website_news:2016220301

ពលរដ្ឋខ្មែរលក់ឆ្នោតខុសច្បាប់នៅវៀតណាមជាច្រើននាក់ត្រូវបានបញ្ជូនមកកម្ពុជាវិញ

(http://vayofm.com/news/html ) 22-03-2016 11:48 am

ប្រជាពលរដ្ឋខ្មែរចំនួន៣១នាក់ នៅក្នុងនោះរួមមានមនុស្សចាស់ចំនួន១១នាក់ កុមារចំនួន១៩នាក់និងទារកម្នាក់ផង ត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយពួកគេបានទៅប្រកបរបរលក់ឆ្នោតខុសច្បាប់នៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម។ ការបញ្ជូនត្រឡប់មកវិញ បានធ្វើឡើងដោយមានការសហការគ្នារវាង ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងមន្ទីសង្គមកិច្ចទីក្រុងហូជីមិញ។

ពលរដ្ឋកម្ពុជាចំនួន៣១នាក់ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៨មីនា តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត បន្ទាប់មកត្រូវបានទទួលដោយមន្ទីរសង្គមកិច្ច និងអាជ្ញាធរខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី២២មីនានេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០មីនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញផ្សាយព័ត៌មានពីការរៀបចំ បញ្ជូនពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលបានចូលទៅរកស៊ីលក់ឆ្នោតខុសច្បាប់នៅក្នុងទីក្រុងហូជីមិញ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។ ពលរដ្ឋខ្មែរចំនួន២៣នាក់នោះ រួមមានមនុស្សចាស់ចំនួន៧នាក់ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ និងកុមារចំនួន១៦នាក់ ត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្នុងសប្តាហ៍ទី៣នៃខែមីនា។ ចំនួននេះបានកើនពី២៣នាក់ដល់៣១នាក់៕(ដោយ៖អ៊ុន សុខឡា)

website_news/2016220301.txt · Last modified: 2017/02/28 11:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki