website_news:2016220405

ក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន អាស៊ាន កំពុងរកមធ្យោបាយ រឹបអូសថវិកា ពីក្រុមឧក្រិដ្ឋជន ជួញដូរស្រ្តី និងកុមារ

(http://www.dap-news.com/kh) សុក្រ, ២២ មេសា ២០១៦ 13:41 ដោយ: ធៀម រតនៈ ID:055

ភ្នំពេញ៖ ក្រុមការងារឧក្រិដ្ឋកម្ម ឆ្លងដែនអាស៊ាន កំពុងរិះរកមធ្យោបាយ តាមផ្លូវច្បាប់ ដើម្បីរឹបអូសយកថវិកា ដែលពួកឧក្រិដ្ឋជន បានប្រយោជន៍ ពីការជួញដូរមនុស្ស ជាពិសេស ការជួញដូរស្រ្តី និងកុមារយក ទៅសងជំងឺចិត្តដល់ជនរងគ្រោះទាំងនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP)នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា លោក សៀង ឡាប្រេស្ស ទីប្រឹក្សា រាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន និងជាប្រធានកិច្ច ប្រជុំលើក ទី៣០ របស់ប្រធានអង្គភាព ឯកទេសប្រឆាំង អំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា “កំរៃដែលជនល្មើស បានទទួលពីការ ជួញដូរមនុស្ស នៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ គឺមានលក្ខណៈធ្ងន់ធ្ងរដែលក្នុង មួយឆ្នាំៗ ទឹកប្រាក់រាប់កោដិលានដុល្លារ ដែល រដ្ឋាភិបាលទាំងអស់ នៅលើពិភពលោក កំពុងរួមគ្នារិះរក យន្តការទប់ស្កាត់អំពើ ឧក្រិដ្ឋកម្មទាំងនេះ យ៉ាងខ្លាំងក្លា”។

លោកបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣០នេះ គឺប្រទេសសមាជិកអាស៊ានទាំង១០ បានផ្តោតសំខាន់ លើការបង្កើតយន្តការ ប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស ហើយរហូត មកដល់ពេលនេះ ប្រទេសអាស៊ាន បានលើកយក យន្តការសំខាន់ៗ មកពិភាក្សាប្តូរយោគបល់គ្នា ដែលសង្ឃឹមថា នឹងជួយឱ្យការអនុវត្ត អនុសញ្ញា ប្រឆាំងការជួញដូរមនុស្ស ស្ត្រី និងកុមារ ទទួលបានលទ្ធផលល្អប្រសើរ៕

website_news/2016220405.txt · Last modified: 2017/02/28 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki