website_news:2016201205

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ជួយនារីខ្មែររងគ្រោះ ៣នាក់

(http://dap-news.com/kh) អង្គារ, ២០ ធ្នូ ២០១៦ 12:00 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ តាមការណែនាំ របស់ក្រសួងការបរទេសខ្មែរ បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលមេខ្យល់បោកបញ្ឆោត យកទៅរៀបការជាមួយ បុរសជនជាតិចិន ឲ្យបានត្រឡប់មកកម្ពុជាវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នារីទាំង៣នាក់ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ធ្នូ វេលាម៉ោង ២៣ និង១៥នាទី តាមជើងយន្តហោះMU759។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានរ៉ាប់រង ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់នារីរងគ្រោះទាំង៣នាក់ ផងដែរ។

ជាថ្មីម្តងទៀត ក្រសួងការបរទេស អំពាវនាវ ដល់ពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេខ្យល់ ឬជនណាដែលប្រើលាភសក្ការៈ ដើម្បីអូសទាញ បញ្ចុះបញ្ចូល និងបោកបញ្ឆោត ប៉ុនប៉ងយកទៅរៀបការ ជាមួយជនបរទេស ឬធ្វើការខុសច្បាប់ នៅតាមប្រទេសនានា៕

website_news/2016201205.txt · Last modified: 2017/03/16 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki