website_news:2016211108

កម្ពុជាទាមទារឱ្យភាគីថៃ ផ្តន្ទាទោសពួកសន្តិសុខ វាយពលរដ្ឋខ្មែររបួសធ្ងន់

(https://kohsantepheapdaily.com.kh) ៖ ឆោម ពិសម័យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៣:២១

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានជួបគ្នាកាលពីថ្ងៃទី១៩ វិច្ឆិកា នៅក្បែរច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដើម្បីរកដំណោះស្រាយក្នុងសំណុំរឿងដែលក្រុមសន្តិសុខថៃ ប្រើហិង្សាទៅលើពលករខ្មែរ៣នាក់បណ្ដាលឲ្យរបួស តែភាគីថៃនៅមិនទាន់ឆ្លើយតបតាមការទាមទារបស់ភាគីខ្មែរនៅឡើយទេ។ នេះបើតាមការផ្ដល់ព័ត៌មានពីលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ។

លោកគឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានថ្លែងប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២០ វិច្ឆិកាថា ជុំវិញសំណុំរឿងអំពើហិង្សាដ៏ឃោរឃៅ ដែលបង្កឡើងដោយក្រុមសន្តិសុខថៃខាងលើនេះ លោកស្នងការខេត្តបានមានប្រតិកម្មយ៉ាងខ្លាំងរហូតទាមទារដាច់ខាត ស្នើឲ្យភាគីថៃត្រូវតែចាត់ការលើជនដៃដល់តាមផ្លូវច្បាប់។ លោកអធិការនិយាយថា ក្រោយពីផ្ទុះនូវអំពើហិង្សាបានមួយថ្ងៃ ភាគីខ្មែរនិងថៃបានជួបពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា ការជួបរកដំណោះស្រាយនោះ លោកស្នងការខេត្តបានដាក់ចេញនូវគោលការណ៍៣ចំណុចទៅភាគីថៃ ។ គោលការណ៍ទាំង៣ចំណុចនោះរួមមាន ៖

១-ទាមទារឲ្យភាគីថៃចាត់វិធានការទៅលើក្រុមសន្តិសុខថៃ ដែលព្រួតគ្នាវាយពលករខ្មែរនោះតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង

២-ទាមទារឲ្យភាគីថៃបញ្ឈប់ការប្រើអំពើហិង្សាទៅលើពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅធ្វើការ ឬប្រកបរបរក្នុងទឹកដីថៃ

៣-ទាមទារឲ្យជនដៃដល់ត្រូវបង់សំណងដោយផ្ទាល់ដល់ជនរងគ្រោះ ។ ប៉ុន្តែលោកថា ភាគីថៃបានទទួលយកលក្ខខណ្ឌពីភាគីខ្មែរហើយ តែរហូតមកដល់ត្រឹមព្រឹកថ្ងៃទី២០ វិច្ឆិកា ភាគីថៃនៅមិនទាន់ឆ្លើយតបតាមការទាមទារនេះនៅឡើយទេ ។

សូមបញ្ជាក់ថា កម្លាំងសន្តិសុខថៃ២នាក់ ក្នុងចំណោមជិត១០នាក់ ត្រូវបានចោទប្រកាន់ថា បានប្រើហិង្សាយ៉ាងឃោរឃៅទៅលើពលករខ្មែរចំនួន៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ វិច្ឆិកា នៅផ្សារឡែម(ក្នុងដីថៃ) ស្ថិតក្នុងភូមិឡែម ឃុំទេពនិមិ្មត ស្រុកពោងណាំរ៉ន ខេត្តច័ន្ធបុរី ប្រទេសថៃ ទល់មុខច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្រុមសន្តិសុខថៃទាំងនោះ បានប្រើដំបងព្រួតវាយសំពងពលករខ្មែរ ខណៈមានការប៉ះទង្គិចគ្នាដោយពាក្យសំដី ពេលក្រុមពលករខ្មែរផឹកស៊ីស្រវឹងស្រែកឡូឡានៅក្បែរហាងលក់ដូរមួយកន្លែងក្នុងផ្សារថៃ ។ ការវាយដំទៅលើពលករខ្មែរនោះ គ្មាននរណាហ៊ានចូលជួយអន្តរគមន៍ទេ ប្រៀបដូចជាទុកឲ្យក្រុមសន្តិសុខថៃវាយសំពងខ្មែរតាមចិត្ត ដែលនាំឲ្យពលករខ្មែរទាំង៣នាក់នោះរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៣នាក់នោះ ១-ឈ្មោះជា គង់ ភេទប្រុសអាយុ៤៦ឆ្នាំ របួសក្បាល ២-ឈ្មោះរឿត សារ៉ន ភេទប្រុសអាយុ៣៦ឆ្នាំ របួសក្បាល និង៣-ឈ្មោះញ៉ាន រ៉េត ភេទស្រីអាយុ២៩ឆ្នាំ ពួកគេរស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ។

ពាក់ព័ន្ធនឹងករណីថៃវាយដំខ្មែរនេះដែរ បើតាមពលរដ្ឋខ្មែរដែលចេញចូលរកស៊ីក្នុងទឹកដីថៃ បាននិយាយថា នេះមិនមែនជាលើកទីមួយទេ ដែលពលរដ្ឋខ្មែររងគ្រោះដោយសារស្នាដៃក្រុមសន្តិសុខថៃខាងលើនេះ ។ ពលរដ្ឋខ្មែរនិយាយថា ក្រុមសន្តិសុខថៃ ដែលល្បីខាងវាយដំខ្មែរ គឺមានម្នាក់ឈ្មោះដប ហើយឈ្មោះដបនេះ តាមពិតជាជនជាតិខ្មែរទេ មានស្រុកកំណើតនៅស្រុកបវេល តែជនវង្វេងជាតិនេះបានទៅរស់នៅក្នុងទឹកដីថៃច្រើនឆ្នាំហើយ រហូតបានធ្វើជាសន្តិសុខយាមផ្សារនៅថៃនោះតែម្ដង ។ ប៉ុន្តែកន្លងមកពលរដ្ឋខ្មែរដែលរងការវាយដំពីក្រុមសន្តិសុខថៃ មិនដែលទទួលបានយុត្តិធម៌ទេ ដោយសារតែអាជ្ញាធរខ្មែរហាក់ធ្វើប្រងើយកន្តើយចំពោះបញ្ហាដែលកើតមានកន្លងមក ។ ដូច្នេះហើយទើបធ្វើឲ្យភាគីថៃហ៊ានធ្វើបាបពលរដ្ឋខ្មែរតាមទំនើងចិត្ត ។ ទោះជាយ៉ាងណាសង្ឃឹមថា ករណីសន្តិសុខថៃវាយពលករខ្មែរឲ្យរបួសធ្ងន់នាពេលនេះ ត្រូវបានការយកចិត្តទុកដាក់ពីអាជ្ញាធរខ្មែរជាមិនខាន ដោយមិនទុកឱ្យហេតុការណ៍នេះកន្លងហួសទៅដោយគ្មានការតវ៉ានោះឡើយ ព្រោះបើនាំគ្នាធ្វើចិត្តត្រជាក់តទៅទៀត ច្បាស់ជាការរំលោភបំពានដដែលៗនឹងកើតមានជាថ្មីទៀតមិនខាន ៕

• ពលករខ្មែរម្នាក់ត្រូវបានថៅកែថៃបាញ់សម្លាប់នៅខេត្តស្រះកែវ ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់តាមប្រភពព័ត៌មានថាត្រូវថៅកែថៃបាញ់សម្លាប់ ហើយសាកសពត្រូវគេបញ្ជូនឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ វិច្ឆិកា បន្ទាប់ពីមុននេះមួយថ្ងៃពលករ៤នាក់ ត្រូវក្រុមសន្តិសុខផ្សារឡែមក្នុងខេត្តចាន់បូរីឈមទឹកដីកម្ពុជាច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង វាយឱ្យរបួសធ្ងន់-ស្រាលយ៉ាងព្រៃផ្សៃ ។

ជនរងគ្រោះដោយអំពើរបាញ់ប្រហារពីថៅកែថៃឈ្មោះសរ ងី ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករស៊ីឈ្នួលដកដំឡូងលើទឹកដីថៃនៅខេត្តស្រះកែវ និងមានទីលំនៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ។ គេមិនទាន់ដឹងពីមូលហេតុដែលឈានដល់ការបាញ់សម្លាប់ពលករខ្មែរនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍របស់មន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃបញ្ជាក់ថា ដោយសារមានទំនាស់នឹងគ្នាកាលពីម៉ោង៩យប់ថ្ងៃទី១៨ វិច្ឆិកា ។ មកទល់ម៉ោងជិត៥ល្ងាចថ្ងៃទី២០ វិច្ឆិកា កោះសន្តិភាពនៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ ដោយមិនអាចទាក់ទងសុំការបំភ្លឺពីលោកប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានទេព្រោះទូរស័ព្ទមិនចូល ។

ចំណែកមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកវរសេនីយ៍ទោសៅវាសនាអះអាងថា លោកមិនទាន់ដឹងលម្អិតពីកន្លែងកើតហេតុ និងមូលហេតុទេ ដឹងត្រឹមតែជនរងគ្រោះមានជម្លោះជាមួយថៅកែថៃទើបគេបាញ់សម្លាប់ ។ ទោះជាយ៉ាងណាក៏ដោយកោះសន្តិភាពទទួលបានព័ត៌មានពីខេត្តស្រះកែវប្រទេសថៃមកថា ហេតុការណ៍នោះកើតឡើងនៅស្រុកវ៉ាត់ថាណាណាក់ខន ហើយជនល្មើសត្រូវសមត្ថកិច្ចថៃចាប់ខ្លួនហើយ ៕

website_news/2016211108.txt · Last modified: 2017/03/16 11:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki