website_news:2016200605

ពលករខ្មែរ៤នាក់ទៀតត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយពីចាញ់បោកមេខ្យល់

(http://vodhotnews.com) គេហទំព័រវីអូឌី ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង 10:20 AM

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ពលករខ្មែរ ៤នាក់ទៀត ត្រូវបានបញ្ជូនពីប្រទេសម៉ាឡេស៊ី ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយក្រសួងអះអាងថា ពួកគេរងការរំលោភបំពានសិទ្ធិការងារពីសំណាក់ថៅកែម៉ាឡេស៊ី។ ក្នុងលិខិតរបស់់ក្រសួងការបរទេស ចុះកាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ បានឲ្យដឹងថា ពលករខ្មែរ ៤នាក់ ដែលបានទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ ហើយជួបការលំបាកក្នុងការងារនោះ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជួយអន្តរាគមន៍បញ្ជូនមកកម្ពុជាវិញ។

អាជ្ញាធរកម្ពុជា បានបញ្ជាក់ថា ពលករខ្មែរ៤នាក់ ដែលស្ថិតក្នុងវ័យជាង ២០ឆ្នាំ នឹងត្រឡប់មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅចុងសប្ដាហ៍នេះ តាមជើងយន្តហោះ AK ៥៣៦។ នេះគឺជាក្រុមពលករខ្មែរទីពីរ បន្ទាប់ពីពលករខ្មែរ ៦នាក់ទៀត ត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសម៉ាឡេស៊ីផងដែរ កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ ដែលបានចាញ់បោកមេខ្យល់ និងក្រុមហ៊ុននាំពលករ កាលពីឆ្នាំ២០១៥ និង២០១៦។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីដើមខែមិថុនានេះ បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្កើន យកប្រជាពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសមួយនេះ។

ទោះជាយ៉ាងណា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ថា នេះមិនមែនជារឿងចំឡែកទេ ចំពោះករណីថៅកែរំលោភសិទ្ធិពលករ-ពលការិនីខ្មែរ ដែលធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែ លោកថា ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលត្រូវសហការជាមួយប្រទេសដែលទទួលយកពលករ-ពលការិនីខ្មែរទៅធ្វើការនៅប្រទេសនោះ ដោយធ្វើការស៊ើបអង្កេតពីការរំលោភសិទ្ធិ ជាពិសេសត្រូវបង្កើតឲ្យមានច្បាប់ការពារសិទ្ធិដល់ពួកគេ។ លោក មឿន តុលា បន្ថែមថា ជំរើសល្អមួយទៀត រដ្ឋាភិបាលត្រូវបង្កើតការងារនៅក្នុងប្រទេសឲ្យបានច្រើន ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរធ្វើការចំណាកស្រុក។

កាលពីដើមខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ ១លាននាក់ដែលទៅធ្វើការនៅក្រៅប្រទេស ៧០ភាគរយ កំពុងបានទទួលរងការប្រថុយប្រថានធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស៕

website_news/2016200605.txt · Last modified: 2017/03/03 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki