website_news:2016200101

ទូតខ្មែរ កំពុងស្វះស្វែងទាមទារសំណងឲ្យកម្មករខ្មែរ ដែលស្លាប់នៅថៃ

(http://km.rfi.fr/cambodia/2016/01/18/ )

ក្រោយពីទទួលបានដំណឹងពីការស្លាប់កម្មករខ្មែរ ៥នាក់ នៅលើទូកនេសាទថៃ កាលពីសប្តាហ៍មុន ស្ថានទូតខ្មែរ ប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ បាននិងកំពុងស្វះស្វែងទាក់ទងទៅកាន់ក្រុមហ៊ុនទូកនេសាទនោះ ដើម្បីទាមទារសំណងដល់ក្រុមគ្រួសារសព។ លើសពីនេះ ខាងមន្ត្រីខ្មែរ ក៏បាននិងកំពុង ស្វែងរកសាច់ញាតិសព ដើម្បីមកសម្រេចទទួលយកសព ថាគួរបូជា នៅប្រទេសថៃ ឬយកទៅធ្វើបុណ្យ នៅស្រុកកំណើតវិញ។ មកដល់ពេលនេះ ទើបតែមានសាកសពកម្មករខ្មែរ ២នាក់ ក្នុងចំណោមកម្មករខ្មែរ ដែលស្លាប់ទាំង ៥នាក់ ត្រូវបានបូជា នៅប្រទេសថៃ ក្រោយពេលស្ថានទូតខ្មែរ បានរកឃើញសាច់ញាតិរបស់ពួកគេ។

ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ នៅពេលនេះ បាននឹងកំពុងតែស្វែងរកគ្រួសារសពរបស់កម្មករខ្មែរ ៣នាក់ទៀត ដែលបានស្លាប់នៅលើទូកនេសាទថៃ តាំងពីចុងខែធ្នូ។ ការស្វែងរកនេះ គឺដើម្បីសម្រេចថា តើក្រុមគ្រួសារសព ចង់បូជានៅប្រទេសថៃ ហើយចង់យកត្រឹមធាតុទៅធ្វើបុណ្យ ឬចង់យកសាកសពទាំងមូល ទៅធ្វើបុណ្យនៅស្រុកកំណើតវិញ។ នេះបើតាមការឲ្យដឹងពីលោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលបានប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃទី ១៨មករានេះ។

តាមលោកជុំ សន្ទរី មកដល់ពេលនេះ មានសាកសពរបស់កម្មករខ្មែរ ២នាក់ហើយ ដែលត្រូវបានបូជា នៅក្នុងប្រទេសថៃ ក្រោយពេលដែលស្ថានទូតខ្មែរ បានរកឃើញសាច់ញាតិរបស់គេរួចមក។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះដដែល គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់កម្មករទាំងនោះ នៅឡើយទេ។ ប៉ុន្តែជាជំហ៊ានដំបូង មានការសង្ស័យថា ពួកគេទាំងនោះ ស្លាប់ដោយសារជំងឺឆ្លង ខណៈពេលដែលពួកគេបានចេញទៅធ្វើការតាមទូកនេសាទ នៅឯកណ្តាលសមុទ្រ។ ប៉ុន្តែពេលនេះ ក្រុមគ្រូពេទ្យថៃ កំពុងធ្វើកោសល្យវិច័យលើសាកសព ដើម្បីរកមូលហេតុច្បាស់លាស់។ តាមការចុះផ្សាយរបស់កាសែតថៃជាភាសាអង់គ្លេស PBS ក្រៅពីអ្នកស្លាប់ ក៏មានកម្មករខ្មែរ ២០នាក់ផ្សេងទៀត បាននិងកំពុងតែមានជំងឺ ហើយសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត Ranong ក្នុងប្រទេសថៃ។ នៅលើទូកនេសាទនោះ មានកម្មករខ្មែរសរុប ២៥នាក់ និងកម្មករសញ្ជាតិថៃ ៦នាក់។ ពួកគេទាំងនោះ ជាកម្មករ ដែលត្រូវបានបញ្ជូនទៅនេសាទត្រី នៅលើសមុទ្រឥណ្ឌា។

យ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ថា កម្មករថៃ ៦នាក់នោះ មានជំងឺដូចកម្មករខ្មែរ ទាំងនោះ ដែរឬយ៉ាងណានោះទេ។ កម្មករទូកនេសាទខ្មែរ ៥នាក់ដែលស្លាប់នោះ មាន៤នាក់ ទៅពីខេត្តសៀមរាប និងម្នាក់ទៀត ទៅពីខេត្តស្វាយរៀង។ ពួកគេទាំង ៥នាក់ មានអាយុប្រមាណពី ២០ ទៅ ២៥ឆ្នាំ។ ហើយបើទល់ពេលនេះ ក្រសួងការបរទេសខ្មែរ ក៏នៅមិនទាន់អាចបញ្ជាក់បានថា តើពួកគេទាំងនោះ ជាកម្មករស្របច្បាប់ ឬខុសច្បាប់នោះទេ ប៉ុន្តែពួកគេទាំងនោះ សុទ្ធតែមានកាន់នូវលិខិតឆ្លងដែន។ សូមបញ្ជាក់ថា ករណីកម្មករខ្មែរ ស្លាប់នៅប្រទេសថៃនេះ មិនមែនជាលើកទី១នោះទេ។ ពលរដ្ឋខ្មែរ បានធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ ដោយសារតែលក្ខខណ្ឌជីវភាព ហើយពួកគេត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសគឺការយកជីវិត ទៅផ្តូរនឹងការនេសាទផ្សងព្រេង លើផ្ទៃសមុទ្រ៕

website_news/2016200101.txt · Last modified: 2017/02/24 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki