website_news:2016211103

ក្រសួងការងារ ស្នើឲ្យទីភ្នាក់ងាររើសពលករទាំងអស់គោរពច្បាប់ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា

(http://vayofm.com/news) 19-11-2016 4:38 pm

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ បានស្នើឱ្យនាយក ទីភ្នាក់ងារជ្រើសរើសពលករទាំងអស់ចងចាំថា រាល់សកម្មភាពការងាររបស់ខ្លួន គឺស្ថិតនៅជាប់ជានិច្ចជាមួយ នឹងសិទ្ធិមនុស្ស ដូច្នេះត្រូវគោរពឲ្យបានច្បាស់នូវអ្វីដែលបានចែងក្នុងច្បាប់សិទ្ធិមនុស្សជាតិ និងតាមច្បាប់ស្តីពី សិទ្ធិមនុស្សនៅកម្ពុជា ដោយរក្សាសិទ្ធិ និងផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ពោលគឺការយកកម្លាំងពលកម្ម ទៅបម្រើការងារនៅក្រៅប្រទេស ធ្វើយ៉ាងណាឲ្យពួកគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ដោយគ្មានការកៀបសង្កត់។

លោកហ៊ួ វុឍ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសបើកមហាសន្និបាតវិសាមញ្ញជ្រើសរើស ក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ ក្រោមការ រៀបចំរបស់សមាគមទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជា (ACRA) កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកតំណាងនាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកាសមាគមមកពីក្រុមហ៊ុនចំនួន២១ ក្រុមហ៊ុនផងដែរ។

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីអាណត្តិទី៤នេះ លោកហ៊ួ វុឍ្ឍី ក៏បានលើកឡើងពីការគាំទ្រចំពោះរាល់សកម្មភាពរបស់ សមាគមអាក្រា(ACRA)កន្លងមក ដែលបានជួយដល់ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈក៏ដូចជាស្ថាប័នរដ្ឋពាក់ព័ន្ធ ក្នុងការជួយបណ្តុះបណ្តាលជំនាញ ដល់ពលករ ពលការិនី មុនពេលចេញទៅបម្រើការងារនៅក្រៅប្រទេស និងស្វែងរកការងារជូនពលក រកម្ពុជា ធ្វើ តាមរយៈអង្គការដៃគូរជាសមាជិករបស់ខ្លួន។ លោកបានបន្តថា ដើម្បីក្លាយ ជាទីភ្នាក់ងារមួយកាន់តែ ល្អជាងនេះ ត្រូវសហការឱ្យបានកាន់តែល្អ ថែមទៀតជាមួយក្រសួង ស្ថាប័នរបស់រដ្ឋដែលពាក់ព័ន្ធ និងស្ថាប័ន នៃបណ្តាប្រទេសដែលត្រូវបញ្ជូន ពលករទៅបម្រើការងារ។

សូមបញ្ជាក់ផងដែរថា មហាសន្និបាតវិសាមញ្ញជ្រើសរើសក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ នេះដែរសមាជិកអង្គមហាសន្និបាត បានបោះឆ្នោតជ្រើសរើសលោកស្រី អ៊ឹង ស៊ាងរិទ្ធី ប្រធានក្រុមហ៊ុន អ៊ឹង រិទ្ធីគ្រុប ជាប្រធានក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ថ្មីបន្ត ដោយសំឡេង៣៧ លើ៤២សំឡេង នៃសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួម៕

website_news/2016211103.txt · Last modified: 2017/03/16 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki