website_news:2016210701

តុលាការផ្តន្ទាទោសប្តីប្រពន្ធពីរនាក់ ដាក់ពន្ធនាគារម្នាក់ៗ ៧ឆ្នាំ ពាក់ព័ន្ធរឿង សញ្ចារកម្មផ្លូវភេទ

(http://ann.com.kh) ដោយ: ឡុក សំរិត  ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦

រាជធានីភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ ពីរនាក់ប្តីប្រពន្ធ ដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ ៧ឆ្នាំ អនុវត្តទោសក្នុងពន្ធនាគាររយៈពេល៥ឆ្នាំ ទោសសល់ត្រូវព្យួរធម្មតា និងតម្រូវឱ្យជនជាប់ចោទរួមគ្នាសងជំងឺចិត្តទៅជនរងគ្រោះចំនួន ៥នាក់ សរុប ១០លានរៀល ក្រោមចោទប្រកាន់ពីបទ សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងចារី ប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្ទះលេខ ៤៣០ ផ្លូវ៣៧២ ក្រុម៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញមាត្រា ២៨៤ និងមាត្រា ២៨៨នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី១ឈ្មោះ ផាម ទ្រីភឿង ហៅហាយ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងកាហ្វេណាត់ជួប ជនជាតិវៀតណាម (ជាប្រពន្ធ) និងទី២ឈ្មោះ ដួង លីម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាអ្នករត់រឺម៉កម៉ូតូកង់៣ ជនជាតិខ្មែរ(ជាប្តី)។

នៅក្នុងសវនាការ កាលពីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅជនជាប់ចោទឈ្មោះ ផាម ទ្រីភឿង បានសារភាពថា ខ្លួនពិតជាបានបើកហាងកាហ្វេបង្កប់សេវាកម្មភ្លូវភេទមែន ដោយស្ត្រីជាអ្នករត់តុកាហ្វេចំនួន៦នាក់ មានជនជាតិខ្មែរ ២នាក់ និងជនជាតិវៀតណាម ៤នាក់ ជាស្ត្រីរកស៊ីផ្លូវភេទ។ ជនជាប់ចោទបន្តថា នៅពេលស្ត្រីទាំង៦នាក់ ទៅដេកជាមួយភ្ញៀវ នៅផ្ទះសំណាក់យីហោ ស្លឹកមាស នៅជិតហាង គឺយកតម្លៃ ៥ម៉ឺនរៀល ហើយជនជាប់ចោទដកយក១ម៉ឺនរៀន ប្រសិនបើស្ត្រីទាំងនោះទៅដេកជាមួយភ្ញៀនមួយយប់ ៥០ដុល្លារ ជនជាប់ចោទដកយក ២០ដុល្លារ។ ដោយឡែកជនជាប់ចោទឈ្មោះ ដួង លីម បានសារភាពខ្លួនជាអ្នកដឹកស្ត្រីរកស៊ីផ្លូវភេទទាំង៦នាក់ ទៅដេកជាមួយភ្ញៀវនៅផ្ទះសំណាក់ស្លឹកមាស។

យោងតាមអំណានចម្លើយជនរងគ្រោះ បានឱ្យដឹងថា ពួកនាងទាំង៦នាក់ បានមករស់នៅជាមួយជនជាប់ចោទទាំង២នាក់ខាងលើ ក្នុងហាងកាហ្វេយីហោ ណាត់ជួប ដោយមិនយកប្រាក់ខែនោះទេ ប៉ុន្តែពួកនាងអាចរកភ្ញៀវទៅបម្រើសេវកម្មផ្លូវភេទបាន ដោយម្តងទទួលបានប្រាក់ ៥ម៉ឺនរៀល ចេញថ្លៃផ្ទះសំណាក់១ម៉ឺនរៀល និងឱ្យចែហាយ ១ម៉ឺនរៀល។ ចម្លើយបាន បញ្ជាក់ថា បើភ្ញៀវយកទៅដេកនៅក្រៅត្រូវយក ៥០ដុល្លារ រួចដកឱ្យចែហាយ ២០ដុល្លារ។ ជនជនរងគ្រោះចំនួន ៥នាក់បានទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗចាប់ពី ៥លានរៀល ទៅ១០លានរៀល៕

website_news/2016210701.txt · Last modified: 2017/03/10 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki