website_news:2016210702

ជនរួមភេទជាមួយកុមារត្រូវនិរទេស បន្ទាប់ពីចាប់ខ្លួននៅក្រុងសៀមរាប

(http://www.cambodiadailykhmer.com) ដោយ បែន សុខហ៊ាន | ថ្ងៃពុធ ទី 20 ខែកក្កដា ឆ្នាំ2016

មន្ត្រីអន្តោប្រវេសន៍មួយរូបបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសដែលគេចខ្លួនពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើកុមារជា ច្រើននាក់នៅចក្រភពអង់គ្លេសត្រូវបាននិរទេសពីប្រទេសកម្ពុជាកាលពីម្សិលមិញ។ ដាមៀន មីដជ្លី អាយុ៣៩ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងក្រុងសៀមរាបកាលពីសប្តាហ៍មុន ដោយសារលិខិតឆ្លងដែន និងទិដ្ឋាការអស់សុពលភាព។ក្រោយមកជននេះត្រូវបានកំណត់អត្តសញ្ញាណដោយស្ថានទូតអង់គ្លេសថា ជាជនរំលោភបំពានផ្លូវភេទកុមារ ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន នេះបើតាមការឲ្យដឹងពីនគរបាល។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកសើុបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានលើកឡើងថា ”យើងបាននិរទេសជននេះនៅម៉ោងប្រហែល៨និង១៥នាទីព្រឹកមិញនេះ ហើយនគរបាលអង់គ្លេសបានមកទទួលជននេះនៅអាកាសយានដ្ឋានក្នុងក្រុងសៀមរាប”។ លោកបានលើកឡើងទៀតថា អាជ្ញាធរអង់គ្លេសបានចេញថ្លៃសម្រាប់ការធ្វើដំណើររបស់លោក ដាមៀន មីដជ្លី ហើយបានអមដំណើរជននេះទៅចក្រភពអង់គ្លេសវិញ។ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានថ្លែងថា ”ពេលជននេះទៅដល់ប្រទេសកំណើតរបស់ខ្លួនវិញ តុលាការអង់គ្លេសនឹងបញ្ជូនគាត់ទៅពន្ធនាគារដើម្បីអនុវត្តទោសរបស់ខ្លួន ព្រោះគាត់ត្រូវបានកាត់ទោសរួចហើយ។ 

ជននេះបានគេចចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីនគរបាលអង់គ្លេសតាមចាប់គាត់ ហើយគាត់ត្រូវបានផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ៦ឆ្នាំ”។ លោកបានមានប្រសាសន៍ថា “ជននេះមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារអាយុក្រោម១៥ឆ្នាំ”។ លោកបានបន្ថែមថា មានកុមារយ៉ាងតិច២នាក់ត្រូវបានរំលោភបំពានផ្លូវភេទដោយលោក ដាមៀនមីដជ្លី នៅក្នុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ ខណៈជននេះធ្វើការងារជាអ្នកបង្រៀនជិះសេះនៅចក្រភពអង់គ្លេស។

យោងតាមអត្ថបទចេញផ្សាយកាលពីខែធ្នូឆ្នាំ២០១៤ដោយកាសែត The Press ជាកាសែតមានមូលដ្ឋាននៅក្នុងទីក្រុងយ៉ក ប្រទេសអង់គ្លេស លោក ដាមៀន មីដជ្លី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំមុនពេលត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសកំបាំងមុខ។

ឧត្តមសេនីយ៍ត្រី អ៊ុក ហៃសិលា បានលើកឡើងទៀតថា លោក ដាមៀន មីដជ្លី បានគេចមកប្រទេសថៃនៅចុងឆ្នាំ២០១៣ ហើយឆ្លងចូលមកប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមកជនជាតិអង់គ្លេសរូបនេះបានធ្វើការងារជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យា។នៅក្នុងខែឧសភា ឆ្នាំ២០១៥ ក្រុមហ៊ុនទេសចរណ៍មួយបានទាក់ទងមកនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំទិដ្ឋាការសម្រាប់លោក ដាមៀន មីដជ្លី ហើយនាយកដ្ឋាននេះក៏បានចេញទិដ្ឋាការឲ្យគាត់។ លោកបានបន្ថែមថា បន្ទាប់មកនៅដើមខែកុម្ភៈ ក្រុមហ៊ុនទេសចរណ៍ដដែលនេះបានស្នើសុំពន្យារទិដ្ឋាការជំនួសមុខឲ្យ លោក ដាមៀន មីដជ្លី ប៉ុន្តែ នាយកដ្ឋានតម្រូវឲ្យយកលិខិតឆ្លងដែនរបស់គាត់មកពន្យារជាមុនសិន ព្រោះវានឹងផុតកំណត់នៅដំណាច់ខែនោះ។

ពេលនាយកដ្ឋានអន្តោប្រវេសន៍មិនទទួលបានដំណឹងពីលោក ដាមៀន មីដជ្លី ឬក្រុមហ៊ុនទេសចរណ៍នេះ ឧត្តមសេនីយ៍ទោ បានលើកឡើងថា លោកបានចេញបទបញ្ជាឲ្យអាជ្ញាធរតាមស្វែងរកជននេះនៅខេត្តសៀមរាប ហើយថាលោក ដាមៀន មីដជ្លី ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ពេលអ្នកភូមិមូលដ្ឋានប្រាប់ពីទីតាំងរបស់គាត់ដល់នគរបាល។ លោកបានមានប្រសាសន៍ថា”ប្រសិនបើជននេះគ្រាន់តែស្នាក់នៅក្នុងប្រទេសកម្ពុជាលើសពេលកំណត់ យើងប្រហែលជាហាមគាត់ [មិនឲ្យចូលប្រទេសកម្ពុជា] ត្រឹមរយៈពេលពីរ ឬបីឆ្នាំប៉ុណ្ណោះ ប៉ុន្តែ បុរសរូបនេះមានពាក់ព័ន្ធនៅក្នុងករណីរួមភេទជាមួយកុមារ”។ លោកបានមន្ថែមថា “ហេតុដូច្នេះយើងចាត់ទុកជននេះថា ជាជនដ៏គ្រោះថ្នាក់សម្រាប់ កុមារកម្ពុជា ហើយយើងត្រូវតែហាមឃាត់គាត់មិនឲ្យចូលមកប្រទេសកម្ពុជាជារៀងរហូត”៕ស៊ុយឈាង

website_news/2016210702.txt · Last modified: 2017/03/10 11:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki