website_news:2016200501

កម្ពុជា នឹងចុះកិច្ចព្រមព្រៀងបន្តទៀតលើការនាំពលករចេញទៅធ្វើការនៅប្រទេសកាតា

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត Friday , 20 May 2016

ភ្នំពេញៈ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Salih S Al.Shawi អគ្គនាយកក្រសួងកិច្ចការរដ្ឋបាល ការងារនិងកិច្ចការសង្គមនៃប្រទេសកាតា បានជួបពិភាក្សាគ្នា ក្នុងគោលបំណងដើម្បីត្រៀមចុះកិច្ចព្រម- ព្រៀងជាមួយគ្នាបន្តទៀត ក្នុងការនាំពលករពីកម្ពុជាចេញទៅបម្រើការងារនៅកាតា។ មានប្រសាសន៍ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា កិច្ចសហប្រតិបត្តិការ លើវិស័យការងារដែលបានចុះកិច្ចព្រមព្រៀងគ្នាជាយូរឆ្នាំមកហើយនេះ ឥឡូវត្រូវឈានដល់ដំណាក់កាលថ្មី ដែលមានរៀបចំនូវបែបបទដ្ឋានបច្ចេកទេស។

គិតមកដល់ពេលនេះ រវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនង ល្អ និងមើលឃើញថា ជើងហោះហើរត្រង់ពីកាតាមកកម្ពុជា ក៏មានភាពទំនាក់ទំនងល្អប្រសើរផងដែរ។ ក្នុង ជំនួបដដែល លោករដ្ឋមន្ត្រីបានជម្រាបជូនភាគីកាតាថា នាពេលកន្លងមកឯកអគ្គរដ្ឋទូតកាតា បានឲ្យដឹងថា ប្រទេសកាតា ចង់បានចំនួនពលករកម្ពុជាប្រមាណ ១០ម៉ឺននាក់ ទៅធ្វើការនៅទីនោះ ហើយរូបលោកបាន គិតឡើងវិញថានឹងគាំទ្រនៅចំណុចនេះ ប៉ុន្តែអ្វីដែលសំខាន់គឺក្រុមការងារបច្ចេកទេសរបស់ប្រទេសទាំងពីរ ត្រូវរៀបចំឲ្យបានផែនការសកម្មភាពមួយ ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងពលករចំនួន ១០ម៉ឺននាក់ ទៅ ធ្វើការនៅរដ្ឋកាតា។ ដូច្នេះ កាតា ត្រូវធ្វើការជាមួយក្រុមបច្ចេកទេសទាំងពីរ និងពិភាក្សាគ្នាបន្តលើបញ្ហា ទាំងនេះផងដែរ។ លោកបញ្ជាក់ទៀតថា អ្វីដែលយើងត្រូវទទួល គឺការរៀបចំនូវផែនការសកម្មភាពនានា ដូចជា តាំងពីការងារជ្រើសរើស និងការគ្រប់គ្រងការងារជាដើម។ អ៊ីចឹងទេ ភាគីទាំងពីរអាចចែករំលែកគ្នា ហើយអាចជួយផ្តល់ឲ្យគ្នាទៅវិញទៅមកនូវកិច្ចសហប្រតិបត្តិការនេះ។ លោកក៏សង្ឃឹមថា នឹងមានកិច្ច សហប្រតិបត្តិការនេះឡើងវិញ ដែលអាចឆ្លើយតបបានទៅនឹងការគ្រប់គ្រងផែនការសកម្មភាព ជាពិសេស សុវត្ថិភាពរបស់ពលករ។

លោក Salih S Al.Shawi អគ្គនាយកក្រសួងកិច្ចការររដ្ឋបាលការងារនិងកិច្ចការសង្គមនៃប្រទេស កាតា បានមានប្រសាសន៍ថា រដ្ឋនៅប្រទេសកាតា គឺមានគម្រោងធំៗជាច្រើន ហើយត្រូវការបន្ថែមនូវកម្លាំង ពលករ ហើយយើងមានពលករមកពីគ្រប់ពូជសាសន៍ទាំងអស់។ លោកសង្ឃឹមថា នឹងមានពលករកម្ពុជាក្នុង ណោមពូជសាសន៍ទាំងអស់ដែលនៅក្នុងប្រទេសកាតាផងដែរ។ ដោយសារប្រទេសកម្ពុជា បានផ្សាភ្ជាប់ ទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសកាតា។

ជាមួយនឹងជំនួបនាពេលនេះ លោកអគ្គនាយកបានលើកឡើង ថា គឺក្នុងគោលបំណងចង់ជម្រាបជូនលោករដ្ឋមន្ត្រីថា ក្រសួងការងារនៅប្រទេសកាតា គឺបានឯកភាព កម្លាំងពលករទៅដល់ ៣ម៉ឺន ៣ពាន់នាក់។

បន្ទាប់ពីលោកត្រឡប់ទៅប្រទេសកាតាវិញ លោកនឹងផ្សព្វផ្សាយ ភ្ញាក់ងារជ្រើសរើសពលករនៅប្រទេសកម្ពុជា ដើម្បីឲ្យភ្ញាក់ងារនៅកាតាបានជ្រាប ដើម្បីឲ្យនិយោជក ឬ ម្ចាស់ផ្ទះនៅប្រទេសកាតា ធ្វើការទំនាក់ទំនងគ្នាជាមួយភ្ញាក់ងារទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើង ស្តីអំពីជំនាញ និងបទពិសោធន៍ផ្សេងៗ ៕ ស ដារ៉ា

website_news/2016200501.txt · Last modified: 2017/03/02 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki