website_news:2016200503

====== ក្រសួងការបរទេស អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចាញ់បោកមេខ្យល់ឆ្លងដែនកាប់ឈើនៅថៃ

(http://vayofm.com/news) គេហទំព័រវិទ្យុវាយោ 19-05-2016 5:46 pm

ក្រសួងការបរទេស បានអំពាវនាវជាថ្មីម្ដងទៀត ចំពោះប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស កុំជឿតាមពាក្យឆបោកពីសំណាក់ពួកមេខ្យល់ទុច្ចរិត ឲ្យឆ្លងដែនខុសច្បាប់ទៅកាប់ឈើនៅប្រទេសគេ ដោយសន្យាថាឲ្យប្រាក់ច្រើន ឬធានាសុវត្ថភាពផ្សេងៗ ។

ក្រសួងការបរទេសបញ្ជាក់ថា ទាំងនោះសុទ្ធតែរឿងបោកប្រាស់ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងដល់ក្រុមគ្រួសារ ព្រមទាំងខាតបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួនទៀតផង ។

ការអំពាវនាវរបស់ក្រសួងការបរទេសនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា មានពលរដ្ឋខ្មែរចំនួន ១៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិវាំងថាលុកៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី ។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះជួប និងសាក់សួរពលរដ្ឋទាំងនោះ ហើយទទួលបានព័ត៌មានថា ពួកគាត់បានចូលមកប្រទេសថៃតាមរយៈមេខ្យល់ កាលពីថ្ងៃទី១៤ ឧសភា ប៉ុន្តែត្រូវអាជ្ញាធរថៃ ចាប់ខ្លួននៅពេលធ្វើដំណើរទៅកាន់ទីតាំងនោះ ។ ហើយបច្ចុប្បន្នអាជ្ញាធរថៃ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ភ្ជាប់ជាមួយវត្ថុដែលរឹបអូសបានរួមមាន៖ រថយន្តម៉ាក ISUZU ១គ្រឿង រណាយន្ត២គ្រឿង ច្រវ៉ាក់៤ និងផ្លែរណា១ ។ ដោយក្នុងនោះដែរ ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងរកមេធាវីជួយការពារក្ដីដល់ពលរដ្ឋទាំ១៥នាក់ផងដែរ នៅពេលឡើងទៅតុលាការ ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរដែលលួចឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃ ត្រូវបានគេមើលឃើញថា មិនមែនជារឿងថ្មីៗនោះទេ សម្រាប់ពួកគេ ហើយការឆ្លងដែនដោយខុសច្បាប់នេះ ត្រូវបានទាហ៊ានថៃ បាញ់សម្លាប់ទៀតផង កាលពីពេលថ្មីៗកន្លងទៅនេះ ។ ការដែលផ្សងព្រេងលួចឆ្លងដែនទៅកាប់ឈើនៅប្រទេសថៃនេះ គឺដោយសារកត្តាជីវភាពខ្វះខាតរបស់ពួកគាត់ផងដែរ ៕ ដោយ៖សេង បារាំង

website_news/2016200503.txt · Last modified: 2017/03/02 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki