website_news:2016201001

យូនីសេហ្វស្នើឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការតាមដាននិងការពារកុមារដែលត្រូវគេស្មុំទៅចិញ្ចឹម

(http://www.rfa.org/khmer/news) ដោយ អ៊ុំ រង្សី 2016-10-19

ប្រធានមូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ ដែលហៅកាត់ថា យូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា អ្នកស្រី ដេបូរ៉ា កូមីនី (Debora Comini) ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីស្មុំកូនក្នុងប្រទេស និងបទដ្ឋានអន្តរជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

អង្គការសហប្រជាជាតិ លើកឡើងថា ការស្មុំកូន ឬសុំកូនទៅចិញ្ចឹមឆ្លងប្រទេស គឺជាបញ្ហាស្មុគស្មាញ និងនៅតែជួបបញ្ហាប្រឈមចំពោះកុមារកម្ពុជា។ អង្គការអន្តរជាតិនេះ ស្នើរដ្ឋាភិបាលពង្រឹងការតាមដាន និងការពារចំពោះកុមារដែលត្រូវបានគេសុំយកទៅចិញ្ចឹម ទាំងក្នុងប្រទេស និងឆ្លងប្រទេស ពិសេសកុមារគ្រប់រូប ត្រូវទទួលបានការថែទាំ និងការការពារនៅក្នុងគ្រួសារ និងសង្គមជាតិមួយល្អ និងគ្មានការបំពានសិទ្ធិ។ មន្ត្រីអង្គការសហប្រជាជាតិ លើកឡើងថា ការរៀបចំបទដ្ឋានច្បាប់ និងនីតិវិធីថ្នាក់ជាតិឲ្យត្រូវតាមស្តង់ដារអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកំណើតរបស់កូនសុំ និងប្រទេសរបស់អ្នកសុំ គឺជារឿងចាំបាច់ ដើម្បីចៀសវាងបញ្ហាដែលអាចបង្កផលប៉ះពាល់ដល់អនាគតរបស់កុមារ និងជាពិសេសការជួញដូរកុមារ។ ការលើកឡើងរបស់ស្ថាប័នអន្តរជាតិនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីស្មុំកូនក្នុងប្រទេស និងបទដ្ឋានអន្តរជាតិ ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែតុលា។

ប្រធានមូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ ដែលហៅកាត់ថា យូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា អ្នកស្រី ដេបូរ៉ា កូមីនី (Debora Comini) មានប្រសាសន៍ថា ទោះបីជាកម្ពុជា បានអនុម័តច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសចាប់ពីឆ្នាំ២០០៩ ក៏ដោយ ប៉ុន្តែនីតិវិធីបែបបទលម្អិតក្នុងការអនុវត្តនៅមានកម្រិតនៅឡើយ។ អ្នកស្រីថា ការមិនមាននីតិវិធីច្បាស់លាស់ អាចនឹងជាកត្តាហានិភ័យ ដែលអាចនាំឲ្យកុមារកម្ពុជា ដែលត្រូវសុំយកទៅចិញ្ចឹម អាចរងអំពើហិង្សា និងរំលោភសិទ្ធិផ្សេងៗ។ អ្នកស្រីយល់ថា ដើម្បីអាចជួយធានាថា កុមារត្រូវបានការពារ និងរស់នៅជាមួយគ្រួសារដែលមានលទ្ធភាពថែទាំ និងបំពេញនូវសេចក្តីត្រូវការរបស់ពួកគេ ទាមទារឲ្យមានការបង្កើតប្រព័ន្ធតាមដាន និងការពារកុមារដ៏រឹងមាំមួយ។

ឆ្លើយតបទៅនឹងការស្នើសុំនេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ្នកស្រី ចាន់ សុទ្ធាវី លើកឡើងថា ក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ។ អ្នកស្រីថា កម្ពុជា មានច្បាប់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាបំពានសិទ្ធិណាមួយចំពោះកុមារ ដូចជា ច្បាប់ស្ដីពីការជួញដូរមនុស្ស និងក្រមព្រហ្មទណ្ឌស្ដីពីការស្មុំកូនជាដើម ដើម្បីដាក់ទោសទណ្ឌចំពោះជនល្មើសដែលប្រព្រឹត្តផ្ទុយពីនីតិវិធីស្មុំកូន៖ «ក្រោយពីបានរៀបចំបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធនឹងការស្មុំកូននេះ ក្រសួងយុត្តិធម៌ យើងបានខិតខំតាមដាន ពង្រឹងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយដើម្បីយល់ឲ្យបានស៊ីជម្រៅ ហើយជៀសវាងការយល់ច្រឡំ មានន័យថាយើងពង្រឹងឲ្យមានការអនុវត្តកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត»។

បន្ថែមពីនេះទៀត អ្នកនាំពាក្យអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ឲ្យដឹងដែរថា ដើម្បីការពារដល់កុមារ ក្រសួងនឹងកំណត់ចំនួនទីភ្នាក់ងារដែលអាចមានសិទ្ធិស្មុំកូនទៅអន្តរប្រទេស និងមានការចុះកិច្ចព្រមព្រៀងជាក់លាក់ដើម្បីធានាថា កុមារដែលត្រូវបានស្មុំទៅចិញ្ចឹម ទទួលបានសិទ្ធិរស់នៅពេញលេញ៖ «រដ្ឋាភិបាលយើងនឹងគិតគូរឲ្យមានការដោះស្រាយតាមនីតិវិធី ហើយយើងក៏មានការិយាល័យផ្ទាល់នៅក្នុងប្រទេស ដែលធ្វើការពាក់ព័ន្ធនឹងការស្មុំកូន ដើម្បីកំណត់អត្តសញ្ញាណច្បាស់ចំពោះជនដែលមកស្មុំកូនឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់រាល់ការជួញដូរចំពោះកុមារ ឬការធ្វើអាជីវកម្មលើកុមារតាមរូបភាពផ្សេងៗ»។ អ្នកនាំពាក្យក្រសួងសង្គមកិច្ច រូបនេះបញ្ជាក់ថា ក្រោយពីកម្ពុជា អនុវត្តឲ្យប្រើប្រាស់ច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសចាប់ពីឆ្នាំ២០០៩ ឃើញថា ការស្មុំកូនអន្តរប្រទេសមានការថយចុះ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ពីចំនួនកុមារជាក់លាក់ ដែលត្រូវបានគេស្មុំជាអន្តរប្រទេសនៅឡើយទេ។

យ៉ាងណា នៅក្នុងសិក្ខាសាលានោះដែរ តំណាងមេធាវីនៃក្រសួងយុត្តិធម៌ នៅក្រុងហុងកុង (Hong Kong) អ្នកស្រី ស៊ូសាណា ស៊ីត (Susana Sit) បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលថា ដើម្បីឲ្យការអនុវត្តច្បាប់ស្ដីពីស្មុំកូនអន្តរប្រទេសមានប្រសិទ្ធភាព គឺទាមទារឲ្យអាជ្ញាធរប្រទេសដែលផ្តល់ និងអាជ្ញាធរប្រទេសដែលសុំ ពង្រឹងការសហការគ្នាឲ្យស្របតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៩៣ ស្ដីពីកិច្ចការពារកុមារ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការស្មុំកូនអន្តរប្រទេស៕

website_news/2016201001.txt · Last modified: 2017/03/13 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki