website_news:2016200902

ភាគីថៃប្រាប់ លោក កែវ រ៉េមី ថា រដ្ឋាភិបាលថៃ កំពុងសើរើពលករគ្មានឯកសា

រ (https://www.thmeythmey.com) September-19-2016, 7:57 pm

ភ្នំពេញ៖ ឆ្លើយតបទៅលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលស្នើឲ្យជួយការពារពលករខ្មែរ លោក វ៉ត ធីងសាមិត្ត (What Tingsamitr) ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សថៃ (NHRCT) បានអះអាងថា រដ្ឋាភិបាលថៃ បានចាប់ផ្តើមចុះឈ្មោះពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានមិនមានឯកសារត្រឹមត្រូវ រួមទាំងពលករកំពុងធ្វើការងារនៅលើទូកនេសាទថៃផងដែរ។

កាលពីថ្ងៃទី៩ ខែសីហា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើរលិខិតទៅគណៈកម្មាធិការសិទ្ធិមនុស្សថៃ (NHRCT) ឲ្យជួយការពារពលករខ្មែរដែលប្រកបរបរចិញ្ចឹមជីវិតនៅទីនោះ។ ភាគីថៃ បានឆ្លើយតបតាមលិខិតមកវិញកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយអះអាងថា រដ្ឋាភិបាលថៃ បានចាប់ផ្តើមចុះឈ្មោះពលករទេសន្តប្រវេសន៍ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលកំពុងធ្វើការងារនៅលើកប៉ាល់នេសាទសមុទ្រថៃ ដោយគ្មានឯកសារត្រឹមត្រូវ។

លិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សថៃដដែល បានឲ្យដឹងបន្តថា បច្ចុប្បន្ន ពលករប្រទេសទាំងបីខាងលើ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន និងដាក់ពាក្យសុំអនុញ្ញាតឲ្យធ្វើការងារស្របច្បាប់នៅក្នុងប្រទេសថៃ។ បន្ថែមពីនេះ NHRTC នឹងដាក់អនុសាសន៍ទៅរដ្ឋាភិបាលថៃ ដើម្បីឲ្យចាត់វិធានការចំពោះម្ចាស់ទូក ឬកប៉ាល់ ដែលរំលោភសិទ្ធិកម្មករ នៅពេលខ្លួនបញ្ចប់ការស៊ើបអង្កេត។

ដោយឡែក ពលករដែលបានចុះឈ្មោះរួចរាល់ហើយ ពួកគេត្រូវបំពេញបែបបទបញ្ជាក់អត្តសញ្ញាណជាតិពីប្រទេសកំណើតរៀងៗខ្លួន។ មួយវិញទៀត ពលករដែលមានឯកសារត្រឹមត្រូវហើយនោះ គឺត្រូវបានអនុញ្ញាតឲ្យធ្វើការងារនៅក្នុងប្រទេសថៃតាមពេលវេលាកំណត់។

បើតាមលិខិតដដែល បានបញ្ជាក់ទៀតថា គណៈកម្មការសិទ្ធិមនុស្សថៃ បានទទួលពាក្យបណ្តឹងមួយចំនួនពីពលករ និងបានផ្តល់ជំនួយដល់អ្នកដាក់បណ្តឹងទាំងនោះនៅអំឡុងឆ្នាំ២០១០-២០១៤ផងដែរ។ ក្រោយបញ្ចប់ការស៊ើបអង្កេត គណៈកម្មការនេះ នឹងបញ្ជូនអនុសាសន៍របស់ខ្លួនទៅរដ្ឋាភិបាលថៃ។ អនុសាសន៍ទាំងនេះ គឺជំរុញឲ្យមានអនុវត្តន៍ច្បាប់ការងារ និងប្រឆាំងការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាព ដោយដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះម្ចាស់កប៉ាល់ និងម្ចាស់ទូកនេសាទ ដែលប្រើកម្លាំងពលករតាមសមុទ្ទ ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ ឬមិនផ្តល់កិច្ចសន្យាជាលាយលក្ខណ៍អក្សរដល់ពលករតាមទូក និងផ្តន្ទាទោសដល់ម្ចាស់ទូកទាំងឡាយ ដែលធ្វើបាបដល់រូបរាងកាយកម្មករលើទូក។

តាមលិខិតរបស់ខ្លួនដដែល គណៈកម្មាធិការសិទ្ធិមនុស្សថៃ បានស្នើឲ្យរដ្ឋាភិបាលបង្ការ និងអប់រំស្តីពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ពលករខាងលើ។ ជាងនេះទៅទៀតនោះ គណៈកម្មាធិការនេះ អះអាងថា ខ្លួននឹងបន្តត្រួតពិនិត្យស្ថានភាពពលករ និងត្រៀមដើម្បីផ្តល់ជំនួយដល់ពលករកម្ពុជាដែលកំពុងធ្វើការងារនៅប្រទេសថៃ៕

website_news/2016200902.txt · Last modified: 2017/03/12 17:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki