ្វើកម្មករសំណង់ដ៏ល្ហេមល្ហាមនៅស្រុកគេបែបនេះទេ ៕

website_news/2016191204.txt · Last modified: 2017/03/16 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki