website_news:2016200606

ជួញជិត ប្រសើរជាងជួញឆ្ងាយ ឬជួញឆ្ងាយប្រសើរជាងជួញជិត?

(http://www.thmeythmey.com) គេហទំព័រថ្មីថ្មី និពន្ធដោយ : សច្ចវិទូ 18-June-2016,  9:20 pm

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះចលនាចំណាកស្រុក គឺជាចលនាមួយកំពុងផុសផុលគួរឱ្យកត់សម្គាល់។ ពលរដ្ឋខ្មែរធ្វើចំណាកស្រុកពីកន្លែងមួយទៅកន្លែងមួយ ជាពិសេស គឺការធ្វើចំណាកស្រុកពីខេត្តនានាមករាជធានីភ្នំពេញ និង ពីខេត្តនានាដែលមិនសូវមានសេដ្ឋកិច្ចរីកចម្រើន មិនសូវមានការងារធ្វើ ទៅខេត្តនានាដែលមានសេដ្ឋកិច្ចរីកចម្រើននិងសម្បូរការងារធ្វើជាង។ លើសពីនេះទៀត ពលករខ្មែរមួយចំនួនក៏បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅបរទេសដែរ ជាពិសេស នៅប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជាដើម។ អ្នកធ្វើចំណាកស្រុកមួយចំនួនទទួលបានសំណាងល្អ ឯអ្នកមួយចំនួនទៀតទទួលបានសំណាងអាក្រក់ តើមានកត្តារួមផ្សំអ្វីខ្លះចំពោះបញ្ហានេះ?

ការធ្វើចំណាកស្រុក គឺជាចលនាមួយដែលកើតមានស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក មិនមែនមានតែនៅកម្ពុជាទេ។ ប៉ុន្តែ អ្វីដែលយើងគួរយកចិត្តទុកដាក់នោះ ថាតើ ការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរ ទាំងផ្ទៃក្នុងប្រទេសនិងក្រៅប្រទេស ធ្វើឡើងក្រោយពីទទួលបានព័ត៌មានច្បាស់លាស់និងគ្រប់គ្រាន់ ដោយសុវត្ថិភាព ស្របច្បាប់ និង ទទួលបានស្ថានភាពប្រសើរជាងកន្លែងដែលពួកគេកំពុងរស់នៅដែរឬទេ?។

ដើម្បីធ្វើចំណាកស្រុកទៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព ពលករចំណាកស្រុកគួរទទួលបានការអប់រំ កាណែនាំ ការផ្ដល់ព័ត៌មាន និង ការការពារពីអាជ្ញាធរពាក់ព័ន្ធ និង មន្ត្រីស្ថានទូតឬស្ថានកុងស៊ូលរបស់កម្ពុជាដែលមានតាំងនៅក្នុងប្រទេសដែលពួកគេទៅរកការងារធ្វើនោះ។ យោងតាមការសិក្សានិងការពិនិត្យសង្កេត មូលហេតុដែលនាំឱ្យមានចំណាកស្រុក អាចមាន ដូចជា ភាពក្រីក្រនិងការខ្វះដីសម្រាប់ធ្វើស្រែចំការ, កង្វះការងារធ្វើនិងការងារមិនមានស្ថិរភាព, លក្ខខណ្ឌការងារមិនល្អប្រសើរ(ប្រាក់ខែតិច មានការរំលោភពីនិយោជក បរិស្ថានការងារមិនល្អប្រសើរ…), កង្វះប្រព័ន្ធប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សសម្រាប់ផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម និង តម្រូវការការងារធ្វើ, ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យឯកជន និង ប្រជាពលរដ្ឋ មិនទាន់មានភាពស្និទ្ធស្នាល មិនទាន់មាននិរន្តរភាព ភាពស្មោះត្រង់ និង មិនទាន់មានការយល់ច្បាស់ពីតម្រូវការរបស់គ្នាទៅវិញទៅមក។ល។

តាមពិតនៅមានមូលហេតុជាច្រើនទៀតដែលយើងមិនបានលើកមកបង្ហាញនៅទីនេះ។ ការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅក្រៅប្រទេសកន្លងមក មានពីរប្រភេទ គឺចំណាកស្រុកស្របច្បាប់ និងចំណាកស្រុកមិនស្របច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការធ្វើចំណាកស្រុកទាំងពីរប្រភេទសុទ្ធតែបានជួបបញ្ហាប្រឈមមួយចំនួនដូចគ្នា។ ចំពោះចំណាកស្រុកស្របច្បាប់ ជាទូទៅមានបែបបទស្មុគស្មាញ ចំណាយច្រើន(ទាំងផ្លូវការនិងមិនផ្លូវការ) ត្រូវរង់ចាំរយៈពេលយូរ ប៉ុន្តែ ទទួលបានព័ត៌មានច្រើននិងច្បាស់លាស់ជាង ឯភាគរយនៃភាពប្រាកដប្រជាចំពោះការទទួលបានការងារធ្វើ និង ភាពជោគជ័យហាក់ដូចជាមានកម្រិតខ្ពស់ជាង ឯហានិភ័យមានកម្រិតទាបជាងដែរ។

ចំពោះចំណាកស្រុកមិនស្របច្បាប់វិញ ជាទូទៅ មានបែបបទមិនសូវស្មុគស្មាញទេ ឯការចំណាយសោហ៊ុយវិញមានកម្រិតប្រហាក់ប្រហែលគ្នាឬទាបជាងចំណាកស្រុកស្របច្បាប់ និង រយៈពេលរង់ចាំក៏ខ្លីជាងចំណាកស្រុកស្របច្បាប់ដែរ ប៉ុន្តែ ព័ត៌មានដែលទទួលបានតិចតួចនិងមិនច្បាស់លាស់។ វាជាប្រភេទចំណាកស្រុក ដែលធ្វើឡើងដោយដោយប្រថុយប្រថាន ឯភាគរយនៃភាពប្រាកដប្រជានៃការទទួលបានការងារនិងភាពជោគជ័យ មានកម្រិតទាបជាង ឯហានិភ័យ មានកម្រិតខ្ពស់ជាងដែរ ដូចជា អាចត្រូវគេបាញ់សម្លាប់ ចាប់ដាក់គុក បញ្ជូនឱ្យធ្វើការងារធ្ងន់ ការងារនេសាទនៅតាមសមុទ្រ ឬ ត្រូវគេបោកប្រាស់ ជាដើម។

ជារួម ទាំងចំណាកស្រុកស្របច្បាប់ និង ចំណាកស្រុកមិនស្របច្បាប់ សុទ្ធតែធ្វើឡើងតាមរយៈបុគ្គលឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាល។ ប៉ុន្តែ ជារឿយៗ ក្រុមហ៊ុនទាំងនេះ តែងតែបានទារលុយយ៉ាងច្រើនពីពលករ ដើម្បីរត់ការក្នុងការបំពេញបែបបទទៅធ្វើការនៅក្រៅប្រទេស និង បានភូតកុហកនិងលាក់លៀមព័ត៌មានពិតអំពីកន្លែងធ្វើការក្រៅប្រទេស។ ទីបំផុត ពេលពលករទៅដល់ក្រៅប្រទេស ជាពិសេស ប្រទេសថៃ តំណាងក្រុមហ៊ុន បានបញ្ជូនពលករឱ្យទៅធ្វើការងារផ្សេងខុសពីកិច្ចសន្យា ឯទិដ្ឋាការដែលក្រុមហ៊ុនរត់ការឱ្យនោះ មិនមែនជាទិដ្ឋាការការងារទេ គឺជាទិដ្ឋាការទេសចរណ៍ លើសពីនេះ តំណាងក្រុមហ៊ុនបានដកលិខិតឆ្លងដែនទុកដើម្បីកុំឱ្យពលកររត់មកស្រុកវិញ និង ថែមទាំងបានបញ្ជូនពលករចេញពីកន្លែងមួយទៅកន្លែងមួយតាមទំនើងចិត្ត ជារបៀបលក់ដូរមនុស្ស។

ក្នុងករណីជាច្រើន ពលករខ្មែរមួយចំនួនត្រូវជាប់គុកនៅប្រទេសថៃ និង ប្រទេសម៉ាឡេស៊ី ត្រូវបានគេបញ្ជូនមកព្រំដែនវិញក្នុងនាមជាអន្តោប្រវេសន៍ខុសច្បាប់ ដោយសារតែទិដ្ឋាការទេសចរណ៍នោះផុតកំណត់។ ពេលគេបញ្ជូនស្រុកខ្មែរវិញ ពលករខ្មែរទាំងនោះស្ទើរតែគ្មានលុយជាប់នឹងខ្លួន គ្មានលិខិតឆ្លងដែន ឯលុយដែលបង់ឱ្យក្រុមហ៊ុនទាំងប៉ុន្មាន ក៏គ្មានអ្នកទទួលខុសត្រូវដែរ។ ប្រសិនបើពួកគេចង់ប្ដឹងប្ដល់អំពីរឿងនេះ ក៏ពិបាកដែរ ដោយសារតែប្រធានក្រុមហ៊ុនដែលនាំពលករចេញភាគច្រើន ជាសាច់ញាតិរបស់អ្នកធំឬមានខ្នងបង្អែកជាអ្នកធំ។

អ្វីដែលបានលើកមកបង្ហាញនេះ សារព័ត៌មានដទៃទៀតក៏ធ្លាប់បានលើកឡើងដែរ ប៉ុន្តែ ចំណាត់ការរបស់ក្រសួងមានសមត្ថកិច្ចចំពោះរឿងនេះ ហាក់ដូចជាមិនទាន់បានបង្ហាញឱ្យឃើញអ្វីជាដុំកំភួននៅឡើយទេ ដែលធ្វើឱ្យពលករខ្មែរជាច្រើនាក់នៅតែបន្តរងគ្រោះរហូតមកដល់សព្វថ្ងៃនេះ គេមិនដឹងច្បាស់ថាតើ ការណ៍ដែលអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការក្ដៅចំពោះជនល្មើសក្នុងករណីនេះ បណ្ដាលមកពីគ្មានភស្តុងតាងគ្រប់គ្រាន់ គ្មានច្បាប់គ្រប់គ្រាន់ គ្មានឆន្ទៈ ឬ ខ្លាចប៉ះពាល់ដល់ផលប្រយោជន៍ឬយ៉ាងណានោះទេ៕

website_news/2016200606.txt · Last modified: 2017/03/03 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki