website_news:2016201002

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសទប់ស្កាត់អាជីវកម្មពពោះជំនួសអាណាព្យាបាលទារក

(http://bayontv.com.kh) 19/10/2016

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែ តុលា នេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការទប់ស្កាត់ការធ្វើអាជីវកម្ម ពរពោះរបស់ស្ត្រីដើម្បីសម្រាលកូនជំនួសអាណាព្យាបាលទារក។

ក្នុងពិធីបើកសិក្ខាសាលាលើសេចក្ដីពន្យល់ស្តីពីការស្មុំកូនក្នុងប្រទេស និងបទដ្ឋានអន្តរជាតិ នៅរាជធានីភ្នំពេញ ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ថា មកដល់ពេលនេះ ក្រសួងយុត្តិធម៌ បានកំពុងសហការជាមួយកងកម្លាំងនគរបាលក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល តាមដាន និងស៊ើបអង្កេតករណីពរពោះរបស់ស្ត្រីនេះ ដើម្បីសិក្សា និងដាក់ទោសទៅតាមច្បាប់ដែលមាន។ ឯកឧត្ដមបន្តថា អាជីវកម្មការពរពោះរបស់ស្ត្រីកន្លងមកបើទោះក្រសួងសុខាភិបាល អះអាងថាមិនមានការកើតមាននៅកម្ពុជាយ៉ាងក៏ដោយ តែបញ្ហានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការពរពោះរបស់ស្ត្រីសម្រាលកូនជំនួស បានកើតមាន ហើយកើតមានក្នុងទំហំតិចតួច និងមានលក្ខណៈលាក់បាំងច្រើន។ ឯកឧត្តម អង្គ វង្សវឌ្ឍានា បន្ថែមថា បច្ចុប្បន្ននៅកម្ពុជា បើទោះមិនទាន់មានច្បាប់ការពរពោះរបស់ស្ត្រី តែមានច្បាប់មាត្រាមួយចំនួនមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ គឺមានប្រមាណ២ទៅ៣មាត្រា បានចែងពាក់ព័ន្ធពីបញ្ហា ហើយអាចដាក់បន្ទុកទៅលើជនដែលប្រព្រឹត្តិអំពើពរពោះរបស់ស្ត្រីនេះបានទោះយ៉ាងណានៅថ្ងៃខាងមុខក្រសួងយុត្តិធម៌ នឹងជំរុញឲ្យមានការបង្កើតច្បាប់ពរពោះនេះ។

ឯកឧត្ដម អង្គវង្ស វឌ្ឍានា លើកឡើងទៀតថា ការបង្កើតច្បាប់នេះ គឺមានលក្ខណៈស្មុគស្មាញច្រើន ពិបាកគិតឲ្យបានគ្រប់ជ្រុងជ្រោយ និងពិបាកកំណត់រកអត្តសញ្ញាណ ហើយថា សម្រាប់ការបង្កើតច្បាប់នេះ គឺកម្ពុជាត្រូវទាមទាររកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសដែលបានកំពុងអនុវត្តច្បាប់ពរពោះរបស់ស្ត្រី ដែលរួមមានប្រទេស ថៃ និងបណ្តាប្រទេសនានាទៀត៕

website_news/2016201002.txt · Last modified: 2017/03/13 11:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki