website_news:2016201203

ថៅកែ ឡឥដ្ឋ ប្រើបំណុលចងមនុស្សឲ្យធ្វើការ

(http://www.postkhmer.com) Tue, 20 December 2016 Shaun Turton and នៀម ឆេង

ភ្នំពេញៈ ការប្រើប្រាស់បំណុលដើម្បីចងកម្មករឲ្យស្ថិតនៅក្នុង «ទាសភាពសម័យទំនើប» កំពុងរីករាលដាលនៅតាមរោងចក្រផលិតឥដ្ឋជាច្រើន ក្នុងប្រទេសកម្ពុជា។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានចេញកាលពីថ្ងៃទី ២ ខែធ្នូ។

នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា «ការអភិវឌ្ឍលើទាសភាព ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ ក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា» អង្គការនេះបានចងក្រងឯកសារអំពីការកេងប្រវ័ញ្ចទៅលើមនុស្សពេញវ័យ និងកុមារ នៅតាមរោងចក្រក្នុងខេត្តត្បូងឃ្មុំ កណ្តាល និងភ្នំពេញ ដែលជារៀងរាល់ថ្ងៃត្រូវយកឥដ្ឋរាប់ម៉ឺនដុំទៅដាក់តាមការដ្ឋានសំណង់ជុំវិញរាជធានី។ អ្នកនិពន្ធនិយាយថា តាមរយៈការសម្ភាសជាមួយកម្មករប្រមាណ ៥០ នាក់ អង្គការ លីកាដូបានរកឃើញថា កម្មករទាំងអស់លើកលែងតែម្នាក់ កំពុងធ្វើការងារដើម្បីសងបំណុលចន្លោះពី ១ ០០០ ទៅ ៦ ០០០ ដុល្លារដែលផ្តល់ឲ្យដោយម្ចាស់រោងចក្រ ដើម្បីចងពួកគេឲ្យធ្វើការ «រយៈពេលយូរ តម្លៃពលកម្មថោក និងស្តាប់បង្គាប់»។

ដោយទទួលបានប្រាក់តាមអត្រាបរិមាណការងារ កម្មករទាំងនេះទទួលបានប្រាក់ចន្លោះពី ២ ដុល្លារទៅ ១០ ដុល្លារក្នុងមួយថ្ងៃ ហើយកម្មករទាំងនេះ ជាញឹកញាប់ មិនអាចមានលទ្ធភាពសងបំណុលបាន ដែលជាហេតុធ្វើឲ្យពួកគេ ជាប់នៅក្នុងការធ្វើការងារក្នុងវិស័យនេះជារៀងរហូត និងស្ថិតក្នុងភាពក្រីក្រ ហើយធ្វើឲ្យពួកគេក្រីក្រជាច្រើនជំនាន់តៗគ្នា។

ជាងនេះទៀត របាយការណ៍បានរកឃើញថាការប្រើបំណុល ដើម្បីឲ្យគេធ្វើការឲ្យខ្លួន គឺផ្ទុយពីច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ដែលជាមូលហេតុចម្បងមួយ នៃការរីករាលដាលនៃពលកម្មកុមារ នៅក្នុងឧស្សាហកម្មគ្រោះថ្នាក់នេះ។ របាយការណ៍នេះ ត្រូវបានចេញនៅចំថ្ងៃទិវាលុបបំបាត់ទាសភាព ថ្ងៃទី ២ ធ្នូ។

ការចុះទៅរោងចក្រឥដ្ឋចំនួនពីរ ដោយភ្នំពេញប៉ុស្តិ៍ កាលពីដើមខែនេះ បានបញ្ជាក់អំពីការរីករាលដាលនេះ។ ម្ចាស់រោងចក្រម្នាក់ បានទទួលស្គាល់ថា អាជីវកម្មមួយចំនួន ដើម្បីរកបានកម្មករល្អ គឺត្រូវចាប់យកកម្មករពីការដ្ឋានដទៃៗ តាមរយៈការផ្តល់កម្ចីដល់ពួកគេ។ ដោយកត់សម្គាល់ថា អាជ្ញាធរដឹងយ៉ាងច្បាស់អំពីការអនុវត្តបែបនេះរបាយការណ៍នេះបានអំពាវនាវឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនសំណង់អន្តរជាតិ ដែលទិញឥដ្ឋថោកៗ ឲ្យបញ្ចប់ «និទ្ទណ្ឌភាព» ចំពោះម្ចាស់រោងចក្រឥដ្ឋ។ អ្នកនិពន្ធនិយាយថា ៖ «ទម្រង់នៃទាសភាពដ៏ព្រៃផ្សៃនេះ នឹងបន្តរីករាលដាលក្នុងប្រទេសកម្ពុជា»។

ការជ្រើសរើសកម្មករ ខណៈរាជធានីភ្នំពេញរីកធំជាងមុន ផលិតកម្មឥដ្ឋបានកើតមានជាច្រើន អង្គការ លីកាដូបានផ្តោតទៅលើរោងចក្រចំនួន ១១ ចង្កោម នៅភាគខាងជើងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៥ និងលេខ ៦ ដោយសរុបទៅមានការដ្ឋានជាង ១៣០ និងកម្មកររាប់ពាន់នាក់។

របាយការណ៍បានពន្យល់ថា ភាគច្រើននៃកម្មករទាំងនោះ បានមកធ្វើការនៅក្នុងឧស្សាហកម្មនេះ គឺដោយសារមានបំណុលជំពាក់អ្នកជិតខាង ឬចងការប្រាក់គេ ឬត្រូវការលុយព្យាបាលជំងឺ ឬដាំដំណាំមិនបានផល។ ដោយសារមិនមានប្រាក់សងបំណុល ពួកគេបានបង្វែរបំណុលទៅម្ចាស់រោងចក្រឥដ្ឋ ដែលផ្តល់កម្ចីគ្មានការប្រាក់ ដែលអាចសងវិញតាមរយៈការធ្វើការសងបំណុល។

ជាក់ស្តែង អ្នកស្រីវន់ ផូ អាយុ ៥៩ ឆ្នាំ ដែលជាអតីតកសិករធ្វើស្រែ និងដាំបន្លែនៅស្រុកមុខកំពូល ខេត្តកណ្តាល ឥឡូវនេះ រកចំណូលបានប្រហែល ២ ដុល្លារក្នុងមួយថ្ងៃ ពីការងារជាកម្មករឡឥដ្ឋដែលត្រូវលើកឥដ្ឋនិងដឹកអុសដាក់រទេះយកទៅដាក់ក្នុងឡនៅរោងចក្រតូចមួយ ក្នុងឃុំព្រែកអញ្ចាញ។ អ្នកស្រីដែលមានកូនពីរនាក់ ហើយកូនទាំងពីរ ក៏កំពុងធ្វើការនៅរោងចក្រឥដ្ឋដែរនោះ បានចាប់ផ្តើមការងារនៅការដ្ឋាននេះ ប្រហែល ៣ ឆ្នាំមកហើយ បន្ទាប់ពីអ្នកស្រីមិនអាចមានលទ្ធភាពសងបំណុលទៅអ្នកជិតខាងដែលខ្ចីដើម្បីទិញអាហារ។ ដូចកម្មករដទៃៗទៀតភាគច្រើនបំផុត ដែលធ្វើការជាមួយអ្នកស្រី អ្នកស្រីជំពាក់បំណុលថៅកែចំនួន ១៥០ ដុល្លារ ដែលអ្នកស្រីនិយាយថា មិនអាចមានលទ្ធភាពសងបំណុលបាន។

អ្នកស្រី ផូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ខណៈអ្នកស្រីកំពុងដាក់ឈើចូលទៅក្នុងរទេះជាមួយកូនប្រសារថា៖«ខ្ញុំអាចធ្វើការងារនៅទីនេះបាន ប៉ុន្តែខ្ញុំនឹងមិនអាចសងបំណុលបានក្នុងរយៈពេល ១០ ឆ្នាំឬ ២០ ឆ្នាំនោះទេ»។ «ខ្ញុំរកចំណូលប្រហែល ៨ ០០០ រៀល។ វាអាស្រ័យទៅលើទំហំការងារដែលខ្ញុំអាចធ្វើបាន។ ខ្ញុំទទួលបាន ៣ រៀលក្នុងឥដ្ឋមួយដុំ ដូច្នេះដើម្បីទទួលបានប្រាក់ ៣០ ០០០ រៀល ខ្ញុំត្រូវលើកឥដ្ឋចំនួន ១០ ០០០ ដុំ ដែលខ្ញុំនឹងត្រូវហត់ជិតស្លាប់។ ប៉ុន្តែខ្ញុំមិនដឹងថាតើត្រូវធ្វើអ្វីផ្សេងនោះទេ ខ្ញុំគ្មានជម្រើស។ វាមិនគ្រប់គ្រាន់សម្រាប់ហូបចុក ប៉ុន្តែក្រៅពីការងារនេះ ខ្ញុំមិនដឹងថា មានអ្វីផ្សេងអាចធ្វើបានទេ»។ «ប្រសិនបើខ្ញុំមានលុយ ខ្ញុំអាចសងបំណុលថៅកែពេលណាក៏បាន ប៉ុន្តែប្រសិនបើខ្ញុំអត់មាន ខ្ញុំនឹងធ្វើការនៅទីនេះរហូតដល់ខ្ញុំកាន់ឈើច្រត់»។

ការងារគ្រោះថ្នាក់ គឺមិនមែនសម្រាប់កុមារទេ

អង្គការលីកាដូ បានកត់សម្គាល់ថា ខណៈគ្រឿងចក្រដំណើរការធ្វើឥដ្ឋ ហើយឡមានកម្តៅចន្លោះពី ៩០០ ទៅ ១ ២០០ អង្សា ដើម្បីដុតឥដ្ឋ ការងារនៅរោងចក្រឥដ្ឋ នៅតែជាការងារគ្រោះថ្នាក់ខ្លាំងដោយសារគ្រោះថ្នាក់ និងរបួសបានកើតឡើងជាញឹកញាប់។ របាយការណ៍នេះបន្តថា ការផ្តល់ប្រាក់ឈ្នួលគិតតាមចំនួនបរិមាណ ជាជាងប្រាក់ខែទៀងទាត់ ជាកត្តាធ្វើឲ្យកុមារចង់ធ្វើការជាមួយឪពុកម្តាយរបស់ពួកគេ ដើម្បីរកប្រាក់បន្ថែមទៀតហើយពលកម្មកុមារ ក្នុងឧស្សាហកម្មនេះ គឺមានលក្ខណៈទូទៅ។

បើទោះបីជាមាត្រា ១៧៧ នៃច្បាប់ស្តីពីការងារ កំណត់អាយុអប្បបរមា ១៨ ឆ្នាំ សម្រាប់ការងារដែលមានលក្ខណៈគ្រោះថ្នាក់ក្តី អ្នកស្រាវជ្រាវបានសម្ភាសជាមួយកុមារ ៨ នាក់ ដែលកំពុងធ្វើការនៅការដ្ឋានដែលពួកគេកំពុងធ្វើការសិក្សាស្រាវជ្រាវហើយកុមារទាំងនោះភាគច្រើនបំផុត គឺមានអាយុពី ១៣ ឆ្នាំទៅ ១៥ ឆ្នាំ ហើយក៏ឃើញមានកុមារខ្លះផងដែរ មានអាយុក្មេងត្រឹមតែ ៩ ឆ្នាំ កំពុងធ្វើការងារ និងកាន់គ្រឿងចក្រ។

ភ្នំពេញប៉ុស្តិ៍ ក៏បានឃើញផ្ទាល់ភ្នែកផងដែរ ករណីកុមារអូសរទេះដឹកអុស។

កម្មករម្នាក់ឈ្មោះ គង់ សុផាត បានថ្លែងថា លោកបានចាប់ផ្តើមធ្វើការនៅក្នុងរោងចក្រផលិតឥដ្ឋតាំងពីលោកមានអាយុ ១៥ ឆ្នាំម្ល៉េះ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ។ បុរសដែលមានវ័យ ៣២ ឆ្នាំរូបនេះ រកប្រាក់កម្រៃបាន ៥ ដុល្លារក្នុងមួយថ្ងៃពីការធ្វើការនៅក្នុងរោងចក្រផលិតឥដ្ឋ ហើយលោកបានឱ្យដឹងថា បច្ចុប្បន្ននេះ លោកនៅជំពាក់បំណុលគេចំនួន ៣០០ ដុល្លារទៀត។ លោកបានថ្លែងថា លោកបានលះបង់ខ្ពស់ណាស់ ដោយសារតែដៃស្តាំរបស់លោកត្រូវបានកាត់ចោលក្រោយពីវាបានចូលម៉ាស៊ីននៅពេលដែលលោកយកដីឥដ្ឋដាក់ចូលម៉ាស៊ីនកិនដីកាលពី ២ ឆ្នាំមុន។ អង្គការ លីកាដូ បានស៊ើបអង្កេតករណីកុមារបីនាក់ ដែលបាត់បង់ដៃរបស់ពួកគេក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ទោះបីជាកូនរបស់លោកទាំង ពីរនាក់ នៅវ័យក្មេង មិនទាន់អាចធ្វើការបាននៅរោងចក្រផលិតឥដ្ឋនេះក្តី ក៏លោកសុផាត បាននិយាយថា លោកមិនប្រាកដថា តើពួកគេមានជម្រើសអ្វីផ្សេងនោះទេ។ លោកថ្លែងថា៖ «ខ្ញុំមិនចង់ឱ្យកូនរបស់ខ្ញុំ ទៅធ្វើការនៅទីនោះទេ ប៉ុន្តែវាអាស្រ័យលើថា តើយើងអាចមានលទ្ធភាពអ្វីឲ្យពួកគេធ្វើដែលមានលក្ខណៈប្រសើរជាងនេះឬអត់?»។

ភាពជាម្ចាស់ ការឧបត្ថម្ភ ការជួញដូរកម្មករ

ទោះបីជាត្រូវបានគេដាក់ឲ្យក្លាយជាករណីខុសច្បាប់ នៅក្នុងសន្ធិសញ្ញាអន្តរជាតិក្តី ក៏ទាសភាពបំណុលនៅតែបន្តកើតមាននៅជុំវិញពិភពលោក។ របាយការណ៍ឆ្នាំ ២០១៥ ដែលចេញ ដោយអង្គការពលកម្មអន្តរជាតិបានប៉ាន់ប្រមាណថា មានជនរងគ្រោះកម្លាំងពលកម្មដោយបង្ខំនៅទូទាំងពិភពលោកមានប្រហែល ២០,៩ លាននាក់រវាងឆ្នាំ ២០០២ ដល់ឆ្នាំ២០១១។ ដោយប្រាក់ចំណូលមិនគ្រប់គ្រាន់ កម្មករជាញឹកញាប់តែងតែខ្ចីប្រាក់បន្ថែមពីម្ចាស់រោងចក្រឬជំពាក់បំណុលគេកាន់តែច្រើននៅតាមបណ្តារោងចក្រជាច្រើនផ្សេងគ្នា។

អង្គការលីកាដូបានសម្ភាសស្ត្រីម្នាក់ដែលគាត់បានជំពាក់បំណុលគេរហូតដល់ ៣ ០០០ ដុល្លារបន្ទាប់ពីគាត់បានផ្លាស់ប្តូររោងចក្រធ្វើការចំនួន ១០ កន្លែងផ្សេងៗគ្នា។ អ្នកស្រីអេង អ្នកចាត់ការទូទៅនិងជាថៅកែរោងចក្ររបស់អ្នកស្រីផូ និងលោកសុផាត ដែលជាបងប្អូនគ្នាបាននិយាយការពារការប្រើប្រាស់កម្លាំងពលកម្មដែលជាប់បំណុលនេះ។ អ្នកស្រីថ្លែងថា៖ «ប្រសិនបើពួកគេខ្ចីលុយពីខាងក្រៅ នោះពួកគេត្រូវបង់ការប្រាក់ ប៉ុន្តែប្រសិនបើពួកគេ មកខ្ចីលុយពីយើង ឧទាហរណ៍ខ្ចី ១ ០០០ ដុល្លារ យើងមិនយកការប្រាក់នោះទេ។ អ្វីដែលសំខាន់គឺថា ពួកគេបានធ្វើការឲ្យយើង»។ អ្នកស្រី អេង បន្តថា អាជីវកម្មរបស់អ្នកស្រី គឺជិតនឹងក្ស័យធនទៅហើយ ព្រោះជាញឹកញាប់ អ្នកស្រីតែងតែចាញ់បោកគេ ដោយអ្នកស្រីបានប៉ាន់ស្មានថា អ្នកស្រីបានផ្តល់ប្រាក់កម្ចីទៅឲ្យកម្មករអស់ប្រមាណ ១ ម៉ឺនដុល្លារ ហើយតែពួកគេមិនសង ពួកគេរត់គេចខ្លួនបាត់អស់។ «ឧទាហរណ៍ក្នុងអំឡុងពេលពិធីបុណ្យប្រពៃណីជាតិ ពួកគេបានសុំទៅលេងស្រុកកំណើត រួចពួកគេមិនដែលវិលត្រឡប់មកធ្វើការវិញនោះទេ»។ អ្នកស្រីបន្ថែមថាកម្មករមួយចំនួន «ខូច» ជាពិសេស ពួកគេតែងតែផឹកស្រាស្រវឹងស្ទើរគ្រប់ពេល។

របាយការណ៍ លីកាដូ រកឃើញថា កម្មកររោងចក្រផលិតឥដ្ឋ មើលទៅម្ចាស់រោងចក្រថា ជាអ្នកដែលមានចិត្តសណ្តោសមេត្តាច្រើន ហើយហាក់ដូចជាមិនសូវមានពាក្យរិះគន់នោះទេ ប៉ុន្តែ លីកាដូ ជំរុញឱ្យមានលក្ខខណ្ឌការងារល្អប្រសើរជាងនេះ។ ទោះយ៉ាងណាមានកម្មករមួយចំនួនប្រាប់ថា ពួកគេរងការគំរាមកំហែងហើយពួកគេនឹងត្រូវចាប់ខ្លួនបើពួកគេចាកចេញ។ លីកាដូ បានលើកឡើងពីឧទាហរណ៍មួយដែលប៉ូលិសបានបង្ខិតបង្ខំកម្មករម្នាក់ឱ្យវិលត្រឡប់ទៅធ្វើការនៅរោងចក្រផលិតឥដ្ឋវិញ។

នៅក្បែរឡឥដ្ឋ «ពន្លឺព្រះអាទិត្យ» មានកម្មករប្រមាណជាង ១០០នាក់ ស្ថិតនៅខាងក្រោយជញ្ជាំងខ្ពស់មួយដែលដាក់សំណាញ់បន្លាពីខាងលើ លោកសំណាង និងប្រពន្ធរបស់លោកដឹងថា ពួកលោកកំពុងជាប់នៅក្នុងស្ថានភាពដ៏លំបាកនោះ។ បើចង់សុំច្បាប់ គឺមានតែម្នាក់គត់ ដែលអាចសុំច្បាប់បានក្នុងពេលតែមួយក្នុងចំណោមពួកគេទាំងពីរហើយលុះត្រាតែមានការអនុញ្ញាតត្រឹមត្រូវ។ ប្តីប្រពន្ធមួយគូនេះបានផ្លាស់មកធ្វើការក្នុងរោងចក្រនេះ កាលពីមួយឆ្នាំមុន បន្ទាប់ពីសត្វល្អិតបានបំផ្លាញកសិផលរបស់ពួកគេអស់នៅក្នុងខេត្ត កំពង់ចាម។ ពួកគាត់បានខ្ចីប្រាក់ពីថៅកែ ១ ០០០ ដុល្លារដើម្បីសងបំណុលគេ។ រយៈពេល ១២ ខែនេះ ពួកគាត់បានសងគេអស់ចំនួន ២០០ ដុល្លារហើយ ទោះបីជាភាគច្រើនពួកគាត់ធ្វើការប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ក្តី។ ដោយធុញទ្រាន់ជាមួយនឹងការងារនេះ លោកសំណាង ចង់លក់គោរបស់លោកមួយចំនួន ដើម្បីសងបំណុលគេឲ្យអស់ ប៉ុន្តែប្រាក់ដែលត្រូវសង គឺច្រើនជាងប្រាក់ដើមបីបួនដងឯណោះ។

នៅពេលទាក់ទងតាមទូរស័ព្ទ ម្ទាស់រោងចក្រដែលបដិសេធប្រាប់ឈ្មោះ បានបដិសេធពីការលើកឡើងនេះ។ ថៅកែរូបនេះ បញ្ជាក់ថា៖ «មិនមានរឿងយ៉ាងដូច្នេះកើតឡើងនៅក្នុងរោងចក្ររបស់ខ្ញុំទេ។ ប្រសិនបើពួកគេនៅមានជំពាក់បំណុល ពួកគេគ្រាន់តែធ្វើការដើម្បីរកលុយនៅទីនេះប៉ុណ្ណោះ»។ និទ្ទណ្ឌភាព ដើម្បីប្រារព្ធទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាសភាព អ្នកជំនាញរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងទាសភាពក្នុងខែនេះបានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសនូវអ្វីដែលគេហៅថា «ទាសភាពសម័យទំនើប» ជាពិសេសការកេងប្រវ័ញ្ចលើកុមារ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីទម្រង់សហសម័យនៃទាសភាព លោក Urmila Bhoola ថ្លែងថា ការអនុវត្តន៍បែបនេះគឺ «មិនអាចនៅបន្តទេ ហើយក៏មិនត្រូវបានអត់ឱនឲ្យនោះដែរ»។

ក្រុមអ្នកស្រាវជ្រាវអង្គការលីកាដូ បានរកឃើញថា មន្ត្រីឃុំសង្កាត់ និងប៉ូលិសបាន «ដឹង» ច្បាស់ពីការអនុវត្តនេះ ប៉ុន្តែមិនធ្វើសកម្មភាពអ្វីនោះទេ ហើយស្ទាក់ស្ទើរក្នុងការតាមដានករណីទាំងនោះជាកន្លែងដែលកុមារមានគ្រោះថ្នាក់។ ទោះបីជារកមិនឃើញភ័ស្តុតាង នៃការផ្តល់សំណូកដោយផ្ទាល់ក្តីក៏របាយការណ៍នោះ បានកត់សម្គាល់ថា បុគ្គលិកបានឃើញថៅកែរោងចក្របានផ្តល់កាដូមួយចំនួន ដូចជាស្រាបៀរ ម្ហូបអាហារ និងប្រាក់ជាដើម ទៅឱ្យមន្ត្រីទាំងនោះ។

ភ្លាមៗក្រោយពេលអង្គការលីកាដូ បានចេញរបាយការណ៍នេះ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានប្រតិកម្មខ្លាំងៗទៅលើរបាយការណ៍នេះលើចំណុច «ពលកម្មកុមារ» ដោយមិននិយាយទាក់ទងនឹងការបញ្ចាំមនុស្ស ដើម្បីដោះបំណុលរបស់កម្មករនោះទេ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះផ្សាយកាលពីថ្ងៃទី ២ ខែ ធ្នូ សរសេរថា៖ «ក្រសួងមានការសោកស្តាយដែលក្រុមអង្កេតរបស់អង្គការលីកាដូ ខកខានមិនបានប្តឹងមកអាជ្ញាធរមានសមត្ថកិច្ច ឬមកក្រសួងដើម្បីចាត់វិធានការជួយដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារបានទាន់ពេលវេលាក្នុងករណីដែលខ្លួនពិតជាបានឃើញសកម្មភាពបែបនេះពេលដែលខ្លួនបានចុះអង្កេត»។

ទោះយ៉ាងណា ក្នុងចំណោមអនុសាសន៍របស់លីកាដូ គឺស្នើឲ្យរដ្ឋាភិបាល លុបចោលបំណុឮលរវាងម្ចាស់រោងចក្រផលិតឥដ្ឋ និងកម្មករហើយរួមបញ្ចូលទាំងការលើកលែងទោសដល់ម្ចាស់ដែលប្រព្រឹត្តល្មើសដោយមិនយកទោសពៃរ៍ផងដែរ។ ពួកគេក៏បានអំពាវនាវឲ្យមានការអនុវត្តឲ្យបានតឹងរ៉ឹងជាងមុន ហើយស្នើឲ្យមានការត្រួតពិនិត្យឲ្យបានញឹកញាប់បន្ថែមទៀត ដោយក្រសួងការងារ។

លោក មឿន តុលា ប្រធានអង្គការតស៊ូមតិសិទិ្ធការងារថ្លែងថា៖ «បញ្ហាសំខាន់គឺរដ្ឋាភិបាលអសកម្ម។ ក្រសួងការងារផ្តោតសំខាន់តែទៅលើវិស័យកាត់ដេរ ប៉ុន្តែវិស័យសំណង់ និងរោងចក្រផលិតឥដ្ឋភាគច្រើន គឺត្រូវបានគេមើលរំលង»។ «ខ្ញុំមិនគិតថា នឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះទេលុះត្រាតែយើងលុបបំបាត់ ឬ កាត់បន្ថយអំពើពុករលួយជាមុនសិន»៕ PS/NS

website_news/2016201203.txt · Last modified: 2017/03/16 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki