website_news:2016210401

ពលករខ្មែរជាង៣០នាក់ ត្រូវតម្រួតថៃឃាត់ខ្លួន ឆ្លងដែនដោយខុសច្បាប់

(http://bayontv.com.kh) 21/04/2016

បាត់ដំបង ៖ ពលករខ្មែរចំនួន៣២នាក់ ត្រូវបានឃាត់ខ្លួនដោយក្រុមតម្រួតថៃ និងកំលាំង យោធាថៃ ខណៈដែលពលករខ្មែរទាំងនោះ កំពុងលួចឆ្លងដែនខុសច្បាប់ទៅតាមច្រក របៀងដើម្បីទៅធ្វើការនៅក្នុងទឹកដីថៃ ដែលនេះជាបញ្ហាដោយសារតែកន្លងមករាជរដ្ឋាភិបាលធ្លាប់បានប្រកាសជាច្រើនលើកច្រើនសារ អំពីការធ្វើចំណាកស្រុករបស់ពលករខ្មែរ ត្រូវបំពេញច្បាប់អោយបានត្រឹមត្រូវ ។

ជាក់ស្តែង កាលពីនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំនុចក្នុងព្រៃរបោះ និងក្នុងវាលស្រែ ស្ថិតក្នុងភូមិសាស្ត្រតាផាយ៉ា ក្នុងទឹកដីខេត្តស្រះកែវ គឺកំលាំងយោធាទិសបូព៌ា ដោយបានសហការជាមួយ នឹងក្រុមតម្រួតការពារព្រំដែនលេខ១២៥ ដែលឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជា បានធ្វើការឡោមព័ទ្ធក្រុមពលករដែលកំពុងលបចូលឆ្លងដែនខុសច្បាប់ បានចំនួន៣២នាក់ ។

សេចក្តីរាយការណ៍ បានអោយដឹងថា វាជាការលំបាកមួយសម្រាប់ពលករខ្មែរដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវនោះ ព្រោះនៅមុនពេលបុណ្យប្រពៃណីជាតិគឺបុណ្យចូលឆ្នាំគេសង្កេតឃើញថា ពលករខ្មែរទាំងនោះបាននាំគ្នាលប លួចឆ្លងដែនវិលមកកាន់ស្រុកកំណើតវិញ ដើម្បីចូលរួមទទួលទេវតា ឆ្នាំថ្មី ។

ប្រភពដដែល បានបន្តថា លុះក្រោយពេលបុណ្យប្រពៃណីត្រូវបានបញ្ចប់ ពលករខ្មែរ ទាំងនោះចាំបាច់ត្រូវលប ឆ្មក់ ចូលទៅក្នុងទឹកដីថៃវិញដើម្បីទៅបម្រើការងារបន្តគឺនៅពេលនោះហើយដែលពួកគេត្រូវប្រឈមមុខនឹងផ្លូវច្បាប់ផង រួមនឹងការធ្វើដំណើរផងដោយតំលៃរថយន្តពីខ្សែបន្ទាត់ព្រំដែនទៅកាន់ទីក្រុងបាងកក គឺចាប់ពី២០០០បាតដល់២៥០០បាត សម្រាប់មនុស្សម្នាក់ ។

ដោយឡែកចំពោះពលករទាំង៣២នាក់ ដែលភាគីថៃបានធ្វើការឃាត់ខ្លួននោះគឺបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់ខេត្តស្រះកែវហើយ ដោយមិនទាន់ដឹងថាភាគីថៃ នឹងរៀបចំឯកសារ ដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ ឬយ៉ាងណានោះឡើយ ៕

website_news/2016210401.txt · Last modified: 2017/02/28 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki