website_news:2016220404

ភាពតានតឹង និងជ្រួលច្របល់នៅច្រកទ្វារអន្តរជាតិដូង មានការថយចុះ

(http://bayontv.com.kh) 22/04/2016

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចច្រកទ្វារអន្តរជាតិដូងដែលស្ថិតក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង គឺលែងមានការកកស្ទះ ពីសំណាក់ពលករដែលសម្រុកចូលទៅធ្វើការនៅក្នុងប្រទេសថៃហើយ បន្ទាប់ពីមានភាពចលាចលនិងជ្រួលច្របល់ស្ទើរតែពេញមួយយប់ ដោយសារតែមានការផ្ទុះអាវុធពីសំណាក់យោធាថៃជាច្រើនគ្រាប់ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែមេសានៅក្នុងទឹកដីថៃត្រង់ចំណុចច្រកទ្វារអន្តរជាតិដូង មានពលកររាប់ពាន់ រាប់ម៉ឺននាក់ បានវិលត្រឡប់ចូលទៅធ្វើការនៅក្នុងប្រទេសថៃវិញ បន្ទាប់ពីពួកគេបានទៅចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅឯស្រុកកំណើតរៀងៗខ្លួនរួចមក ដែលបញ្ហានេះបានធ្វើអោយមានការកកស្ទះដោយសារតែភាគីថៃមានការផ្លាស់ប្ដូរបែបបទថ្មី ។

ប្រភពពីពលករទាំងនោះបាននិយាយថា កាលពីដើមគឺពលករអាចចូលទៅធ្វើការនៅក្នុងប្រទេសថៃបាន ដោយគ្រាន់តែមានប៉ាសស្ព័រ ឬក៏មានប័ណ្ណបរិផាស់ ( ប័ណ្ណដែលមានសុពលភាព ត្រឹមមួយសប្ដាហ៍ ) វាជាការស្រេច ប៉ុន្តែនៅថ្ងៃទី២១ខែមេសានេះ ភាគីថៃបានទទួលយក និងអនុញ្ញាតអោយតែពលករណាដែលមានប៉ាសស្ព័រតែប៉ុណ្ណោះទើបអាចចូលទៅបាន ដោយឡែកអ្នកដែលមានតែប័ណ្ណសប្ដាហ៍ គឺគេមិនអនុញ្ញាតអោយចូលឡើយ ទើបបង្កអោយមានការកកស្ទះនូវចំនួនពលកររាប់ពាន់ រាប់ម៉ឺននាក់បែបនេះ ។

លុះនៅយប់ថ្ងៃដដែល ខណៈដែលពលករកំពុងសម្រាកនៅក្នុងទឹកដីថៃយ៉ាងពពាក់ពពូននោះក៏ស្រាប់តែយោធាថៃមានការផ្ទុះអាវុធចំនួន៥គ្រាប់ រួចក៏នៅតែបន្តផ្ទុះយ៉ាងរប៉េះរប៉ោះ បន្ថែមទៀតដែលធ្វើអោយក្រុមពលករមានការជ្រួលច្របល់ និងរត់គេចខ្លួនចូលមកក្នុងទឹកដីកម្ពុជាវិញទាំងយប់ ហើយនៅពេលនោះដែរ សមត្ថកិច្ចកម្ពុជាទាំង៣ស្ថាប័នបានចុះទៅត្រួតពិនិត្យ និងសាកសួរនូវព័ត៌មាននេះ ជៀសវាងនូវការភ័ន្តច្រឡំ ។ នៅពេលនោះដែរ មេបញ្ជាការក្រុមយោធាឈុតខ្មៅ ដែលឈរជើងនៅក្បែរខ្សែបន្ទាត់ព្រំដែនបានចេញមកបកស្រាយបំភ្លឺថា សុំកុំអោយមានការភ្ញាក់ផ្អើល ការផ្ទុះអាវុធនេះ គឺដោយសារតែក្រុមតម្រួតថៃបានតាមប្រមាញ់រថយន្តដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនហើយឃាត់មិនព្រមឈប់ទើបកម្លាំងបានបាញ់ឡើងលើ ដើម្បីបញ្ជាអោយរថយន្តនោះបញ្ឈប់យាន ចំណែករូបលោកផ្ទាល់ក៏បានបញ្ជាទៅកម្លាំងអោយត្រៀមនូវអាវុធគ្រប់ដៃដើម្បីចេញពីបន្ទាយតាមមើលរឿងនេះដែរ ដែលធ្វើអោយមានការភ្ញាក់ផ្អើលដល់ក្រុមពលករខ្មែរតែម្ដង តាមពិតមិនមានអ្វីពាក់ព័ន្ធនឹងពលករនោះទេ ។

ប្រភពព័ត៌មានបានបញ្ជាក់ថានៅព្រឹកនេះមានការធូរស្រាលឡើងវិញដោយសារទេភាគីថៃយល់ព្រមទទួលយកប័ណ្ណបរិផាស់នេះវិញ ដោយតម្រូវអោយថៅកែក្រុមហ៊ុននីមួយៗមកធ្វើកិច្ចសន្យា និងធានាយកពលកររបស់ខ្លួនត្រឡប់ទៅធ្វើការនៅកន្លែងរបស់ខ្លួនវិញ ៕

website_news/2016220404.txt · Last modified: 2017/02/28 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki