website_news:2016201003

ក្រសួងយុត្តិធម៌កម្ពុជា និងអង្គការ យូនីសេហ្វ ផ្សព្វផ្សាយសេចក្តីពន្យល់អំពីស្មុំកូនក្នុងប្រទេស

(http://ann.com.kh) ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦ ដោយ: វណ្ណរិន

រាជធានីភ្នំពេញៈ នៅថ្ងៃនេះ អង្គការយូនីសេហ្វ និង ក្រសួងយុត្តិធម៌បានសហការគ្នា ផ្សព្វផ្សាយនូវសេចក្តីពន្យល់អំពីស្មុំកូនក្នុងប្រទេសតាមរយៈសិក្ខាសាលាមួយដែលមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល អ្នកអនុវត្តច្បាប់ មន្រ្តីសង្គមកិច្ចនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូប។

សេចក្តីពន្យល់នេះគឺជាសមិទ្ធិផលមួយថ្មីបន្ថែមទៀតគួរឲ្យមោទនៈរបស់ក្រសួងយុត្តិធម៌ ហើយក៏ជាស្មាដៃដែលបានរៀបចំដោយក្រុមការងារដែលមានជំនាញផ្នែកច្បាប់ច្បាស់លាស់និងមានបទពិសោធច្រើនឆ្នាំ ហើយការសរសេរនេះមានការពន្យល់បកស្រាយបំភ្លឺចំពោះចំណុចនីមួយៗ ស្របទៅនឹងខ្លឹមសារនៃច្បាប់ដែលពាក់ព័ន្ធទាំងអស់ ព្រមទាំងលើកឡើងនូវឧទាហរណ៍ជាក់ស្តែង ងាយយល់ បែងចែកច្បាស់លាស់អំពីភាពខុសគ្នាពីចំណុចមួយទៅចំណុចមួយ ហើយគ្របដណ្តប់នូវគ្រប់ទិដ្ឋភាពទាំងអស់ ដែលទាក់ទង នឹងការស្មុំកូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា នៃក្រុមការងារដែលបានខិតខំឲ្យមានសេចក្តីពន្យល់នេះឡើង ហើយព្រមទាំងបានថ្លែងអំណរគុណចំពោះលោកស្រី ដេបូរ៉ា កូមីនី ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។

លោកស្រី ដេបូរ៉ា កូមីនី ក៏បានកត់សម្គាល់ពីសារសំខាន់នៃសេចក្តីពន្យល់អំពីស្មុំកូនក្នុងប្រទេសថា៖ “សេចក្តីពន្យល់នេះគឺជាសេចក្តីពន្យល់ស្មុំកូនដំបូងក្នុងប្រទេស ហើយយើងសង្ឃឹមថាវាអាចជួយធានាថាកុមារត្រូវបានការពារនិងដាក់ឲ្យរស់នៅជាមួយគ្រួសារដែលមានលទ្ធភាពថែទាំ និងបំពេញនូវសេចក្តីត្រូវការរបស់ពួកគេ ។ លោកស្រីបានបន្តទៀតថា៖ “គោលបំណងរួមរបស់យើងគឺត្រូវបង្កើតប្រព័ន្ធការពារកុមារដ៏រឹងមាំមួយ ដែលមានមន្ត្រីសង្គមកិច្ចប្រកបដោយការយកចិត្តទុកដាក់និងមានសមត្ថភាព និងជាប្រព័ន្ធមួយដែលបំពេញតម្រូវការនិងសិទ្ធិរបស់កុមារគ្រប់រូប ដោយស្វែងរកគ្រួសារ ដែលប្រកបដោយការគាំទ្រនិងសេចក្តីស្រលាញ់ដល់ពួកគេ ។

website_news/2016201003.txt · Last modified: 2017/03/13 11:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki