website_news:2016210901

ថៃ កំពុងចុះបញ្ជីឈ្មោះពលករ ខ្មែរ!

(http://m.km.rfi.fr/cambodia) 19-09-2016 ដោយ ហេង ឧត្តម

គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បញ្ជាក់ថា នៅក្នុងខែកញ្ញានេះ រដ្ឋាភិបាលថៃ ចាប់ផ្តើមចុះឈ្មោះពលករបរទេសដែលធ្វើការ ដោយគ្មានឯកសារត្រឹមត្រូវ និងដែលកំពុងតែធ្វើការនៅតាមកប៉ាល់នេសាទសមុទ្រ។ ពលករទេសន្តប្រវេសន៍ទាំងនោះ មានទៅពីប្រទេសភូមា ឡាវ និងកម្ពុជា។ នៅក្នុងលិខិតចុះថ្ងៃទី១៣ក ញ្ញា គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស រដ្ឋាភិបាលថៃ ផ្តើមចុះបញ្ជីពលករបរទេស ដើម្បីដាក់ពួកគេឲ្យស្ថិតក្រោមការការពារស្របច្បាប់។

នេះជាការឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៩ខែសីហា ដែលបានសម្តែងក្តីព្រួយបារម្ភចំពោះពលករខ្មែរនៅស្រុកថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹងច្បាស់ថា មានការរំលោភសិទ្ធិមនុស្ស លើកម្មករនេសាទជនជាតិខ្មែរ ដែលត្រូវគេបង្ខិតបង្ខំឲ្យធ្វើការ និងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីមានកម្លាំងធ្វើការដោយឥតសម្រាក។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសុំឲ្យគណៈកម្មាការជាតិសិទ្ធិមនុស្សថៃ ជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួន ចុះបញ្ចីកម្មករនេសាទ និងបង្កើតយន្តការត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ។

គណៈកម្មាការជាតិសិទ្ធិមនុស្សថៃ បានបំភ្លឺវិញថា ចំពោះពលករដេលបានចុះឈ្មោះហើយ ត្រូវបំពេញបែបបទបញ្ជាក់អត្តសញ្ញាណជាតិ ដើម្បីទទួលបានអត្តសញ្ញាបណ្ណសម្គាល់ខ្លួនពីរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ ករណីពលករដែលមានឯកសារអត្តសញ្ញាណត្រឹមត្រូវហើយ គឺអាចដាក់ពាក្យសុំធ្វើការ តែដោយឡែក ចំពោះពេលវេលាដែលអាចធ្វើការជាក់លាក់ គឺត្រូវសម្រេចអនុញ្ញាតដោយគណៈរដ្ឋមន្ត្រីថៃ។

គណៈកម្មការជាតិសិទ្ធិមនុស្សថៃ បានលើកឡើងថា បួនប្រាំឆ្នាំចុងក្រោយនេះ គណៈកម្មការ បានទទួលពាក្យបណ្ដឹង និងអនុសាសន៍ជាច្រើនពីប្រទេសជិតខាង ហើយបានបើកការស៊ើបអង្កេត ព្រមទាំងដាក់អនុសាសន៍ទៅរដ្ឋាភិបាលរបស់ខ្លួន។ ជាលទ្ធផល នៅឆ្នាំ២០១៥ គឺមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅដល់ប្រធានកប៉ាល់ និងម្ចាស់ទូកនេសាទ ព្រោះថា ពួកថៅកែទាំងនោះ បានប្រើកម្លាំងពលករតាមសមុទ្រ ដែលគ្មានអត្តសញ្ញាណបណ្ណត្រឹមត្រូវ ឬគ្មានកិច្ចសន្យាការងារជាក់លាក់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃក៏បានផ្តន្ទាទោសចំពោះប្រធានកប៉ាល់ដែលរំលោភលើរាងកាយកម្មករលើទូក ហើយបានផ្តល់ជំនួយផ្សេងៗដល់ពលករទាំងនោះទៀតផង។

ជុំវិញរឿងពលករនេះដែរ គណៈកម្មាការនេះ បានស្នើសុំថា ត្រូវអនុវត្តកម្មវិធីបង្កា ពន្យល់អប់រំណែនាំចំពោះប្រជាជននៅតាមបណ្តាខេត្តនានា ឲ្យយល់ពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងគ្រោះថ្នាក់នៃការជួញដូរកេប្រវ័ញ្ចការងារ។

គួរបញ្ជាក់ដែរថា ចំនួនពលករខ្មែរ ដែលកំពុងធ្វើការទាំងស្របច្បាប់ និងខុសច្បាប់ នៅស្រុកថៃ គឺមានចំនួនមិនតិចជាង១លាននាក់នោះទេ៕

website_news/2016210901.txt · Last modified: 2017/03/12 17:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki