website_news:2016200202

ពលករខ្មែរធ្វើការក្រៅប្រទេសជាង៦សែននាក់ទទទួលចំណូលជាមធ្យមក្នុងមួយឆ្នាំ ជាង១ពាន់លានដុល្លារ

(http://vayofm.com/news/19-02-2016 4:10 pm) ដោយ៖ Vayofm Teams

ស្ថានភាពពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសបច្ចុប្បន្ន មានចំនួន៦១៩ ៣៥៩នាក់។ នៅក្នុងនោះពលករខ្មែរបម្រើការងារនៅក្នុងប្រទេសថៃ មានចំនួន៥៣៣ ៧០៧នាក់ ប្រទេសម៉ាឡេស៊ីចំនួន ៣៨ ៦៣៣នាក់ ប្រទេសកូរ៉េចំនួន ៤៤ ៣៣០ ប្រទេសជប៉ុនចំនួន២ ២៨៨នាក់ និងប្រទេសសឹង្ហបូរីចំនួន៤០១នាក់។ ក្នុងនោះផងដែរចំណូលជាមធ្យមទទួលបាន ប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់១៨កុម្ភៈ។

យោងតាមសេចក្តីជូនដំណឹងដដែលបានឲ្យផងដែរថា នៅឆ្នាំ២០១៥ ក្រសួងការងារ បានផ្តល់សេវាមុខរបរនិងការងារជូនប្រជាពលរដ្ឋចំនួន៩៩ ៧០៨នាក់។ នៅក្នុងប្រទេសបានចំនួន៧៣ ៤០៨នាក់ និងការងារក្រៅប្រទេសបានចំនួន២៦ ៣០០នាក់ នៅក្នុងនោះរួមមានប្រទេសថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសឹង្ហបូរី។ នៅក្នុងទិសដៅអនុវត្តការងារឆ្នាំ២០១៦ដែលមានចំនួន១៤ចំនុច ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់កម្លាំងពលកម្ម ជាមួយបណ្តាប្រទេសដៃគូ ដើម្បីបង្កើតឱកាសការងារបន្ថែម ធានានូវលក្ខខណ្ឌការងារ ការការពារសិទ្ធិ និងភាពស្របច្បាប់ របស់ពលករកម្ពុជានៅក្រៅប្រទេស។ ពង្រឹងការផ្តល់បណ្ណការងារពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និងរៀបចំគ្រប់គ្រងពលករទេសន្តប្រវេសន៍តាមប្រព័ន្ធអេឡិចត្រូនិច ដោយសហការជាមួយប្រទេសទទួល៕(ដោយ៖អ៊ុន សុខឡា)

website_news/2016200202.txt · Last modified: 2017/02/27 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki