website_news:2016200204

ក្រសួងការងាររៀបចំគម្រោងបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅអារ៉ាប៊ីសាអ៊ូឌីត

(http://www.rfa.org/khmer/news/2016-02-19 )ដោយ សេក បណ្ឌិតៈ

មន្ត្រីនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរៀបចំក្រុមការងារបច្ចេកទេសតាក់តែងនូវលក្ខខណ្ឌច្បាប់ និងផែនការមួយចំនួនផ្សេងទៀត ទាក់ទងនឹងគម្រោងនាំពលករខ្មែរចេញទៅធ្វើការស្របច្បាប់នៅប្រទេសប្រទេសអារ៉ាប៊ីសាអ៊ូឌីត (SAUDI ARABIA)។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលបញ្ហាពលករចំណាកស្រុក ចង់ឲ្យរដ្ឋាភិបាលសិក្សាពីបញ្ហានេះ ឲ្យបានច្បាស់ដោយដកស្រង់បទពិសោធន៍ពីប្រទេសដែលមានបញ្ហាប្រឈមកន្លងមកមុននឹងសម្រេចចិត្តបញ្ជូនពលករចេញទៅក្រៅប្រទេសនោះ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនទាន់ហ៊ានប្រកាសជ្រើសរើសពលករខ្មែរឲ្យទៅធ្វើការងារស្របច្បាប់នៅប្រទេសប្រទេសអារ៉ាប៊ីសាអ៊ូឌីត នោះនៅឡើយទេរហូតមកដល់ពេលនេះ បើទោះបីរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង (MOU) ជាមួយគ្នារួចហើយក្ដី។ មន្ត្រីនាំពាក្យនៃក្រសួងការងារកម្ពុជា លោក ហេង សួរ មានប្រសាសន៍កាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ថា ក្រសួងត្រូវការពេលវេលាច្រើនក្នុងការរៀបចំរចនាសម្ព័ន្ធការងារគ្រប់គ្រង បណ្ដុះបណ្ដាល លក្ខខណ្ឌ និងឯកសារផ្លូវការនានាដែលធានាដល់ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងស្របទៅតាមច្បាប់ការងារនៃប្រទេសទាំងពីរផង៖ «នេះគ្រាន់តែជាកិច្ចព្រមព្រៀងបើកផ្លូវ ហើយយើងនឹងត្រូវបង្កើតឲ្យមានក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យទៅលើលក្ខខណ្ឌ ពិនិត្យទៅលើយន្តការ ការពារសិទ្ធិ និងផលប្រយោជន៍ដល់អ្នកដែលចង់ទៅធ្វើការងារនៅទីនោះ នៅពេលដែលការងារទាំងនេះមិនទាន់បានសម្រេច គឺយើងមិនទាន់គិតពីបញ្ហាបញ្ជូនពួកគាត់ទៅ ឬប្រកាសជ្រើសរើសនោះទេ»។

លោក ហេង សួរ បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះកិច្ចព្រមព្រៀង ជាមួយគ្នាក្នុងនាមប្រទេសបញ្ជូន និងទទួល ឬការផ្លាស់ប្ដូរកម្លាំងពលកម្មជាមួយគ្នាកាលពីថ្ងៃទី១២ ខែកុម្ភៈ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅទីនោះ។

ប្រធានអង្គការខារ៉ាមកម្ពុជា លោក យ៉ា ណាវុធ សំដែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនេះ ប៉ុន្តែលោកនៅតែបារម្ភចំពោះសុវត្ថិភាពពលករខ្មែរ។ លោកថា ការរំលោភសិទ្ធិការងារ ស្ថានភាពរស់នៅ និងបញ្ហាប្រឈមដទៃទៀតនឹងអាចកើតមាន ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនបានសិក្សាបញ្ហានេះឲ្យបានដិតដល់។ លោកចង់ឲ្យមានការបើកទូលំទូលាយ ក្នុងការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលដែលមានពិសោធន៍ច្រើនក្នុងកិច្ចការនេះ និងបញ្ហាដែលធ្លាប់កើតមានក្នុងប្រទេសថៃ និងម៉ាឡេស៊ីនោះ៖ «ខ្ញុំយល់ថា សូម្បីតែប្រទេសថៃ ដែលមានទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាក៏នៅតែមានបញ្ហាច្រើនសម្រាប់ពលករខ្មែរនៅទីនោះ ចុះទម្រាំតែប្រទេសមួយដែលឆ្ងាយដែលយើងមិនមានទំនាក់ទំនងជាពិសេសមិនទាន់មានស្ថានទូតនៅនោះ តើពេលមានបញ្ហាអីពួកគាត់ទៅរកឲ្យអ្នកណាជួយអន្តរាគមន៍នោះ»។

មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរដ្ឋាភិបាល កំពុងសិក្សាលើបញ្ហាដែលជាក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលទាំងនេះហើយ។ លោក ហេង សួរ បញ្ជាក់ថា ការងារជាអាទិភាពនៅអារ៉ាប៊ីសាអ៊ូឌីត នោះ មានដូចជា ការងារតាមផ្ទះ និងវិស័យសំណង់ជាដើម។ កិច្ចព្រមព្រៀងបញ្ជូនពលករនេះ ជាការបើកទីផ្សារថ្មីសម្រាប់តម្រូវការផ្នែកបុគ្គលិករបស់អារ៉ាប៊ីសាអ៊ូឌីត និងពង្រឹងកិច្ចសហប្រតិបត្តិការនៃវិស័យការងាររវាងប្រទេសទាំងពីរ៕

website_news/2016200204.txt · Last modified: 2017/02/27 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki