website_news:2016210301

ច្រករបៀងតាមព្រំដែនគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែនលេខ៩១១ ប្រភពទំនិញគេចពន្ធឆ្លងកាត់ និងពលករចំណាកស្រុក

(http://beta.nokorwatnews.com)

Sunday , 20 March 2016 ក្រុងប៉ោយប៉ែត៖ ពលរដ្ឋចំណាកស្រុកនៅតែឆ្លងទៅប្រទេសថៃជាហូរហែរ ប្រថុយនិងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ខណៈនគរបាលគ្រប់គ្រងតាមព្រំដែនមានភាពធូរលុងនិងស្វែងរកលាភសក្ការៈយកលុយពីពលរដ្ឋឆ្លងកាត់ ពិសេសសកម្មភាពល្មើសច្បាប់ទាំងនេះ បានរងនូវការរិះគន់ផងដែរពីសមត្ថកិច្ចភាគីថៃ ដែលមិនមានវិធានការទប់ស្កាត់ពលរដ្ឋរបស់ខ្លួន។

ច្រករបៀងជាច្រើននៅប៉ោយប៉ែតគ្រប់គ្រងដោយនគរបាលវរៈការពារព្រំដែនលេខ៩១១ គឺលោក សូ ចាន់ណារី តែម្ដងកំពុងសម្លឹងឃើញប្រភពសេដ្ឋកិច្ចពីពលករចំណាកស្រុក ទំនិញគេចពន្ធហូរចូល ក្នុងនោះមានទាំងម៉ូតូគេចពន្ធឆ្លងកាត់ផងដែរនៅចំណុចច្រកព្រៃគប់ រហូតដល់មានឈ្មួញមាត់ដាចខ្លះបង្ហើបថា ទំនិញគេចពន្ធមួយចំនួនទៀតគឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរៈការពារព្រំដែនលេខ៩១១ នេះតែម្ដង។ កន្លងទៅ បើមានការរឹតបន្តឹងតាមច្រកអន្តរជាតិសម្រាប់ពលករចំណាកស្រុក ឬក្រុមឈ្មួញរកស៊ីគេចពន្ធ កាន់តែធ្វើឲ្យនគរបាលព្រំដែនរបស់លោក សូ ចាន់ណារី ត្រូវប៉ាន់ ព្រោះប្រជាពលរដ្ឋបង្វែទៅឆ្លងតាមច្រករបៀងនេះដូចហែរកឋិន ក្នុងនោះក៏មានការឆ្លងកាត់ដោយជនជាតិថៃដែលមានមុខសញ្ញាមិនល្អ ឬមន្ត្រីដែលគេចពីក្រសែភ្នែកសមត្ថកិច្ចរបស់ប្រទេសគេ ក៏លួចឆ្លងដែនតាមច្រករបៀងទាំងនេះ ចូលមកលេងកាស៊ីណូជាហូរហែរ និងមានការសង្ស័យផងដែរថា ពួកគេអាចនិងបង្កើតនូវបទល្មើសផ្សេងៗ ខណៈឆ្លងដែនគ្មានលិខិតស្នាម សម្រាប់ការត្រួតពិនិត្យស្របច្បាប់របស់សមត្ថកិច្ចនៃភាគីប្រទេសទាំងពីរ។

ពាក់ព័ន្ធករណីនេះ នគរវត្ត មិនអាចទាក់ទងបានទេពីលោក សូ ចាន់ណារី មេនគរបាលគ្រប់គ្រងច្រកមួយនេះនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។ ប៉ុន្តែប្រភពគួរឲ្យទុកចិត្តបានទំលាយថា លោក សូ ចាន់ណារី បានដាក់សាច់ញាតិរបស់ខ្លួន និងបក្ខពួកនិយមឲ្យទៅឈរជើងតាមច្រករបៀង ដែលមានទំនិញគេចពន្ធហូរចូលនិង ពលករចំណាកស្រុក ដើម្បីប្រមួលគ្រប់គ្រងប្រភពសេដ្ឋកិច្ច នៃបទល្មើសទាំងនេះ ។ សមត្ថកិច្ចនិងអាជ្ញាធរក្រុងប៉ោយប៉ែតខ្លះ បានលើកឡើងថា កន្លងទៅក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសភូមិភាគ៥ ព្រំដែន ឲ្យពង្រឹងតាមច្រកព្រំដែន ទប់ស្កាត់ពលករចំណាកស្រុក ទំនិញគេចពន្ធ និងការពារតាមបន្ទាត់ខ្សែព្រំដែនលើបូរណភាពទឹកដី ឃើញថា ទាំងលោកស្នងការ អាត់ ខែម ក៏ដូចជា លោក សូ ចាន់ណារី បានបញ្ចេញនូវស្នាដៃភ្លាមៗ បោសសម្អាត បិទច្រក ទប់ស្កាត់ពលករចំណាកស្រុក និងទំនិញហូរចូល។ ប៉ុន្តែមិនយូរប៉ុន្មានផង ទម្លាប់ដដែលជាដដែលក្នុងគំនិតរកលុយទាំងបំពាន មិនគោរពតាមការណែនាំរបស់អគ្គស្នងការ ឬអគ្គស្នងការនគរបាលជាតិ បន្តការរីកដុះដាល។ សកម្មភាពទាំងនេះគេជឿថា ក៏អាចក្នុងចំណែកប្រភពសេដ្ឋកិច្ចណាមួយផងដែរ សម្រាប់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបលោក សូ ចាន់ណារី នៅតែមានចេតនាគ្រប់គ្រងនគរបាលព្រំដែនក្នុងភាពធូរលុងនិងប្រឹងប្រមូលប្រាក់ពីពលករចំណាកស្រុក ទំនិញគេចពន្ធឆ្លងកាត់ ហើយថ្មីៗនេះមានទាំងម៉ូតូគេចពន្ធទាំងផងនោះ៕សុខ ខេមរា

website_news/2016210301.txt · Last modified: 2017/02/28 11:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki