website_news:2016211102

បង្ក្រាបបានករណីរកស៊ីជួលមនុស្សស្រីឲ្យពពោះជំនួស

(http://www.khmer-note.com/news) November 20, 2016 ពត៌មានជាតិ

រាជធានីភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យមនុស្ស៣នាក់ពាក់ព័ន្ធនឹងពួកបណ្តាញរកស៊ីជួលស្ត្រីឲ្យពពោះជំនួស ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះជួលមួយ ស្ថិតក្នុងភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពួកអ្នករកស៊ីប្រភេទនេះបានបង្កើតជាមេខ្យល់ ហើយដើរលួងលោមអូសទាញ ស្រីៗអោយស៊ីឈ្នួលពពោះឲ្យអ្នក ដែលចង់បានកូន រហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ភេទដូចគ្នា ហើយចង់បានកូនក៏ព្យាយាមទាក់ទងរកសេវាស៊ីឈ្នួលពពោះជំនួសនេះផងដែរ។ មុខរបរនេះធ្វើឲ្យពួកឈ្មួញចំណេញយ៉ាងច្រើន ដោយពពោះម្តងត្រូវចំណាយប្រាក់ដល់ទៅ៥ម៉ឺនដុល្លារឯណោះ។ សមត្ថកិច្ចបានឲ្យដឹងថា របររកស៊ីជួលមនុស្សឲ្យពពោះជំនួសនេះ ធ្លាប់មាននៅប្រទេសថៃ តែក្រោយមកថៃបានចេញច្បាប់បិទមិនឲ្យមាន ទើបក្រុមឈ្មួញទាំងនោះបានរត់មកបន្តជំនួញរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាវិញ។

ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចធ្វើការឃាត់ជនសង្ស័យបានចំនួន៣នាក់ ទី១-ឈ្មោះ ពេញ ឫទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនតាមដីកាលេខ១៨០អយរ, ២-ឈ្មោះ សម្បត្តិ ចរិយា ភេទស្រី អាយុ៣៥ឆ្នាំមុខរបរគិលានុប្បយិកាសម្ភពក្រុង ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និង៣-ឈ្មោះ Charles Tammy Alayne ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ជាអ្នកជួយទំនុកបម្រុងគ្រួសារឱ្យមានកូន ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ដោយចោទប្រកាន់ពីបទអំពើធ្វើជាអន្តរៈការីន័យអំពើពរពោះ (ជួលស្ត្រីខ្មែរពរពោះបង្កើតកូន) ហើយពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

website_news/2016211102.txt · Last modified: 2017/03/16 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki