website_news:2016201207

ក្មេងៗដែលតាមឪពុកម្ដាយធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាង៣០%ភាគច្រើនមានអាយុក្រោម១៤ឆ្នាំ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃចន្ទ (19-12-2016 19:52)

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរកំពុងធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗ ក្នុងមួយងថ្ងៃៗ ដើម្បីឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈការស្នើសុំពីសមាគមកាងារនៅប្រទេសថៃ ហើយក្នុងនោះគេសង្កេតឃើញកុមារតូចៗដែលមានអាយុក្រោម១៤ឆ្នាំជាង៣០% បានធ្វើចំណាកស្រុកទៅតាមឪពុកម្ដាយ ដោយសារតែបញ្ហាជីវភាពខ្វះខាត។ លោកវរ:សេនីយឯក ឈុន លុន ប្រធានក្រុមការងារទំនាក់ទំនងខ្មែរ ថៃ ប្រចាំច្រកទ្វាតំបន់(ភ្នំដី) ស្រុកសំពៅលូន បានផ្ដល់ព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែធ្នូថា ប្រជាពលរដ្ឋខ្មែរនៅតែបន្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ជាបន្តបន្ទាប់ក្នុងមួយថ្ងៃៗ តាមរយៈការស្នើសុំដោយស្របច្បាប់ពីសមាគមការងារខេត្តស្រះកែវ ប្រទេសថៃ។ លោកថា ពលរដ្ឋខ្មែរយ៉ាងតិច២០០នាក់ក្នុងមួយថ្ងៃ ដែលភាគីខ្មែរ ថៃ បានសម្របសម្រួលតាមផ្លូវច្បាប់ ឲ្យឆ្លងដែនទៅធ្វើការងារនៅក្នុងទឹកដីថៃ។

លោក ឈុន លុន បានប្រាប់ថា ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះមិនមែនសុទ្ធតែអ្នកនៅខេត្តបាត់ដំបងទេ គឺភាគច្រើនពួកគេធ្វើដំណើមកពីតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ បើតាមការពិនិត្យជាក់ស្ដែងនៅមាត់ច្រកទ្វាតំបន់(ភ្នំដី)ក្នុងស្រុកសំពៅលូន គេសង្កេតឃើញប្រជាពលរដ្ឋចំណាកស្រុកបានចាប់ផ្ដើមឆ្លងព្រំដែនតាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ម៉ោងបិទច្រកព្រំដែនពេលល្ងាច។ អ្នកខ្លះស្ពាយកាបូប ខ្លះបីកូនក្នុងដៃ ខ្លះដឹកដៃកូនតូចៗ ក្មេងៗបីកូនឆ្កែ កូនមាន់ ហើយខ្លះទៀតនាំគ្នាអូសរទេះដឹកអីវ៉ាន់យ៉ាងរយេករយោកគួរឲ្យសង្វេគបំផុត ឆ្លងព្រំដែនទៅកាន់ប្រទេសថៃ។

ទិដ្ឋភាពបែបនេះ មើលទៅហាក់បីដូចប្រជាពលរដ្ឋកំពុងរត់ភៀសខ្លួនពីសង្គ្រាមដូច្នេះដែរ។ អង្គុយលើបង់ថ្មកំពុងរង់ចាំគេផ្ដល់សញ្ញាឲ្យឆ្លងដែន ស្ត្រីវ័យ៣០ឆ្នាំប្លាយម្នាក់បាននិយាយទាំងទឹកមុខស្រពោនថា (គ្រួសារខ្ញុំទាំងអស់គ្មានអ្នកនៅចាំផ្ទះទេ សូម្បីតែឆ្កែ មាន់ក៏យកទៅតាមដែរ ព្រោះនៅផ្ទះគ្មានអ្នកដាក់បាយចំណី)។ ស្ត្រីរូបនេះបាននិយាយហើយលើកដៃអង្អែលក្បាលកូនស្រីថា (កូនស្រីខ្ញុំអាយុ៨ឆ្នាំ និងកូនប្រុសអាយុ១០ឆ្នាំ កំពុងនៅរៀន នៅឡើយ តែខ្ញុំត្រូវតែឲ្យពួកគេទៅតាម ព្រោះនៅផ្ទះគ្មានអ្នកថែទាំមើលការខុសត្រូវ)។

រីឯបុរសវ័យ៤៥ឆ្នាំម្នាក់ទៀតដែលអង្គុយលើម៉ូតូនៅក្បែនោះ ក៏បាននិយាយដែរថា គាត់ក៏កំពុងធ្វើការនៅប្រទេថៃដែរ តែគាត់មកយកក្មួយៗ ដែលឪពុកម្ដាយពួកគេធ្វើការនៅថៃ។ បុរសរូបនេះ បានបញ្ជាក់ថា កុមារតូចៗច្រើនណាស់ដែលបោះបង់ការសិក្សា ហើយធ្វើចំណាកស្រុកតាមឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ដោយសារបញ្ហាជីវភាព។ ជុំវិញប្រជាពលរដ្ឋខ្នែរកំពុងធ្វើចំណាកស្រុកឆ្លងដែនទៅធ្វើការនៅប្រទេសថៃ រាប់រយនាក់ក្នុងមួយថ្ងៃៗខាងលើនេះ បើតាមលោក ឈុន លុន ប្រធានក្រុមការងារទំនាក់ទំនងខ្មែរ ថៃ ប្រចាំច្រកទ្វាតំបន់(ភ្នំដី) ស្រុកសំពៅលូន បានឲ្យដឹងទៀតថា គិតចាប់តាំងពីដើមខែ រហូតត្រឹមថ្ងៃទី១៩ ធ្នូ ២០១៦ នេះ ពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅទឹកដីថៃ តាមច្រកភ្នំដី តាមរយៈការស្នើសុំស្របច្បាប់ពីសមាគមការងារថៃ ខាងលើនេះ មានចំនួនមិនតិចជាង១ម៉ឺននាក់ឡើយ។

លោកបានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានកុមារតូចៗដែលមានអាយុក្រោម១៤ឆ្នាំជាង៣០% បានធ្វើចំណាកស្រុកតាមឪពុកម្ដាយពួកគេ ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរៀនសូត្ររបស់ពួកគេ។ លោក ឈុន លុន ក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរដែលស្នើសុំដោយសមាគមការងារថៃ ខាងលើនេះ ភាគច្រើនទៅកាប់អំពៅនៅតាមបណ្ដាស្រុកនានា ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ ពួកគេនឹងត្រូវបញ្ជួនត្រឡប់មកប្រទេសខ្មែរវិញ ក្រោយពីបញ្ចប់ការប្រមូលផលអំពៅរួចរាល់។ លោកក៏បានបន្ថែមដែរថា បច្ចុប្បន្នពលរដ្ឋខ្មែរនៅតែបន្តឆ្លងដែនជាបន្តបន្ទាប់នៅឡើយ ព្រោះមិនទាន់គ្រប់តម្រូវការតាមការស្នើសុំរបស់សមាគមថៃ៕

website_news/2016201207.txt · Last modified: 2017/03/16 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki