website_news:2016211106

ក្រសួងការងារ៖ គ្មានឡើយការបញ្ជូនកូនពលករខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ

(http://km.rfi.fr/cambodia) ដោយ សរ ពិសី 19/11/2016

អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា គ្មានព័ត៌មានជាផ្លូវការ ឬ កំណត់ទូតណាមួយពីភាគីថៃ ពាក់ព័ន្ធនឹងគម្រោងរបស់ប្រទេសថៃ ដែលថានឹងបណ្តេញកូនរបស់ពលករខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន រួមទាំងកម្ពុជាផង។ ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសារព័ត៌មានមួយ បានចុះផ្សាយថា ប្រទេសថៃមានផែនការកាត់បន្ថយចំនួនកុមារចំណាកស្រុកខុសច្បាប់ ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ ២០២០។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជាទូទៅ រដ្ឋាភិបាលថៃ នឹងផ្ញើរកំណត់ទូតមកកាន់រដ្ឋាភិបាលកម្ពុជា ប្រសិនបើពួកគេ មានបញ្ហាឬផែនការអ្វីមួយដើម្បីអនុវត្តន៍ ទាក់ទងនឹងទំនាក់ទំនងប្រទេសទាំងពីរ។ ក៏ប៉ុន្តែរហូតមកទល់ ពេលនេះ ក្រសួងការងារ មិនទាន់បានទទួលកំណត់ទូតអ្វីមួយពីភាគីថៃនោះទេ ពាក់ព័ន្ធនឹងគម្រោងបណ្តេញកូនពលករខុសច្បាប់។

លោក ហេង សួរ អះអាងថា ប្រទេសថៃនឹងមិនបណ្តេញកូនពលករខុសច្បាប់ដែលធ្វើការនៅក្នុងប្រទេសថៃនោះទេ។ លោក បានរំឮកថា កាលពីឆ្នាំ ២០១៤ ប្រទេសមួយចំនួន អង្គការពលកម្មអន្តរជាតិ និង អង្គការសហប្រជាជាតិ បានបញ្ចេញប្រតិកម្មចំពោះ ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបណ្តេញពលករខុសច្បាប់។

ក្រោយមក រដ្ឋាភិបាលថៃ បានសន្យាថា នឹងគោរពសិទ្ធិជាមូលដ្ឋាន ទាំងពលករស្របច្បាប់ ឬ មិនស្របច្បាប់ ដែលមកពីប្រទេសណាមួយក៏ដោយ។ ក្នុងន័យនេះ រដ្ឋាភិបាលថៃ ក៏នឹងផ្តល់សិទ្ធិស្របច្បាប់ ដល់កូនពលករ អាចស្នាក់នៅក្នុងប្រទេសបានដូចគ្នា។ ហេតុដូច្នេះហើយ ក្រសួងការងារ ជឿជាក់ថា ប្រទេសថៃ នឹងមិនរំលោភសន្ធិសញ្ញា និង ចាត់វិធានការណ៍ បណ្តេញកូនពលករខុសច្បាប់ មកកាន់ប្រទេសកំណើតវិញនោះទេ ដើម្បីរក្សាកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្លួន។

សូមបញ្ជាក់ថា តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ វិធានការរបស់ថៃធ្វើឡើងតាមរយៈការបញ្ចប់ការចុះឈ្មោះពលករចំណាកស្រុក ដែលជាការគាំទ្រដល់កិច្ចព្រមព្រៀងមួយទល់មួយជាមួយប្រទេសនីមួយៗ ដោយបង្ខំឲ្យពលករចំណាកស្រុកត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនៅពេលពួកគេបញ្ចប់កិច្ចសន្យាដោយជំរុញឲ្យមានការពន្យាកំណើតក្នុងចំណោមពលករចំណាកស្រុក និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។

បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ កូនៗរបស់ពលករចំណាកស្រុកចំនួនបីប្រទេសរួមមាន កម្ពុជា ថៃ ឡាវ ឋិតនៅក្នុងផែនការរបស់ថៃ ដើម្បីបញ្ជូនទៅកាន់ប្រទេសកំណើតពួកគេវិញ ក្នុងគោលបំណងឈានទៅកាត់បន្ថយចំនួនកុមារចំណាកស្រុកខុសច្បាប់ជាង ១១ម៉ឺននាក់ ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ២០២០។

យ៉ាងណាក៏ដោយ លោក ហេង សួរ បានសង្កត់ធ្ងន់ថា ប្រសិនបើមានករណីនេះ កើតឡើងមែននោះ ក្រសួង និង បណ្តាប្រទេសនានានឹងពិភាក្សាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ។

សូមបញ្ជាក់ថា រដ្ឋាភិបាលថៃ បានធ្វើជំរឿនក្នុងឆ្នាំ២០១៦ រកឃើញថា មានពលករកម្ពុជាប្រមាណ ៤៣មឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ។ ខណៈដែលថៃគឺជាគោលដៅចម្បងសម្រាប់ពលរដ្ឋកម្ពុជា ដែលស្វែងរកការងារធ្វើនៅក្រៅប្រទេស ដោយក្រសួងការងារថៃបានបូកសរុបថា មានពលករជិត ៧០ម៉ឺននាក់គិតក្នុងខែវិច្ឆិកា ឆ្នាំ២០១៤៕

website_news/2016211106.txt · Last modified: 2017/03/16 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki