website_news:2016200901

កម្ពុជាស្នើឲ្យថៃគោរពសិទ្ធិរបស់កម្មករនេសាទខ្មែរ

(http://vayofm.com/news) 19-09-2016 4:49 pm

លោកកែវ រ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញលិខិតមួយច្បាប់ស្នើសុំឲ្យគណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសថៃជំរុញរដ្ឋាភិបាលថៃ ឲ្យធ្វើការចុះបញ្ជីកម្មករនេសាទ និងបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ។ ក្នុងលិខិតនោះដែរ លោកកែវ រ៉េមីក៏បានសរសេថា នាពេលថ្មីៗនេះលោកបានទទួលព័ត៌មានច្បាស់ការណ៍ស្ដីពីការរំលោភសិទ្ធិមនុស្សមកលើប្រជាជនកម្ពុជាដែលជាកម្មករនេសាទនៅក្នុងប្រទេសថៃ ដែលក្នុងនោះរួមានការបង្ខិតបង្ខំឲ្យធ្វើការ និងការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក។

យ៉ាងណាក៏ដោយលោកកែវ រ៉េមីបានបញ្ជាក់ថា លោកបានតាមដានការវិវត្តថ្មីៗពាក់ព័ន្ធនឹងចំណាត់ការ និងការដោះស្រាយលើស្ថានភាពរស់នៅ ព្រមទាំងការធ្វើការរបស់ប្រជាជនកម្ពុជានិងក្រុមគ្រួសារពួកគាត់នៅក្នុងប្រទេសថៃផងដែរ។ ការផ្ញើលិខិតរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទៅប្រធានគណៈកម្មាធិការសិទ្ធិមនុស្សថៃនៅពេលនេះ ធ្វើឡើងក្រោយពេលដែលគេមើលឃើញថា បញ្ហារំលោភសិទ្ធិមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ការបង្ខំឲ្យធ្វើការហួសកម្លាំងពីសំណាក់ថៅកែថៃ មកលើពលករខ្មែរកំពុងកើតឡើងជារឿយៗគួរឲ្យព្រួយបារម្ភ។

សូមបញ្ជាក់ថា កម្មករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់មានចំនួនប្រមាណជាង៧០ម៉ឺននាក់ ដោយឡែកកម្មករដែលធ្វើការនៅក្នុងឧស្សាហកម្មនេសាទមិនមានទិន្នន័យពិតប្រាកដណាមួយបញ្ជាក់ថាមានចំនួនប៉ុន្មាននោះឡើយ៕ ដោយ៖ធុច ធារ៉ា

website_news/2016200901.txt · Last modified: 2017/03/12 17:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki