website_news:2016200504

ករណីពលករខ្មែរ២នាក់ប្តីប្រពន្ធ អារ-កសម្លាប់ខ្លួន ទីបំផុតសមត្ថកិច្ចបញ្ជាក់ថា គឺជារឿងឃាតកម្ម

(https://www.khmerload.com/news) គេហទំព័រខ្មែរឡូត ថ្ងៃសុក្រ ២០ ឧសភា, ២០១៦ ១០:១៩

(ភ្នំពេញ)៖ ទីបំផុតករណីពលករខ្មែរ២នាក់ប្តីប្រពន្ធ អារ-កសម្លាប់ខ្លួន នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃនោះ សមត្ថកិច្ចបានស្រាវជ្រាវរកការពិតឃើញហើយ គឺជាករណីឃាតកម្ម មិនមែនអត្តឃាតនោះទេ ហើយករណីនេះ មានការពាក់ព័ន្ធនឹងពលករខ្មែរ២នាក់ទៀត នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទីរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

សូមជំរាបថា កាលពីម៉ោង២៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចថៃរាយការណ៍ព័ត៌មានបឋមថា បានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវស៊ើបអង្កេតរួចទើបរកឃើញថា ករណីនេះគឺជាករណីឃាតកម្ម ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរ២នាក់ ហើយសមត្ថកិច្ចថៃ ក៏កំពុងស្រាវជ្រាវរកពលករខ្មែរទាំងពីរ ដែលជាជនសង្ស័យនោះផងដែរ។ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា ប្តីមានឈ្មោះ សៃ សាល អាយុ៣២ឆ្នាំ ជាកម្មករបម្រើការនៅរោងចក្រស្បែកជើងប្រទេសថៃ ចំណែកប្រពន្ធឈ្មោះ តាំង សុខនី អាយុ៣០ឆ្នាំ ដែលទើបចូលប្រទេសថៃនាថ្មីៗនេះ។ ពួកគេទាំង២នាក់ប្តីប្រពន្ធ ជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សពរបស់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានអគ្គកុងស៊ុលកម្ពុជា សហការជាមួយ អាជ្ញាធរថៃ រៀបចំបញ្ជូនឱ្យគ្រួសារ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។ ជាមួយគ្នានេះ ថៅកែថៃក៏បានបានឧបត្ថម្ភ ១៩,០០០បាត ដល់ក្រុមគ្រួសារសពដែរ នេះបើតាមការបញ្ជាក់ពីមន្រ្តីដដែល៕

website_news/2016200504.txt · Last modified: 2017/03/02 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki