website_news:2016210405

ជនអន្តោប្រវេសន៍ ៤១នាក់ដែលត្រូវគេជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេលិចក្នុងសមុទ្រមេឌីទែរ៉ាណេបានមកដល់ប្រទេសក្រិក

(http://bayontv.com.kh) 21/04/2016

ក្រិក៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃពុធម្សិលមិញថា ជនអន្តោប្រវេសន៍ចំនួន ៤១នាក់ រួមទាំងកុមារម្នាក់ផង ដែលបានរួចជីវិតពីសោកនាដកម្មលើដែនសមុទ្រមេឌីទែរ៉ាណេ ចុងក្រោយបំផុតដែលបានកើតឡើង ក្នុងតំបន់មិនស្គាល់នៅចន្លោះប្រទេសលីប៊ី និងអ៊ីតាលីត្រូវបាននាំមកដល់ប្រទេសក្រិកហើយ។

ភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ២០ មេសា ថា ជនអន្តោប្រវេសន៍ចំនួន ៥០០នាក់ ប្រហែលបានលង់ទឹកក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីសប្ដាហ៍មុន នៅពេលក្រុមជួញដូរមនុស្សបានដាក់បន្ថែមមនុស្ស ចូលទូកដែលផ្ទុកលើសចំណុះរួចទៅហើយទើបបណ្ដាលឲ្យលិច។ មន្ត្រីនាំពាក្យអង្គការ UNHCR លោក វីលៀម ស្ពីនដលល័រ បាននិយាយថា មានសាក្សីជាច្រើនបានឃើញមនុស្សប្រមាណ 500នាក់ស្លាប់ដែលនេះជាឧទាហរណ៍មួយផ្សេងទៀត នៃអ្វីដែលបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃក្នុងសមុទ្រមេឌីទែរ៉ាណេ។

គួរឲ្យដឹងថា កាលពីថ្ងៃចន្ទ ១៨ មេសា កន្លងទៅនេះរដ្ឋាភិបាលសូម៉ាលីបាននិយាយថា ខ្លួនជឿថា មនុស្ស ២០០នាក់ដែលបានស្លាប់នោះមកពីប្រទេសសូម៉ាលី។ ប្រទេសនេះក៏បាននិយាយទៀតថា ទូកក្រឡាប់នោះចេញពីប្រទេសអេហ្ស៊ីប៕

website_news/2016210405.txt · Last modified: 2017/02/28 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki