website_news:2016200601

លោក វន់ ពៅ ជំរុញឲ្យក្រសួងការងារ និងរាជរដ្ឋាភិបាល ផ្ដល់សត្យាប័ណ្ណ លើអនុសញ្ញាស្ដីពី អ្នកធ្វើការតាមផ្ទះ

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល ថ្ងៃ អាទិត្យ, ១៩ មិថុនា ២០១៦ 15:17 ដោយ: ឈូក បូរ៉ា ID:099

ភ្នំពេញ៖ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ បានជំរុញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សត្យាប័ណ្ណលើអនុសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិរបស់កម្មករធ្វើការតាមផ្ទះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលក្រោយពីជួបជុំ កម្មករធ្វើការតាមផ្ទះ នៅស្នាក់ការរបស់ខ្លួនជាង ១០០នាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក វន់ ពៅ បានឲ្យដឹងថាលោកបានដាក់ញត្តិ ទៅកាន់ក្រសួងការងារ និងវិមានរដ្ឋសភា កាលពីថ្ងៃទី១៦ មិថុនា ។ លោកបន្តថា ការដាក់ញត្តិនោះក្នុងគោលបំណង ដាស់តឿនក្រើនរំឭក ដល់ក្រសួងការងារកាលពីឆ្នាំ ២០១៥ ដែលមានកិច្ចសន្ទនា ការងាររវាងអ្នកធ្វើការតាមផ្ទះជាមួយនឹង UN-women និយាយអំពីការធ្វើផែនទី ពីនីតិវិធីនៃការផ្ដល់ សត្យាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ ស្ដីពីសិទ្ធិរបស់កម្មករធ្វើការតាមផ្ទះ ដែលអង្គការពលកម្មអន្ដរជាតិ ហៅកាត់ថា ILO បានអនុម័តកាល ពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១។

ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានបញ្ជាក់ថា “ចឹងហើយរដ្ឋាភិបាលយើងក៏ ជាភាគីសមាជិករបស់អង្គការសហប្រជាជាតិផ្នែកពលកម្មផងដែរ ចឹងហើយបានយើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាយើង ត្រូវតែផ្ដល់សត្យាប័ណ្ណ ហើយក្រសួងការកន្លងមកក៏បានពិភាក្សាជាមួយសមាគមក៏ដូចជា អង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការពលកម្មអន្ដរជាតិ ថានឹងផ្ដល់ធ្វើផែនទីបង្ហាញផ្លូវក្នុងការផ្ដល់សត្យាប័ណ្ណលើអនុសញ្ញាហ្នឹងដែរ”។

គួរបញ្ជាក់ថា ថ្ងៃទី១៦ មិថុនា គឺខួបលើកទី៥ នៃទិវាពលករធ្វើការតាមផ្ទះពិភពលោក ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី លោក វន់ ពៅ មិនទាន់អាចបញ្ជាក់ពីតួរលេខនៃ ចំនួនអ្នកធ្វើការតាមផ្ទះទាំងក្នុង និងក្រៅប្រទេស របស់ពលករកម្ពុជា បាននៅឡើយទេ ហើយការជួបជុំគ្នានៅស្នាក់ របស់លោកនាព្រឹកថ្ងៃទី១៩ មិថុនា នេះ គឺជាសារមួយ ដើម្បីបង្ហាញពី ភាពលំបាកក៏ដូចជា លក្ខខណ្ឌការងារ របស់កម្មករធ្វើការតាមផ្ទះ៕

website_news/2016200601.txt · Last modified: 2017/03/03 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki