website_news:2016200502

ស្ថានអគ្គកុងស៊ុលកម្ពុជាត្រៀមរកមេធាវីការពារក្ដីឲ្យពលរដ្ឋ១៥នាក់ដែលអាជ្ញាធរថៃចាប់ខ្លួន

(http://www.rfa.org/khmer/news) ដោយ សុ ជីវី វិទ្យុអាស៊ីសេរី 2016-05-19

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសថៃ ត្រៀមនឹងរកមេធាវីជួយការពារក្តីដល់ពលរដ្ឋចំនួន ១៥នាក់នៅតុលាការ បន្ទាប់ពីពួកគេត្រូវអាជ្ញាធរថៃ ឃាត់ខ្លួននៅពេលចូលទៅកាប់ឈើខុសច្បាប់។

សេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស ចេញនៅថ្ងៃទី១៩ ខែឧសភា ឲ្យដឹងថា ពលរដ្ឋចំនួន ១៥នាក់នោះ ត្រូវអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់។ ពួកគេត្រូវបានរកឃើញថា ឆ្លងចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិវាំងថាលុកៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានចុះជួប និងសាកសួរពលរដ្ឋខ្មែរទាំងនោះ ហើយបានទទួលព័ត៌មានថា អ្នកទាំង ១៥នាក់នោះបានចូលប្រទេសថៃ តាមរយៈមេខ្យល់ កាលពីថ្ងៃទី១៤ ខែឧសភា។ ស្របគ្នានេះ អាជ្ញាធរថៃ កំពុងកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។

ករណីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពាវនាវជាថ្មីម្ដងទៀតដល់ពលរដ្ឋដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស កុំឲ្យជឿតាមពាក្យឆបោករបស់ពួកមេខ្យល់ទុច្ចរិត ក្នុងការឆ្លងដែនខុសច្បាប់ទៅកាប់ឈើនៅប្រទេសគេ៕

website_news/2016200502.txt · Last modified: 2017/03/02 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki