website_news:2016220302

មុខរបរដុតធ្យូង ធ្វើអោយពលរដ្ឋក្នុងភូមិស្នួរទ្រេត មិនធ្វើការចំណាកស្រុកទៅប្រទេសថៃ

(http://bayontv.com.kh/22/03/2016)

បន្ទាយមានជ័យ ៖ ជាង១៥ឆ្នាំហើយ ដែលប្រជាពលរដ្ឋមួយចំនួនធំនៅភូមិស្នួរទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រកបរបរដុតធ្យូង ចិញ្ចឹមជីវិតគេចផុតពីការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ។ នេះបើតាមការរៀបរាប់របស់បុរសជាអ្នកដុតធ្យូងឈ្មោះ កែម ទី អាយុ៤៩ឆ្នាំ ខណៈពេលភ្នាក់ងារយកព័ត៌មានយើង បានចុះផ្តិតយករូបភាពជាក់ស្តែង ពីសកម្មភាពដុតធ្យូង ដែលពោពេញទៅដោយគំនរឈើជាកង់ៗ និងឡ ដុតធ្យូងជាច្រើនដែលកំពុងបង្ហុយផ្សែង ។

បុរស កែម ទី បានអោយដឹងទៀតថា អ្នកភូមិស្នួរទ្រេត បានចាប់អាជីពជាអ្នកដុតធ្យូងបន្តបន្ទាប់គ្នា តាំងពីឆ្នាំ១៩៩៩ និយាយរួម គឺចាប់តាំងពីបង្កើតភូមិ ។ ការដុតធ្យូងគឺមានការលំបាកជាច្រើននាពេលបច្ចុប្បន្ន ដោយសារតែពិបាកក្នុងការរកអុសមកដុត ហើយតែងតែត្រូវបានមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើហាមឃាត់ លុះត្រាណាតែបង់លុយអោយក្នុង១គោយន្ត១ម៉ឺនរៀលទើបអាចដឹកឈើចេញពីក្នុងព្រៃបាន និងជួបគ្រោះថ្នាក់ជាយថា ហេតុ ដោយសារពស់ចឹក និងគ្រាប់មីន វាខុសពីពេលមុនដែលសម្បូរ ព្រៃឈើ និងពុំសូវមានការហាមឃាត់ ។ ឈើដែលយកមកដុតជាឈើចម្រុះ ដែលបានមកពីគេឈូសឆាយព្រៃយកដីធ្វើដំណាំ និងមួយចំនួនទៀតទិញ តែអ្វីដែលគាត់ឆ្ងល់នោះ គឺក្រុមហ៊ុនមួយចំនួនឈូស ឆាយព្រៃយកដីធ្វើកម្មសិទ្ធ សុខចិត្តដុតកម្ទេចឈើចោល មិនព្រមលក់ ឬអោយពួកគាត់ឡើយ ពុំដែលឃើញមានមន្ត្រីបរិស្ថាន ឬរដ្ឋបាលព្រៃឈើចុះហាមឃាត់ ត្រង់ពួកគាត់គ្រាន់តែដឹកត្រូវបានហាមឃាត់ និងយកលុយ ។ សម្រាប់ការដុតធ្យូងទម្រាំបានធ្យូងយកមកលក់ក្នុង១ឡ ត្រូវចំណាយលុយនិងពេលវេលាទៅរកឈើមកដុត និងរយៈក្នុងការដុតក្នុង១ឡ ត្រូវចំណាយពេលដុតកន្លះខែ អាចទទួលបានផលពី៦០ទៅ៧០ការុង ដោយក្នុង១ការុងដែលម៉ូយមកទទួលទិញយកទៅលក់បន្តគឺតម្លៃ៩ពាន់រៀល ។ផលចំណេញពីការដុតធ្យូងនេះ ក្នុងមួយឡ កាត់ថ្លៃចំណាយ ប្រមាណជា២០ម៉ឺនរៀល នៅសល់ចំណេញ៥០ម៉ឺនរៀល ។ អ្នកដុតធ្យូងដ៏ទៃទៀត ក៏បានអោយដឹងដែរថា ដោយសារតែធ្វើស្រែមិនបាន គ្មានការងារធ្វើមានតែទៅធ្វើកម្មករនៅថៃ និងដោយសារតែមានការចំណេញតិចតួចផង ទើបពួកគាត់មិនព្រមចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ សុខចិត្តនៅជួបជុំប្រពន្ធកូន ទើបសម្រេចប្រកបរបរដុតធ្យូងនេះតែម្តង ៕ អ ពៅ

website_news/2016220302.txt · Last modified: 2017/02/28 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki