website_news:2016210101

សហភាពអឺរ៉ុប ទុកពេល២ខែដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍

(http://km.rfi.fr/europe/20160120) ដោយ នុយ ប៊ែរណាដែត ចុះផ្សាយនៅថ្ងៃទី 20-01-2016 នៅ 17:46

ប្រធានផ្លាស់វេនសហភាពអឺរ៉ុបដឹកនាំដោយប្រទេសហូឡង់ បានប្រកាសទុកពេល២ខែរហូតចុងបញ្ចប់រដូវត្រជាក់ខ្លាំង ដើម្បីចាត់វិធានការទប់ស្កាត់លំហូរអន្តោប្រវេស្តន៍មកអឺរ៉ុប នេះ ជាការគូសបញ្ជាក់របស់លោក Mark Rutte នាយករដ្ឋមន្ត្រីប្រទេសហូឡង់នៅថ្ងៃពុធ២០មករានាទីក្រុង Strasbourg។ លោក Mark Rutte នាយករដ្ឋមន្ត្រីប្រទេសហូឡង់ដែលក៏ជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប បានថ្លែងនៅចំពោះមុខសមាជិកសភាអឺរ៉ុបនៅក្រុង Strasbourg នៅថ្ងៃពុធម្សិលមិញ ថា”លំហូរអន្តោប្រវេស្តន៍មកអឺរ៉ុបកាន់តែមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកពុំអាចទ្រាំទ្រតទៅទៀតបានឡើយ“។

ប្រធានផ្លាស់វេនសហភាពអឺរ៉ុប ថែមទាំង បានទាមទារឲ្យអឺរ៉ុប ចាត់វិធានការឲ្យបានប្រសិទ្ធភាពក្នុងការកាត់បន្ថយលំហូរអន្តោប្រវេស្ត៍នេះ ឲ្យបានចំនួនដ៏ច្រើនបំផុតនៅក្នុងរយៈពេលពី ៦ទៅ៨សប្តាហ៍ខាងមុខ។ ប្រទេសហូឡង់ ដែលទើបបានឡើងកាន់តំណែងជាប្រធានផ្លាស់វេនសហភាពអឺរ៉ុប ចាប់តាំងពីថ្ងៃទី១មករានោះ នឹង ត្រូវបន្ត រហូតដល់ថ្ងៃទី៣០មិថុនា២០១៦។ ក្នុងពេលនេះ សមាជិកសភាអឺរ៉ុប កំពុងតែមានការព្រួយបារម្ភខ្លាំង ពីព្រោះគេ ខ្លាចដល់ពេលរដូវផ្ការីក ដែលអាកាសធាតុ មិនសូវមានភាពត្រជាក់ខ្លាំងនោះ អាចជំរុញលំហូរអន្តោប្រវេស្តន៍ ឲ្យហក់ស្ទុះជាថ្មីឡើងវិញ។ ពីព្រោះគ្រាន់តែនៅឆ្នាំ២០១៥កន្លងមក ចំនួនជនអន្តោប្រវេស្តន៍ដែលរត់ចូលមកអឺរ៉ុប មានរហូតដល់ជាង ១លាននាក់។ លោក Rutte ថែមទាំងបានថ្លែងសង្កត់ពាក្យទៀតថា ”វាជាការមួយដ៏សំខាន់បំផុតដែលសហភាពអឺរ៉ុប ត្រូវតែអនុវត្តឲ្យបានយ៉ាងឆាប់រហ័ស នូវកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាជាមួយប្រទេស តួកគី កាលពីឆ្នាំទៅមិញ ដើម្បីការកាត់បន្ថយលំហូរអន្តោប្រវេស្តន៍មកកាន់អឺរ៉ុប។

បន្ទាប់មកទៀត នៅក្នុងសន្និសីទកាសែតមួយ លោក Rutte ក៏ បានគូសបញ្ចាក់ទៀតថា” សហភាពអឺរ៉ុប ត្រូវតែធ្វើការផងដែរជាមួយបណ្តាប្រទេសនានា ដូចជាប្រទេស លីបង់ ឬក៏ប្រទសស៊ីហ្សកដានីជាដើម ដើម្បីឲ្យបណ្តាជនភៀសខ្លួន ដែលកំពុងស្នាក់នៅទីនោះ បានទទួលការឧបត្ថម្ភយ៉ាងត្រឹមត្រូវដូចជា នៅក្នុងវិស័យសិក្សា សុខាភិបាល ឬក៏មានការងារធ្វើជាដើម៕

website_news/2016210101.txt · Last modified: 2017/02/24 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki