website_news:2016210706

ជនអន្តោប្រវេសន៍ជាង3.000នាក់ជួយសង្គ្រោះក្នុងដែនទឹកលីប៊ី

(https://kohsantepheapdaily.com.kh) ខាន់ សុខឃន ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៦:០៨

កងឆ្មាំឆ្នេរសមុទ្រអុីតាលីរាយការណ៍ថា ជនអន្តោប្រវេសន៍ប្រមាណជា៣.២០០នាក់ ដែលជិះណែនណាន់តាន់តាប់ ក្នុងនាវាទាំងឡាយត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី១៩ កក្កដា ក្នុងដែនទឹកនៃឆ្នេរសមុទ្រលីប៊ី រួចសាកសពមនុស្សម្នាក់ត្រូវបានស្រង់ចេញពីទឹក ។

នាវា៣គ្រឿងរបស់កងម៉ារីនអុីតាលី ដែលចូលរួមក្នុងប្រតិបត្តិការនេះបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង១.០០០នាក់ ។ បណ្តានាវារបស់អង់គ្លេស និងអេស្ប៉ាញដែលចូលរួមក្នុងប្រតិបត្តិការអឺរ៉ុបហៅ SOPHIA ក៏បានចូលរួមក្នុងការជួយសង្គ្រោះដែរ រួមទាំងបណ្តានាវារបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន MSF និងរបស់ OFFSHORE AID STATION ព្រមទាំងនាវាមួយគ្រឿងរបស់អង់គ្លេស និងនាវាសណ្តោងឯកជនមួយគ្រឿង ។ គិតមកដល់ថ្ងៃទី១៨ កក្កដា ជនអន្តោប្រវេសន៍៧៩.៨៦១នាក់ បានមកដល់អីុតាលីតាមសមុទ្រតាំងពីដើមឆ្នាំនេះមក ទល់នឹង៨៣.១១៩នាក់ ក្នុងដំណាក់កាលដូចគ្នានេះដែរនៃឆ្នាំទៅមិញ ។

ចំណែកជនអន្តោប្រវេសន៍ដែលមកដល់ប្រទេសក្រិកតាមឆ្នេរសមុទ្រតួកគីមានការថយចុះ៩៥% ដោយសារកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខារវាងក្រុងអង់ការ៉ា និងសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការសំរុកចូលនៃពួកអន្តោប្រវេសន៍ ៕

website_news/2016210706.txt · Last modified: 2017/03/10 11:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki