website_news:2016201004

អង្គការមួយបង្កើតសេវាផ្តល់ព័ត៌មានការងារដល់អ្នកគ្មានជំនាញដើម្បីកាត់បន្ថយការចំណាកស្រុក

(http://vodhotnews.com) ដោយ លោក ឃុត សុគន្ធ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦ ម៉ោង 5:07 PM

វិទ្យាស្ថានបើកទូលាយបានបង្កើតសេវាផ្តល់ព័ត៌មានការងារថ្មីមួយឈ្មោះថា បងភ័ក្រ សម្រាប់ពលរដ្ឋដែលមានជំនាញកម្រិតទាបនិងគ្មានជំនាញអាចរកការងារធ្វើបាននៅក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។

នៅក្នុងសិក្ខាសិលាដាក់ឲ្យប្រើប្រាស់សេវាកម្មផ្តល់ព័ត៌មានការងារនៅថ្ងៃពុធទី១៩តុលានេះ នាយកកម្មវិធីនៃវិទ្យាស្ថានបើកទូលាយ លោក ហាបៀរ៍ សូឡា មានប្រសាសន៍ថា ព័ត៌មានការងារដែលវិទ្យាស្ថានផ្សព្ធផ្សាយនោះ គឺផ្តោតលើវិស័យចំនួន៤គឺ វិស័យសំណង់ រោងចក្រ បដិសណ្ឋារកិច្ច និងសន្តិសុខ។ លោកថាពលរដ្ឋកម្ពុជាជាង៣០ម៉ឺនបានចូលប្រឡូកក្នុងវិស័យការងារជារៀងរាល់ឆ្នាំ ដែលភាគច្រើនពួកគេមានជំនាញកម្រិតទាបឬគ្មានជំនាញការងារនោះទេ។ លោកបន្ថែមថានៅកម្ពុជាមានក្រុមហ៊ុនជាង៩០%ត្រូវការកំលាំងពលកម្មដោយមិនត្រូវការជំនាញខ្ពស់និងមានប្រាក់ខែសមរម្យ ប៉ុន្តែលោកថាដោយសារតែមិនមានការផ្តល់ព័ត៌មានអំពីការងារនេះបានទូលំទូលាយ ធ្វើឲ្យពួកគេចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។ លោកបន្ថែមថា៖ “ការជួយផ្តល់កម្មវិធីនេះឲ្យពួកគេប្រើប្រាស់ ប្រជាជនកម្ពុជាអាចរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ពួកគេនឹងមិនចាំបាច់ទៅរកងារធ្វើនៅក្រៅប្រទេសដែលឆ្ងាយពីក្រុមគ្រួសារ ហើយនឹងមានសុវត្តិភាព ហើយពួកគេនឹងមិនមានការជួញដូរមនុស្ស”។

ប្រធានគម្រោងនៃវិទ្យាស្ថានបើទូលាយ លោក ហេ្វដេរីកូ បារ៉េរ៉ាស ឲ្យដឹងថាសេវាកម្មផ្តល់ព័ត៌មានការងារនេះមានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះថា www.bongpheak.com។ លោកថាការជ្រើសរើសផ្សាយលើទំព័រហ្វេសប៊ុកនេះបន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវរកឃើញថាមានកម្មករសំណង់ កម្មកររោងចក្រ និងពលរដ្ឋនៅតាមជនបទប្រមាណ៥០%បានប្រើប្រាស់ទូរសព្ទស្មាតហ្វូននិងមានប្រើហ្វេសប៊ុក។ លោក ហេ្វដេរីកូ បារ៉េរ៉ាស ពន្យល់ថាប្រសិនបើពលរដ្ឋដែលមានជំនាញកម្រិតទាបឬគ្មានជំនាញ ចង់ទទួលបានព័ត៌មានអំពើការងារផ្សេងៗឬចង់រកការងារធ្វើ ពលរដ្ឋទាំងនោះអាចចុចឡាយ(Like)លើទំព័រហ្វេសប៊ុករបស់សេវាកម្ម បងភ័ក្រ www.bongpheak.com។ លោកបន្ថែមថា ហ្វេសប៊ុករបស់សេវាកម្ម បងភ័ក្រ នេះក៏មានកន្លែងអាចឲ្យពលរដ្ឋចុះឈ្មោះដាក់ពាក្យធ្វើការងារបានភ្លាមៗដោយមិនគិតថ្លៃផងដែរ។ លោកបន្ថែមថា៖ “មើលទៅលើអ្នកកំពុងធ្វើការងារបច្ចុប្បន្ន(អ្នកធ្វើការងារគ្មានជំនាញ)ពួកបានប្រើប្រាស់ហ្វេសប៊ុកស្មាតហ្វូនប្រហែងជាជាង៥០% ដូច្នេះបញ្ហាប្រឈមនេះនឹងអាចដោះស្រាយបាន”។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ពឹម សុភា បានសម្តែងការគាំទ្រចំពោះវិទ្យាស្ថានបើកទូលាយដែលបានបង្កើតសេវាកម្មផ្តល់ព័ត៌មានការងារនេះ ដោយថាបានចូលរួមដល់រដ្ឋាភិបាលមួយផ្នែកទៀតក្នុងការជួយស្វែងការងារជូនប្រជាពលរដ្ឋឲ្យមានការងារធ្វើក្នុងស្រុកនិងចូលរួចកាត់បន្ថយការចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសផងដែរ។ លោកបន្ថែមថា៖ “គម្រោងនេះបង្កើនសមត្ថភាពបន្ថែមក្នុងការផ្សព្វផ្សាយពីឪកាសការងារទូលំទូលាយថែមទៀតដល់យុវជនអ្នករកការងារធ្វើនៅតាមទីជនបទដែលមិនសូវទទួលព័ត៌មានពេញលេញពីឪកាសការងារនិងតម្រូវការថ្មីៗរបស់នយោជក”។

បើតាមមន្រ្តីរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់ឲ្យដឹងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឬ MoU ប្រទេសយ៉ាងតិច៧ ដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង កាតា អារ៉ាប៊ីសាអូឌិត សិង្ហបូរី និងជប៉ុនទាក់ទងនឹងការធានាសិទ្ធិពលករខ្មែរ។ លោកថាពលករចំណាកស្រុកគិតត្រឹមខែកុម្ភៈឆ្នាំ២០១៦នេះមានប្រមាណជា៦៥ម៉ឺននាក់ ពួកគេផ្ញើថវិកាចូលកម្ពុជាបានប្រមាណ១,៦ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

website_news/2016201004.txt · Last modified: 2017/03/13 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki