website_news:2016201204

ក្រសួងការបរទេសអំពាវនាវដល់ពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នចំពោះការអូទាញស្ត្រីខ្មែរទៅរៀបការជាមួយបរទេស ឬទៅធ្វើការដោយខុសច្បាប់នៅប្រទេសនានា

(http://www.rasmeinews.com/local) ដោយ ៖ ថ្ងៃទី 20 ធ្នូ 2016 ម៉ោង 12:23:PM

(ភ្នំពេញ)៖តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃបានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលត្រូវមេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិន អោយបានត្រឡប់មកកម្ពុជាវិញ។ ស្ត្រីរងគ្រោះទាំង៣នាក់រួមមាន (១) នារីឈ្មោះ ឆ.ព អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ចាម (២) នារីឈ្មោះ ធ.ម.ល អាយុ១៦ឆ្នាំមកពីខេត្តកំពង់ចាមនិង(៣) នារីឈ្មោះ ស.ដ.ន អាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង។ នារីទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២៣:១៥នាទី តាមជើងយន្តហោះMU759 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានរ៉ាប់រងផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគដល់នារីរងគ្រោះទាំង៣នាក់ផងដែរ។

ជាថ្មីម្តងទៀត ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះមេខ្យល់ឬជនណាដែលប្រើលាភសក្ការៈ ដើម្បីអូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត ប៉ុនប៉ងយកទៅរៀបការជាមួយជនបរទេស ឬធ្វើការខុសច្បាប់នៅតាមប្រទេសនានា៕

website_news/2016201204.txt · Last modified: 2017/03/16 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki