website_news:2016200602

គ្រួសារនៅខេត្តព្រៃវែងអំពាវនាវឲ្យអាជ្ញាធរពន្លឿនជួយសង្គ្រោះកូនស្រីពីចិនមកស្រុកខ្មែរវិញ

(http://www.rfa.org/khmer/news) គេហទំព័រវិទ្យុអាស៊ីសេរី 2016-06-19 ដោយ ថា កិត្យា

អាជ្ញាធរខេត្តព្រៃវែង និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) កំពុងដំណើរការនីតិវិធីជួយសង្គ្រោះស្ត្រីខ្មែរដែលរងគ្រោះ ដោយសារចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ រីឯម្តាយស្ត្រីរងគ្រោះរៀបរាប់ថា កូនស្រីរបស់គាត់កំពុងរងទុក្ខភ័យ ដោយសារប្ដី និងឪពុកម្ដាយក្មេងជាជនជាតិចិន វាយធ្វើបាបរាល់ថ្ងៃ។ ដូច្នេះគាត់អំពាវនាវដល់អាជ្ញាធរ ឲ្យជួយពន្លឿនសង្គ្រោះ និងបញ្ជូនកូនស្រីមកស្រុកខ្មែរវិញ។

ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក អ៊ឹម សុជាតិ មានប្រសាសន៍ថា ក្រោយពីទទួលពាក្យបណ្ដឹងពីម្តាយនារីរងគ្រោះដែលមានស្រុកកំណើតនៅឃុំស្មោងខាងជើង ស្រុកកំចាយមារ នោះ គឺលោកកំពុងស្រាវជ្រាវព័ត៌មានបន្ថែមតាមនីតិវិធី ដើម្បីបញ្ជូនសំណុំរឿងជូនថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយបន្ត។ លោក អ៊ឹម សុជាតិ បញ្ជាក់ថា សំណុំរឿងសង្គ្រោះស្ត្រីខ្មែរពីប្រទេសចិន មកកម្ពុជា វិញនេះ គឺមានបញ្ហាស្មុគស្មាញច្រើន ប៉ុន្តែអាជ្ញាធរនឹងខិតខំពន្លឿនដោះស្រាយសំណុំរឿងនេះដោយយកចិត្តទុកដាក់៖ «»។

ពីមួយឆ្នាំទៅមួយឆ្នាំ គេតែងតែឃើញព័ត៌មានពលករចំណាកស្រុកដោយខុសច្បាប់ និងស្ត្រីខ្មែររងគ្រោះដោយសារចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន នៅតែកើតឡើងជាបន្តបន្ទាប់ ទោះបីពលករ ក៏ដូចជាស្ត្រីរងគ្រោះមួយចំនួន ត្រូវបានថៅកែ ឬប្ដីជាជនជាតិចិន ធ្វើទារុណកម្មស្ទើរស្លាប់ស្ទើររស់ ទម្រាំសមត្ថកិច្ចរកឃើញ ហើយជួយសង្គ្រោះបញ្ជូនមកផ្ទះវិញយ៉ាងណាក្តី។

អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក អ្នកស្រី មាស សាអ៊ីម មានប្រសាសន៍ថា អាដហុក កំពុងធ្វើការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីរកមធ្យោបាយសង្គ្រោះនារីរងគ្រោះឲ្យបានទាន់ពេលវេលា៖ «»។

លោកស្រី មឿក អាន ដែលត្រូវជាម្ដាយស្ត្រីខ្មែររងគ្រោះឈ្មោះ បួ សំអូន សង្ឃឹមថា សមាគមអាដហុក និងអាជ្ញាធរគ្រប់លំដាប់ នឹងជួយពន្លឿនសង្គ្រោះកូនស្រីរបស់គាត់ឲ្យបានត្រឡប់មកស្រុកខ្មែរវិញឆាប់រហ័ស ព្រោះកូនស្រីបានទូរស័ព្ទប្រាប់គាត់ថា ប្ដី រួមទាំងម្តាយ និងឪពុកក្មេកវាយធ្វើបាបរាល់ថ្ងៃ និងចាប់បញ្ច្រកថ្នាំម្យ៉ាងបណ្ដាលឲ្យបាក់ធ្មេញមុខ និងហាក់ក្លាយទៅជាមនុស្សបាត់បង់ស្មារតីទៀងផង។ លោកស្រី មឿក អាន បន្តថា កូនស្រីរបស់គាត់ត្រូវមេខ្យល់ឆបោកនាំទៅរៀបការជាមួយបុរសជនជាតិចិន រយៈពេលបីឆ្នាំហើយ ព្រោះលង់ជឿតាមមេខ្យល់ថាបានលុយកាក់ច្រើនសម្រាប់ជួយគ្រួសារ ខណៈពួកគាត់កំពុងមានជីវភាពក្រខ្សត់។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា កត្តាសំខាន់ដែលនាំឲ្យស្ត្រីខ្មែរនៅតែចាញ់បោកមេខ្យល់ទៅធ្វើការ ឬយកប្ដីជនជាតិចិន នោះ គឺផ្ដើមចេញពីភាពក្រីក្រ ខ្វះការអប់រំ ការទទួលយកព័ត៌មានមិនគ្រប់គ្រាន់ ខ្វះទីផ្សារការងារក្នុងស្រុក ការជំពាក់បំណុលធនាគារ និងមួយផ្នែកទៀត គឺការស្រមើស្រមៃរបស់ស្ត្រីទាំងនោះ ថានឹងបានប្ដីសមប្រកបជាដើម។

កន្លងមក មន្ត្រីសង្គមស៊ីវិលមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ដំណោះស្រាយជុំវិញបញ្ហានេះ សង្គមស៊ីវិលបានផ្ដល់អនុសាសន៍ជាច្រើនដល់រដ្ឋាភិបាល ប៉ុន្តែការអនុវត្តហាក់មានការយឺតយ៉ាវ ចំណែកផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហាក់ដើរមិនទាន់នឹងតម្រូវការចាំបាច់របស់ពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សរាយការណ៍ថា ស្ត្រីខ្មែរភាគច្រើនដែលត្រូវបានមេខ្យល់លួងលោមនាំខ្លួនទៅលក់ឲ្យបុរសជនជាតិចិន ទិញធ្វើប្រពន្ធ ឬទិញទុកសម្រាប់ធ្វើខ្ញុំបម្រើនៅក្នុងគ្រួសារជនជាតិចិន តែងតែរងនូវការធ្វើទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ បង្អត់អាហារ ការឃុំខ្លួនឲ្យនៅតែក្នុងបន្ទប់ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករ ជាដើម។

ជុំវិញបញ្ហានេះ ក្រសួងការបរទេស តែងតែអំពាវនាវដល់អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំបន្តចាញ់បោកតាមការអូសទាញបញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ងនាំមនុស្សទៅធ្វើការ ឬទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ដោយសន្យាថានឹងទទួលបានលាភសក្ការៈប្រាក់កាសជាច្រើនឲ្យសោះ៕

website_news/2016200602.txt · Last modified: 2017/03/03 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki