website_news:2016200603

ជនរងគ្រោះខ្មែរ៧នាក់ប្ដឹងក្រុមហ៊ុនអាមេរិកនិងថៃពីបទជួញដូរមនុស្សនិងបង្ខំឲ្យធ្វើការ

(http://www.rfa.org/khmer/news) គេហទំព័រវិទ្យុអាស៊ីសេរី 2016-06-18 ដោយ ណារ៉េត

ជនរងគ្រោះនៃការជួញដូរមនុស្សខ្មែរមកពីជនបទ ៧នាក់ បានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ផ្សាយថា កាលពីថ្ងៃទី១៦ ខែមិថុនា ជនរងគ្រោះមានប្រុស ៥នាក់ និងស្រី ២នាក់ បានដាក់ពាក្យប្ដឹងនៅតុលាការសហព័ន្ធក្រុងឡូសអែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) ដោយចោទក្រុមហ៊ុនផ្សារទំនើប វ៉លម៉ាត (Walmart) ក្រុមហ៊ុនសាជីវកម្ម រូប៊ីខន់ រីស័រស៊ីស (Rubicon Resources) ក្រុមហ៊ុន វ៉េលស៍ អែនខូ យូនីវើស (Wales & Co. Universe) និងសាខាក្រុមហ៊ុនថៃ ឈ្មោះ ផាត់ថាណា ស៊ីហ៊្វូត ពីបទបំពានច្បាប់ការពារជនរងគ្រោះនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក។

ក្នុងពាក្យបណ្ដឹងនៅតុលាការអាមេរិកនោះ ជនរងគ្រោះបានចោទថា ពេលពួកគាត់មកដល់ប្រទេសថៃ ភ្លាម ថៅកែបានដកហូតលិខិតឆ្លងដែនរបស់ពួកគាត់ទុក រួចហើយបង្ខំឲ្យពួកគាត់ធ្វើការមួយអាទិត្យ ៦ថ្ងៃ និងកិបកេងប្រាក់ខែពួកគាត់។

ពេលខ្លះ ពួកគេត្រូវបង្ខំចិត្តដើររើសកាកសំណល់អណ្ដែតទើរតាមឆ្នេរសមុទ្រ យកមកហូបជាអាហារប្រចាំថ្ងៃ។ ជនរងគ្រោះឈ្មោះ កែវ រដ្ឋា ដែលបានដាក់បណ្ដឹងនោះបញ្ជាក់ថា ការដែលគាត់ដាក់ពាក្យប្ដឹងក្រុមហ៊ុននេះ គឺដោយសារគាត់ចង់ឲ្យក្រុមហ៊ុនរាងចាល កុំឲ្យបន្តកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករទៅថ្ងៃមុខទៀត៕

website_news/2016200603.txt · Last modified: 2017/03/03 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki