website_news:2016200402

ពលករខ្មែរដែលលួចឆ្លងដែនទៅធ្វើការនៅថៃ ចេះតែបន្ដកើតមាន

(http://www.postkhmer.com) Wed, 20 April 2016 ឃុត សុភចរិយា

កោះកុងៈក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះមានសេចក្ដីរាយការណ៍ជាច្រើនពីករណីពលករខ្មែរលួចធ្វើចំណាកស្រុកដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃដើម្បីស្វែងរកការងារធ្វើបើទោះជាត្រូវប្រឈមចំពោះការបង្ក្រាប និងចាប់ខ្លួនពីសំណាក់អាជ្ញាធររបស់ថៃក្ដី។

លោក ស្រី ថុច ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាយ៉ាងហោចណាស់មានពលករចំណាកស្រុកចំនួន ៤៩ នាក់ត្រូវបានក្រុមមន្ត្រីរបស់លោកសហការជាមួយក្រុមកម្លាំងនគរបាលក្រុងខេមរភូមិន្ទខេត្តកោះកុងចុះបង្ក្រាបបានទាន់ពេលវេលាគ្រាដែលពួកគេកំពុងលួចដើរឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃកាលពីល្ងាចថ្ងៃចន្ទ។ លោក ថុច បានបន្តថានៅក្នុងការចុះល្បាតតាមដងព្រៃនៃច្រករបៀងតូចៗក្នុងសង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ក្រុមកម្លាំងរបស់លោកបានប្រទះឃើញប្រជាពលរដ្ឋមួយក្រុមកំពុងធ្វើដំណើរកាត់តាមព្រៃរបោះតូចៗក្នុងគោលបំណងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃហើយក៏បានឃាត់ខ្លួនពួកគេនាំមកសាកសួរ និងធ្វើការអប់រំនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកបានបញ្ជាក់ថា៖ «នៅពេលសាកសួរពួកគេបានឆ្លើយថាពួកគេគឺជាកម្មករទូកនេសាទក្នុងប្រទេសថៃប៉ុន្តែពុំមានលិខិតស្នាមអ្វីទាំងអស់លើកលែងតែ ៣ នាក់ប៉ុណ្ណោះដែលមានប័ណ្ណការងារជាកម្មករទូកនេសាទដែលចេញដោយអាជ្ញាធរថៃ»។ លោកបានបន្តថាក្នុងចំណោមពលរដ្ឋទាំងនេះមាន ២១ នាក់មកពីខេត្តព្រៃវែង ១៤ នាក់មកពីខេត្តកំពង់ចាមនិង ១៤ នាក់ទៀតជាប្រជាពលរដ្ឋក្នុងខេត្តកោះកុង។ ទោះជាបែបណាក្ដី ពួកគេត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញក្រោយពីបានធ្វើការអប់រំណែនាំអំពីបញ្ហាប្រឈមនានាចំពោះការធ្វើចំណាកស្រុកទាំងប្រថុយប្រថានដើម្បីទៅរកការងារធ្វើដោយខុសច្បាប់នៅឯក្រៅប្រទេស។

ដោយឡែកនៅតាមច្រករបៀងមួយកន្លែងដែលស្ថិតនៅក្នុងចំណុចភូមិសាស្ត្រភូមិសង្កែ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឯណោះវិញមានពលករខ្មែរចំណាកស្រុកក្មេងចាស់ ប្រុសស្រី រាប់រយនាក់ក៏បាននាំគ្នាលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃផងដែរដោយពួកគេបានជ្រើសរើសយកវិធីដើរកាត់ព្រៃ និងចម្ការអំពៅរបស់ប្រជាកសិករថៃ។ នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់ខាងលើនេះ។

លោក កែម និត អាយុ ៤៨ ឆ្នាំដែលបានអះអាងថាមានលំនៅក្នុងតំបន់ខាងលើនោះបាននិយាយកាលពីម្សិលមិញថាក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះមានប្រជាពលរដ្ឋចំណាកស្រុករាប់សិបនាក់ក្នុងមួយថ្ងៃៗបាននាំគ្នាដើរឆ្លងកាត់ព្រៃ និងចម្ការអំពៅចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ដើម្បីរកការងារដោយពួកគេខ្លះថាទៅធ្វើជាកម្មករសំណង់ និងខ្លះទៀតថាទៅធ្វើជាកម្មករតាមចម្ការមួយចំនួនក្នុងប្រទេសថៃ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនឃើញសមត្ថកិច្ចនគរបាលយើងចុះបង្ក្រាប ឬក៏ទប់ស្កាត់ពួកគេនោះទេ។ ពួកគេភាគច្រើនមកពីខេត្តបាត់ដំបង និង ខេត្តកំពត»។ ទោះជាបែបណាក្ដីកាលពីម្សិលមិញលោក ឯម សុខា អភិបាលស្រុកម៉ាឡៃបានបដិសេធថាគ្មានច្រករបៀងហើយក៏គ្មានជនចំណាកស្រុកឯណាលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃនៅក្នុងតំបន់គ្រប់គ្រងរបស់លោកនោះទេ៕

website_news/2016200402.txt · Last modified: 2017/02/28 13:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki